ព័ត៌មានថ្មីៗ
recent

ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវអំពាវនាវអោយស្រ្តីមានផ្ទៃពោះនិងអាណាព្យាបាល យកកុមារតូចមកចាក់ថ្នាំបង្កានៅមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពរបស់រដ្ឋ


តាកែវ ៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីទិវាផ្ដល់ថ្នាំបង្ការពិភពលោក ក្រោមប្រធានបទ ( ការពារសហគមន៍យើង ដោយចាក់វ៉ាក់សាំង ) ដែលបានប្រារព្ឋធ្វើឡើងនៅមណ្ឌលសុខភាពរវៀង ស្ថិតនៅឃុំរវៀង ស្រុកសំរោង នៅព្រឹកថ្ងៃ សុក្រ ទី ២៧ ខែ មេសា ឆ្នាំ ២០១៨នេះ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវអោយស្រ្តីដែលមានផ្ទៃពោះនិងអាណាព្យាទាំងអស់ដែលមានកូនតូចៗ សូមយកកូនរបស់ខ្លួនមកចាក់វ៉ាក់សាំងនិងចាក់ថ្នាំបង្កាផ្សេងៗនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពរបស់រដ្ឋអោយបានទាន់ពេលវេលានិងដើម្បីកុំអោយមានបញ្ហាផ្សេងៗដល់ខ្លួនយើងផ្ទាល់និងកូនៗរបស់យើងនៅពេលដែលយើងមិនបានចាក់ថ្នាំបង្កា។
  លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានមានប្រសាសន៏បន្តថា ក្នុងរយះពេល ១ត្រីមាស ដើមឆ្នាំ ២០១៨នេះ នៅទូទាំងខេត្តតាកែវ មានស្ត្រីមានផ្ទៃពោះ ដែលបានមកទទួលសេវាចាក់ថ្នាំបង្ការ នៅតាមមណ្ឌលសុខភាព ក្នុងស្រុកប្រតិបតិ្តទាំង៦ មានស្រុកបាទី ស្រុកព្រៃកប្បាស ក្រុងដូនកែវ ស្រុកអង្គរបូរី ស្រុកគិរីវង់ ស្រុកកោះអណ្ដែត មានចំនួនសរុប ៤០១១នាក់ និងចុះផ្ដល់សេវាចាក់ថ្នាំបង្ការនៅតាមភូមិទូទាំងខេត្ត បានចំនួន ២៥៩៣នាក់។ ក្នុងនោះដែរ គិត១ត្រីមាស ដើមឆ្នាំ ២០១៨នេះ នៅទូទាំងខេត្តតាកែវ មានកុមារក្រោមអាយុ ១ឆ្នាំ ដែលបានមកទទួលសេវាចាក់ថ្នាំបង្ការ នៅតាមមណ្ឌលសុខភាព ក្នុងស្រុកប្រតិបតិ្តទាំង៦  ដោយបានផ្ដល់ ថ្នាំបង្ការរបង បានចំនួន ៤១៣៩នាក់ ថ្នាំបង្ការរលាគថ្លើមប្រភេទ B បានចំនួន ៤៣៧០នាក់ ថ្នាំបង្ការគ្រុនស្វិតដៃជើងទាំង៣លើក បានចំនួន ៨៧២២នាក់ ថ្នាំបង្ការភាពសាំពីកំណើត បានចំនួន ៣០២១នាក់ ថ្នាំបង្ការទាំង៥មុខ ( ខាន់ស្លាក់ ក្អកមាន់ តេតាណូស រលាកថ្លើមB រលាកសួតបណ្ដាលឲ្យរលាកស្រោមខួរក្បាលHib បានចំនួន ៨៧២២នាក់ ថ្នាំបង្ការរលាកសួត បណ្ដាលឲ្យរលាកស្រោមខួរក្បាល៣៧៤៥នាក់ ថ្នាំបង្ការជម្ងឺកញ្រ្ជិល ស្អូច បានចំនួន ៦៨៦៧នាក់ និងថ្នាំបង្ការរលាកស្រោមខួរក្បាល ២៣៥៧នាក់។
   លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានមានប្រសាសន៏បន្តថា ការចាក់ថ្នាំបង្កាសម្រាប់ស្រ្តីមានផ្ទៃពោះនិងការចាក់ថ្នាំបង្កាចំពោះកុមារពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើយើងមិនចាក់ថ្នាំបង្កាទេស្រ្តីមានផ្ទៃពោះនិងជួបនូវបញ្ហាជាច្រើនចំពោះសុខភាពរបស់ខ្លួននិងកូននៅក្នុងផ្ទៃ ដោយឡែកកុមារដែលមិនចាក់ថ្នាំបង្កាផ្សេងៗក៏និងជួបបញ្ហាជាច្រើនផងដែរចំពោះសុខភាពរបស់ពួកគេ។ នៅពេលដែលកុមារមានបញ្ហាសុខភាពវានិងធ្វើអោយក្រុមគ្រូសារខាតបង់ពេលវេលានិងថវិការសម្រាប់ព្យាបាលកូនរបស់ខ្លួន ដូច្នោះសូមស្រ្តីមានផ្ទៃពោះនិងបងប្អូនប្រជាពលរដ្ឋដែលមានកូនតូចសូមយកកូនរបស់ខ្លួនមកចាក់ថ្នាំបង្កានៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពរបស់រដ្ឋដែលជិតផ្ទះរបស់ខ្លួនកុំអាក់ខានអោយសោះ៕

No comments:

Powered by Blogger.