ព័ត៌មានថ្មីៗ
recent

លោកសាស្រ្តចារ្យ ធា គ្រុយ÷ ការតាមដានសុខភាពស្រ្ដីមុនសម្រាលបុត្រ និងក្រោយសម្រាលបុត្រ គឺកត្តាចំបាច់បំផុត សំរាប់គ្រប់បុគ្គលិកឆ្មបទាំងអស់ ដើម្បីជៀសផុតពីមរណៈភាពមាតានិងទារក

តាកែវ ៖ លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា អាយុជីវិតស្រ្តីឆ្លងទន្លេនិងទារកដែលទើបនិងកើត គឺពឹងលើក្រុមគ្រូពេទ្យឆ្មបដែលជាអ្នកបង្កើត ដូច្នោះពេទ្យឆ្មបទាំងអស់ត្រូវតែសិក្សាស្វែងយល់អោយបានច្បាស់លាស់មុននិងសម្រេចបង្កើតកូន ថាតើស្រ្តីសម្រាលកូនមានសុខភាពបែបណា មានជំងឺទឹកនោមផ្អែមដែលឬទេ?សំពាធឈាមយ៉ាងណា? ហើយតើក្រោយសម្រាលកូនរូចត្រូវចាក់ថ្នាំអ្វី?និងត្រូវបញ្ជូនទារកនិងម្ដាយទៅមន្ទីរពេទ្យណាដែលមានជំនាញច្បាស់លាស់នៅពេលពួកគេមានបញ្ហាធ្ងន់ធ្ងរ មុននិងក្រោយសម្រាល?។
ថ្លែងនៅចំពោះមុខក្រុមគ្រូពេទ្យឆ្មបរាប់រយនាក់នៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តសំរាប់ឆ្មប លើកទី០១ ដល់បុគ្គលិកឆ្មបនៅមន្ទីរពេទ្យបង្អែកខេត្ត និងគ្រប់មណ្ឌលសុខភាព នៅក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ ដែលបានប្រារព្ឋធ្វើឡើងនា​ព្រឹកថ្ងៃព្រហស្បត្តិ៍ ០៤ កើត ខែបុស្ស ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តតាកែវ។
លោកសាស្រ្តាចារ្យបានមានប្រសាសន៏បន្តថា ការយល់ដឹងបន្ថែមរបស់គ្រូពេទ្យឆ្មបវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយស្រ្តីឆ្លងទន្លេ អោយជៀសវាងពីមានគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសវានិងធ្វើអោយបងប្អូនប្រជាពលរដ្ឋដែលមានផ្ទៃពោះកាន់តែច្រើនឡើងមានជំនឿលើពេទ្យឆ្មបដែលមានជំនាញឯកទេសច្បាស់លាស់ ជាពិសេសទៅទៀតវា និងជម្រុញអោយអាត្រាអ្នកមកសម្រាលកូននៅមន្ទីរពេទ្យរដ្ឋ ឬនៅតាមមណ្ឌលសុខភាពរបស់រដ្ឋកាន់តែមានការកើនឡើងថែមទៀតជាក់ជាពុំខាន។
បើយោងតាមលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា អាត្រាស្រ្តីមកសម្រាលកូននៅមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាពរបស់រដ្ឋនៅក្នុងខេត្តតាកែវមានចំនួនប្រមាណ៧៦ភាគរយ ក្នុងនោះ ២៤ភាគរយទៀតពួកគេទៅសម្រាលកូននៅគ្លីនិកឯកជន។ ដោយនៅខេត្តតាកែវក្នុងមួយឆ្នាំៗមានស្រ្តីមានផ្ទៃពោះប្រមាណជាង២ម៉ឺននាក់ បានចូលមកសម្រាលកូននៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋ ដោយឡែកការសម្រាលកូនដោយឆ្មបបុរាណត្រូវបានលុបបំបាត់ទាំងស្រុងតែម្ដង។ អាត្រាចូលមកសម្រាលកូននៅមន្ទីរពេទ្យរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការកើនឡើង ហើយអាត្រាមរណៈចំពោះមាតានិងទារកក៏ត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាលផងដែរ៕

No comments:

Powered by Blogger.