ប្រធានមន្ទីរឧស្សាហកម្ម សិប្បកម្មខេត្តជម្រុញ និងណែនាំដល់ម្ចាស់សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ត្រូវផលិតយកតែទំនិញដែលមានគុណភាពជាធំ
តាកែវ៖ថ្លែងក្នុងពិធីផ្សព្វផ្សាយប្រកាសលេខ១០៧ ស្ដីពីការកំណត់សញ្ញាផលិតផលកម្ពុជាមានគុណភាព ដល់ម្ចាស់សហគ្រាស និងម្ចាស់សិប្បកម្មធុនតូច មធ្យម នៅទូទាំងខេត្តតាកែវ ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៧ នៅឯសាលប្រជុំមន្ទីរ លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តតាកែវ បានជម្រុញ និងណែនាំដល់ម្ចាស់សហគ្រាស និងសិប្បកម្មទាំងអស់នៅក្នុខេត្ត គឺផលិតយកតែគុណភាពមានស្តង់ដារ អនាម័យ និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីអាចប្រកួតប្រជែងលើទីផ្សារក្នុងតំបន់ និងពិភពលោក ។
លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្មខេត្តបន្តថា ការកំណត់យកចំណុចគុណភាព ស្តង់ដារ អនាម័យ និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ គឺទាមទារឲ្យម្ចាស់សិប្បកម្មទាំងអស់ មានឆន្ទះចូលរួមអនុវត្ត នូវ ប្រកាសលេខ១០៧ ស្តីពីការកំណត់សញ្ញាផលិតផលកម្ពុជា មានគុណភាពឲ្យបានខ្ពស់ ព្រោះប្រកាសនេះបញ្ជាក់ថា ផលិតផលរបស់សិប្បករ ដែលមានស្លាកសញ្ញាថា ជាផលិតផលកម្ពុជាមានគុណភាព គឺអាចចរាចរណ៍បានទូទាំងប្រទេស និងលើទីផ្សារអន្តរជាតិ ពិសេសប្រទេសក្នុងអាស៊ាន ហើយសញ្ញានេះដែរក៍ដើម្បីបញ្ជាក់ពីទំនុកចិត្តដល់អ្នកប្រើប្រាស់ផងដែរ ។
លោកប្រធានមន្ទីរបន្ថែមថា យុទ្ធសាស្រ្តរបស់មន្ទីរគឺចង់ឲ្យសិប្បករ ក៍ដូចជាម្ចាស់សិប្បកម្មនៅក្នុងខេត្តតាកែវ គឺផលិតយកតែផលិតផល ដែលមាន ស្តង់ដារ អនាម័យ និងយកគុណភាពជាធំ សម្រាប់ធ្វើការប្រកួតប្រជែងលើទីផ្សារមិនថាតែក្នុងស្រុក ក្នុងតំបន់នោះទេ តែសំខាន់គឺត្រូវទាមទារឲ្យពួកគាត់មានលក្ខណៈបច្ចេកទេសជាមុនសិន ទើបអាចសម្រេច ផែនការនេះបាន ប៉ុន្តែយើងនៅតែជួបបញ្ហាប្រឈមចំពោះសិប្បករនៅក្នុងខេត្ត គឺទុន ឬដើមរកស៊ីរបស់ពួកគាត់នៅមានកម្រិតនៅឡើយ លក្ខណៈបច្ចេកទេសក៍នៅទុនខ្សោយ ដែលទាមទារឲ្យមានការបណ្តុះបណ្តាលពួកគាត់ថែមទៀត ហើយឆ្លៀតពេលនេះដែរ ក៍យើងបានធ្វើការពន្យល់បន្ថែមពីលក្ខណៈបច្ចេកទេសនៃការផលិត ធ្វើយ៉ាងម៉េចឲ្យមានស្តង់ដារ អនាម័យ និងគុណភាពជាចម្បង និងរបៀបវេចខ្ជប់ឲ្យបានល្អ ត្រឹមត្រូវ ។
បើតាមលោក កេត ព្រុង ថ្ងៃខាងមុខមន្ទីរនឹងបន្តជួយទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ដល់ពួកគាត់ ហើយបើសិនជាមន្ទីរខ្វះបច្ចេកទេសទៀតនោះគឺនឹងស្នើសុំទៅខាងក្រសួងដើម្បីចុះមកបណ្តុះបណ្តាលពីបច្ចេកទេសនេះឲ្យត្រឹមត្រូវ និងយកជាការបាន ដើម្បីឲ្យពួកគាត់មានលទ្ធភាពរឹងមាំ ពង្រីកសិប្បកម្ម អាជីវកម្មខ្លួនឲ្យកាន់តែរីកចម្រើនបន្តទៀត ពិសេស គឺលើកកម្ពស់ផលិតផលឲ្យស្មើគ្នាមិនថាតែក្នុងស្រុក និងអាស៊ាននោះទេ ព្រមទាំងជួយឲ្យពួកគាត់នៅតែ ប្រកបមុខជំនាញអាជីវកកម្ម ឬសិប្បកម្មនេះមិនឲ្យដួលរំលំ ។ ដោយឡែកចំពោះកញ្ញា ឌុច កញ្ញារី តំណាងក្រុមហ៊ុនហ្គោលដិនដូនកែវរ៉ាយ បានធ្វើការប្តេជ្ញា ថានឹងផលិតអង្ករដែលមានអនាម័យ និងមានគុណភាពជាចម្បងស្របទៅតាមបទដ្ឋានបច្ចេកទេសដែលចេញដោយមន្ទីរ និងក្រសួងឧស្សាហកម្ម សិប្បកម្ម និងធានា ការទុកចិត្តពីអតិថជនក្នុងការទិញអង្ករយកទៅបរិភោគដោយមិនប៉ះពាល់សុខភាព ពិសេសគឺធ្វើការប្រកួតប្រជែងលើទីផ្សារប្រកបដោយលក្ខណៈត្រឹមត្រូវ ស្តង់ដារគ្រប់គ្រាន់៕
No comments: