ប្រជាពលរដ្ឋខេត្តតាកែវ កាន់តែច្រើនឡើងដែលមានបញ្ហាសុខភាព បានទៅរកសេវាព្យាបាលរបស់រដ្ឋ
តាកែវ ៖ មន្រ្តីជាន់ខ្ពស់របស់មន្ទីរសុខភាបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋក្នុងខេត្តតាកែវ កាន់តែច្រើនឡើងដែលមានបញ្ហាសុខភាព បាននាំគ្នាទៅរកសេវាព្យាបាលរបស់រដ្ឋ។ ការងាកមករកសេវាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋបែបនេះ គឺបន្ទាប់ពីសេវាសុខភាពរបស់រដ្ឋ កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកវេជ្ជ. នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៏ប៊ីធីវីតាមទូរស័ព្ទ នៅថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ២០១៧នេះថា ក្នុងរយៈពេលមួយឆ្នាំ២០១៦នេះ មន្ទីរពេទ្យរបស់រដ្ឋ ដែលមានមណ្ឌលសុខភាពតាមឃុំ និងមន្ទីរពេទ្យបង្អែកនៅតាមក្រុង ស្រុកបានព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋបានចំនួនជិត៨សែនករណី ដោយក្នុងនោះសម្រាកព្យាបាលចំនួនជិត៤ម៉ឺននាក់ និងជាសះស្បើយចំនួនជាង៣ម៉ឺន៦ពាន់នាក់។ ដោយឡែកស្រីមកពិនិត្យផ្ទៃពោះនិងនិងមកឆ្លងទន្លេនៅមន្ទីរពេទ្យរដ្ឋ មានចំនួនជាង៨ម៉ឺននាក់ហើយអត្រាមណៈភាពមាតា និងទារកមានគឺមានតិចតួចបំផុត។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានមានប្រសាសន៏បន្តថា កន្លងមកប្រជាពលរដ្ឋក្នុងខេត្តមួយចំនួនដែលមានបញ្ហាសុខភាពហើយតែងតែទៅព្យាបាលនៅប្រទេសវៀតណាមនោះ ក៏បានងាកមកសេវាព្យាបាលរបស់រដ្ឋផងដែរ។ បើតាមស្ថិតតិដែលផ្ដល់ដោយភាគីវៀតណាម គឺមានប្រជាពលរដ្ឋដែលទៅព្យាបាលជំងឺនៅប្រទេសវៀតណាមមានចំនួនប្រមាណជា៣ពាន់នាក់នៅឆ្នាំ២០១៥ និងមានតែ២ពាន់នាក់ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៦នេះ។ ហើយមូលហេតុដែលនាំអោយប្រជាពលរដ្ឋងាកមករកសេវាព្យាបាលរបស់រដ្ឋ គឺបណ្ដាលមកពីសេវារដ្ឋកាន់តែល្អប្រសើរ មានឧបករណ៍គ្រប់គ្រាន់ មានរថយន្តសង្គ្រោះជាច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញជាពិសេសតម្លៃសេវាគឺមានតម្លៃថោក។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋក្នុងខេត្តដែលមានបញ្ហាសុខភាព សូមមករកសេវាព្យាបាលរបស់រដ្ឋហើយប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រប្រភេទ១ និង២ គឺមិនតម្រូវអោយបង់ថ្លៃសេវាព្យាបាលនោះទេ ពោលគឺយើងមានមូលនិធិសមធម៌របស់រាជរដ្ឋាភិបាលជាអ្នកបង់ប្រាក់ជំនួស៕
ប្រភពដោយ BTVNews
No comments: