ព័ត៌មានថ្មីៗ
recent

មន្រ្តីកាំកុងត្រូលខេត្តតាកែវ រកឃើញទំនិញខូចគុណភាពជាច្រើនមុខ នៅផ្សារត្រពាំងអណ្តើក

តាកែវ៖នៅព្រឹកថ្ងៃទី ១៦ កុម្ភៈ ២០១៧នេះ មន្រ្តីជំនាញ​កាំកុង​ត្រូល​បាន​បន្ត​ចុះ​ត្រួតពិនិត្យ និងធ្វើការដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ​ប្រើ​ប្រាស់​ ​ជាប្រភេទទឹកក្រូច ទឹកស៊ីអ៊ឹវ ទឹកត្រីម្ទេស បន្ទាប់ពីមន្រ្តីជំនាញបានរក​ឃើញ នៅ​ឯ​ផ្សារ​ត្រពាំងអណ្តើក ក្នុង​ស្រុក​ត្រាំ​កក់ ខេត្តតាកែវ ។
          លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត ដែលបានដឹកនាំមន្រ្តី​ជំនាញ​សហការនឹងមន្ទីរពិាជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញនៅទីផ្សារខាងលើ បាន​ថ្លែង​ឲ្យដឹងថា មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ នៅតែបន្តយុទ្ធនាការក្នុង​ការចុះត្រួតពិនិត្យ និងនៅតែបន្តដកហូតទំនិញនៅតាមទីផ្សារនានាក្នុងខេត្ត មិនថា នៅទីណានោះទេឲ្យតែចរាចរណ៍ នឹងឲ្យតែមានទំនិញខូចគុណភាព ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់ គ្មានស្តង់ដារត្រឹមត្រូវដូចជាកំប៉ិត និងច្រេះកំប៉ុងជាដើម ។
          លោក ប៉ោ លាងគង់ បន្តថា នៅក្នុងការចុះត្រួតពិនិត្យទំនិញក្នុងថ្ងៃនេះ មន្រ្តី ជំនាញរបស់យើងបានរកឃើញនូវប្រភេទទឹកក្រូចដបធំ ចំណុះ៣.១លីត្រ​ចំនួន​១៨ដប ទឹកស៊ីអ៊ឹវ៤ដប និងទឹកត្រីម្ទេស២ដប​ ដែលសុទ្ធតែហួសកាលកំណត់ប្រើ​ប្រាស់ និងគ្មានគុណភាព ហើយទំនិញប្រភេទនេះគឺមន្រ្តីជំនាញធ្វើសម្រេចដកហូត យកមករក្សាទុកដើម្បីធ្វើការបំផ្លាញចោលតាមនីតិវិធីច្បាប់ ព្រមទាំងធ្វើការអប់រំ ណែ​នាំដល់ម្ចាស់ទំនិញឲ្យឧស្សាហ៍ មើលកាលបរិច្ឆេទប្រើប្រាស់ទំនិញដែលខ្លួន​ដាក់តាំងលក់ជៀសវាងទំនិញដែលហួសកាលកាលកំណត់ នៅពេលដាក់លក់ជូន ប្រជាពលរដ្ឋ ។
          លោកប្រធានសាខាកាំកុងត្រូលខេត្ត បន្ថែមទៀតថា ក្រៅតែពីការត្រួតពិនិត្យ មើលពីគុណភាពទំនិញនោះ មន្រ្តីរបស់លោកក៍បានធ្វើត្តេសបឋមផងដែរទៅលើ ប្រហិតសាច់គោ បាតតេ និងបន្លែខ្ចី គល់ស្លឹកជ្រៃដើម្បីរកសារធាតុគីមីហាមឃាត់ ប៉ុន្តែជាលទ្ធផលគឺរកពុំឃើញសារធាតុគីមីនោះទេ ម្យ៉ាងទៀតក្នុងការចុះពិនិត្យនេះ យើងក៍នៅតែផ្តោតជាសំខាន់ទៅលើស្ករត្នោតដែលកែច្នៃចេញពីស្ករស ដែល​មាន​ប្រភពមកពីស្រុកបាទី ថាតើនៅ​មាន​ចរាចរណ៍លើទីផ្សារខេត្តតាកែវឬយ៉ាងណា ។

          ជាមួយគ្នានេះដែរ លោក ប៉ោ លាងគង់ ក៍បានធ្វើការអំពាវនាវទៅដល់បង​ប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវករ សូមជួយបន្តសហការជាមួយនឹងមន្រ្តីជំនាញកាំ កុងត្រូលក្នុងការទប់ស្កាត់ ​និងបង្ក្រាបនូវទំនិញអន់គ្មានគុណភាព មានសារធាតុគីមី និងហួស កាលកំណត់ប្រើប្រាស់ ដែលវាធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ​យ៉ាង​ធ្ងន់​ធ្ងរ ៕

No comments:

Powered by Blogger.