ព័ត៌មានថ្មីៗ
recent

ពន្ធនាគារខេត្តតាកែវ កំពុងតែផ្ទុកអ្នកទោសលើសចំណុះយ៉ាងច្រើនលើសលប់

តាកែវ ៖ មន្រ្តីជាន់ខ្ពស់ខេត្តតាកែវ បានថ្លែងឲ្យដឹងថា ខណៈពេលដែលយុទ្ធនាការក្ដៅ ប្រយុទ្ធប្រឆាំងគ្រឿងញៀនកំពុងតែធ្វើឡើង អ្នកដែលពាក់ព័ន្ធទៅ និងគ្រឿងញៀនប្រមាណជាង២រយនាក់ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ។ ចំនួនដ៏ច្រើននេះបានធ្វើអោយពន្ធនាគារខេត្តតាកែវ ដែលមានសភាពចាស់ទ្រុឌទ្រោមហើយ ដែលអាចផ្ទុកអ្នកទោសតែជាង២រយនាក់នោះ បានកើនឡើងអ្នកទោសរហូតដល់ ជាង៥រយនាក់នាពេលបច្ចុប្បន្ននេះ។
  ថ្លែងនៅក្នុងកិច្ចប្រជុំ ជាមួយមន្រ្តីពាក់ព័ន្ធទៅ និងយុទ្ធនាការប្រឆាំងគ្រឿងញៀនមួយចំនួន នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៦នេះនៅសាលាខេត្តតាកែវ លោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ បានថ្លែងឲ្យថា ក្នុងរយៈពេលប្រមាណជាង១ខែ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ សមត្ថកិច្ចបានចុះអនុវត្តន៏ច្បាប់ដោយបង្រ្កាបបាន២៩ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន៩១នាក់ រួមនិងវត្ថុតាងជាគ្រឿងញៀន និងមធ្យោបាយប្រើប្រាស់មួយចំនួនទៀត។ ជនសង្ស័យមួយចំនួន ត្រូវបានបញ្ជូនទៅព្យាបាលនៅមជ្ឈមណ្ឌលស្ដារយុវនីតិសប្បទា និងមួយចំនួនទៀត ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមច្បាប់។ រហូតមកដល់ពេលនេះ ទណ្ឌិត ជនត្រូវចោទ ពាក់ព័ន្ធទៅនិងគ្រឿងញៀនដែលកំពុងតែឃុំខ្លួននៅក្នុងពន្ធនាគារខេត្តតាកែវ មានរហូតដល់ជាង២រយនាក់ បូករួម និងអ្នកទោសដែលមានទោសបទល្មើសផ្សេងៗទៀត ធ្វើអោយអ្នកទោសនៅក្នុងពន្ធនាគារខេត្តតាកែវ មានការកើនឡើងរហូតដល់ជាង៥រយនាក់។
  លោកអភិបាលរងខេត្តតាកែវ បានមានប្រសាសន៏បន្តថា អាជ្ញាធរខេត្តក៏កំពុងតែព្រួយបារម្ភផងដែរ នៅកន្លែងឃុំខ្លួនអ្នកពាក់ព័ន្ធនិងគ្រឿងញៀន ខណៈពេលដែលពន្ធនាគារខេត្ត កំពុងតែផ្ទុកអ្នកទោសដ៏ច្រើនលើសចំណុះ ហើយម្យ៉ាងទៀតយុទ្ធនាការប្រឆាំងគ្រឿងញៀន កំពុងតែធ្វើសកម្មភាព យ៉ាងផុលផុសដែលនិងមានការឃាត់ខ្លួនអ្នកជួញដូរ អ្នកចែកចាយបន្តទៅទៀត ដើម្បីយកទៅផ្តន្ទាទោសទៅតាមច្បាប់៕

No comments:

Powered by Blogger.