ព័ត៌មានថ្មីៗ
recent

ប្រធានមន្ទីរព័ត៌មានខេត្តជម្រុញដល់ប្រព័ន្ធផ្សព្វផ្សាយទាំងវិទ្យុ និងទូរទស្សន៍ខ្សែកាប្លិ៍ក្នុងខេត្តបង្កើនការផ្សាយពីគ្រោះថ្នាក់នៃការប្រើគ្រឿនញៀន

តាកែវ៖លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានធ្វើការជំរុញដល់ប្រព័ន្ឋផ្សព្វផ្សាយ ទាំងស្ថានីយ៍វិទ្យុឯកជន និងទូរទស្សន៍ខ្សែកាប្លិ៍ នៅក្នុងខេត្តទាំងអស់ បង្កើនការផ្សព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់ គ្រឿងញៀន ។

ការជំរុញនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកអញ្ជើញបើកកិច្ចប្រជុំផ្សព្វ ផ្សាយផែនការស្ដីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី០១ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ជាមួយនឹងមន្រ្តីរាជការក្រោមឱវាទមន្ទីរ និងបណ្ដាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខ្សែកាប្លិ៍  ឯកជនក្នុងខេត្តទាំងអស់ ។
លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្ត បន្តថា ដើម្បីចូលរួមអនុវត្តនូវយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០១ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ឲ្យអនុវត្តទូទាំងប្រទេសឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងនាមយើងជាអ្នកផ្សព្វផ្សាយតាមរលកធាតុអាកាស យើងត្រូវតែផ្សព្វផ្សាយឲ្យបាន ទូលំទូលាយ ហើយចំពោះអ្នកអត្ថាធិប្បាយវិទ្យុ ពេលដល់ម៉ោងត្រូវនិយាយ ក៍ត្រូវតែបញ្ជូលសារអប់រំ ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ទៅដល់ប្រិយមិត្តអ្នកស្តាប់ផងដែរ ពិសេសនោះគឺខាងទូរទស្សន៍ខ្សែកាប្លិ៍ក្នុងខេត្តក៍ត្រូវចាក់ក្នុងម៉ោងរបស់ខ្លួនឲ្យបានញឹកញ៉ាប់។

លោកប្រធានមន្ទីរព័ត៌មាន បន្ថែមទៀតថា បញ្ហាគ្រឿងញៀននេះ វាជាបញ្ហាដែលយើងទាំងអស់គ្នាត្រូវតែចូលរួមសហការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងគ្រប់ វិធីសាស្រ្តតាមដែលអាចធ្វើបាន ដើម្បីឲ្យស្រទាប់មហាជន ពិសេសយុវជន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀននេះ ម្យ៉ាងទៀតខាងវិទ្យុឯកជនក៍ត្រូវតែអានព័ត៌មានដែលទាក់ ទងនឹងការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះឲ្យបានច្រើនដង ។

លោក អៀម ថៃ បន្តទៀតថា លោកនឹងចុះត្រួតពិនិត្យដោយខ្លួនឯង តាមវិទ្យុ ឯកជនទាំងអស់ក្នុងខេត្ត ពីកម្មវិធីម៉ោងផ្សាយរបស់ខ្លួន ថាតើបានផ្សព្វផ្សាយពីបញ្ហា គ្រឿងញៀននេះបានទូលំទូលាយដល់កម្រិតណា ដើម្បីឲ្យអ្នកស្តាប់បានយល់ដឹង និងរួមគ្នាទប់ស្កាត់ បង្ការ និងបង្រ្កាបគ្រឿងញៀននេះកុំឲ្យកើតមានឡើងក្នុងមូលដ្ឋាន របស់យើងដាច់ខាត ៕

No comments:

Powered by Blogger.