ព័ត៌មានថ្មីៗ
recent

អភិបាលខេត្តតាកែវនឹងប្រើធម៌ក្តៅលើមេប៉ុស្តិ៍ និងអធិការគ្រប់ក្រុងស្រុក រឿងបង្រ្កាប​គ្រឿងញៀនក្នុងមូលដ្ឋានខ្លួនមិនបាន

តាកែវ៖ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានធ្វើការព្រមាន និង​ចាត់​វិធានការណ៍ក្តៅដល់មេប៉ុស្តិ៍ និងអធិការនគរបាលក្រុង ស្រុក ទូទាំង​ខេត្តតាកែវ បើ​សិន​ជាមន្រ្តីនគរបាលខេត្ត ចុះមក​បង្ក្រាប​ករណី​ជួញ​ដូរ និង​ប្រើ​ប្រាស់គ្រឿង​ញៀន​នៅ​មូល​ដ្ឋាន​របស់ខ្លួន សូមចុះចេញ ពីតំណែង​ដោយ​ខ្លួ​ន​ឯងឲ្យអស់ទៅ ។
ការថ្លែង​ព្រមាន​ធ្ងន់ៗបែបនេះ ធ្វើឡើងក្នុងខណៈពេល​ដែល​ឯកឧត្តម បាន​អញ្ជើញ​​ចូលរួម​ក្នុងពិធិ កាត់​ឬស​សីមា និងសមិទ្ធិផល​នានា​ក្នុងវត្តបន្ទាយកោះជុំ ស្ថិត​នៅ​ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៨ កុម្ភៈ ២០១៧ ។
ឯកឧត្តម ឡាយ វណ្ណៈ មានប្រសាសន៍បន្តថា នៅពេលដែលប្រជា​ពល​រដ្ឋ​មក​ប្តឹង​កម្លាំងមានសមត្ថកិច្ចអំពីករណីជួញដូរ និងប្រើប្រាស់គ្រឿង​ញៀននៅ​មូលដ្ឋាន​របស់​ពួកគាត់ ហើយកម្លាំងមូលដ្ឋានដូចជាមេប៉ុស្តិ៍ និងអធិការស្រុកបង្រ្កាបមិនបាន ហើយ​កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត ចុះមកបង្ក្រាបនៅប៉ុស្តិ៍២ដងនោះ សូម​លោក​មេប៉ុស្តិ៍លាលែងចេញពីតំណែង ដោយខ្លួនឯង ហើយអធិការនគរបាលក្រុង ស្រុកក៍​ដូចគ្នាដែរ បើសិនជា​កម្លាំងខេត្តចុះមកបង្ក្រាប៥ដង ឯកឧត្តមនឹងធ្វើសំណើទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការស្នើផ្លាស់ប្តូរអធិការនោះចោលភ្លាម ដោយមិនទុកនាំឲ្យ ប្រជាពលរដ្ឋគ្មានជំនឿលើកម្លាំងសមត្ថកិច្ចខេត្តតាកែវនោះឡើយ ។

ឯកឧត្តម ឡាយ វណ្ណៈ បន្ថែមទៀតថា ជាធម្មតានោះទេ ការផ្លាស់ប្តូរ និងការ តែងតាំងមន្រ្តីរាជការ ហើយចំពោះមន្រ្តីណាដែលអសកម្មចំពោះការងារ ជាពិសេស គឺបញ្ហាគ្រឿងញៀន ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការប្រយុទ្ធប្រឆាំង គ្រឿងញៀនលើកទី១ យើងត្រូវតែបង្រ្កាបឲ្យខានតែបាន ដោយមិនត្រូវបណ្តែត​បណ្តាយទុកយូរតទៅទៀតបានទេ ដូច្នោះសូមកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវតែធ្វើការបង្រ្កាប និងទទួលយកការសំណូមពរ ក៍ដូចជាពាក្យបណ្តឹងពីករណីគ្រឿងញៀន នេះហើយទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ៕

No comments:

Powered by Blogger.