ទិន្នផលបង្កងក្នុងខេត្តតាកែវមានការកើនឡើងជាង១០ភាគរយនៅក្នុងឆ្នាំ២០១៦នេះ
តាកែវ ៖ ទិន្នផលបង្កងដែលរកបានតា មការនេសាទជាលក្ខណៈគ្រូសារ របស់បងប្អូនប្រជានេសាទក្នុងស្រុកអង្គបូរីនិងស្រុកបូរីជលសារ ក្នុងរយៈពេលរដួវទឹកឡើងក្នុងឆ្នាំ២០១៦នេះ រកបានបង្កងធម្មជាតិចំនួន៧៣តោន ពោលគឺមានការកើនឡើងប្រមាណ១៤ភាគរយបើប្រៀបធៀបនិងឆ្នាំ២០១៥កន្លងមក។
លោក សៅ កុសល នាយខ័ណ្ឌរដ្ឋបាលខេត្តតាកែវបានថ្លែងឲ្យដឹងនៅថ្ងៃទី ១០ មករា ២០១៧ តាមទូរស័ព្ទថា នៅក្នុងឆ្នាំ២០១៦នេះទិន្នផលបង្កងរួមទាំងត្រីដែលបងប្អូនប្រជានេសាទយើងបានរកតាមលក្ខណៈគ្រូសារ ពិតជាមានការកើនឡើងពិតប្រាកដមែន ។ មូលហេតុនៃទិន្នផលបង្កងរួមនិងត្រីមានការកើនឡើង គឺបណ្ដាលមកពីទឹកនៅក្នុងឆ្នាំនេះមានកម្ពស់ខ្ពស់ជាងឆ្នាំមុន។ នៅឆ្នាំ២០១៥កន្លងទិន្នផលបង្កងមានចំនួនតែ៦១ តោនប៉ុណ្ណោះ រីឯទិន្នផលត្រីមានចំនួន២ពាន់១រយតោន ដោយឡែកនៅក្នុងឆ្នាំ២០១៦នេះយើងរកបង្កងបានចំនួន៧៣តោន និងត្រីបានជិត៣ពាន់តោន។
លោកនាយខ័ណ្ឌរដ្ឋបាលជលផលខេត្តតាកែវបានមានប្រសាសន៏បន្តថា ការរកបានត្រីនិងបង្កងដ៏ច្រើននេះវាពិតជាបានជួយលើកស្ទួយជីវភាពបងប្អូន ប្រជាកសិករយើងអោយមានកម្រឹតជីវភាពកាន់តែល្អប្រសើរឡើង ព្រោះតម្លៃបង្កងលេខ១មានតម្លៃខ្ពស់រហូតដល់៤០ដុល្លាក្នុងមួយគីឡូ។ ម្យ៉ាងទៀតបង្កងខេត្តតាកែវពិតជាមានភាពល្បីល្បាញថាមានរសជាតិឆ្ងាញ់ហើយភ្ញៀវទេសចរណ៏ដែលមកកម្សាន្តនៅក្នុងខេត្តតាកែវតែងតែចង់ភ្លក់រសជាតិបង្កង។
លោក សៅ កុសល បានសំដែងនូវក្ដីរំពឹងថា នៅឆ្នាំ២០១៧នេះប្រសិនបើទឹកនៅតែធំដូចឆ្នាំ២០១៦នោះ ទិន្នផលបង្កងនិងទិន្នផលត្រីនៅក្នុងខេត្តតាកែវពិតជានិងមានការកើនឡើងថែមទៀតជាក់ជាពុំខាន។ ហើយដើម្បីអោយកំណើនបង្កងនិងត្រីមានការកើនឡើង មន្រ្តីជំនាញជលផលនិងប្រឹងប្រែងអភរក្សព្រៃលិចទឹកសម្រាប់ត្រីពង និងរួមសហការជាមួយកំលាំងសមត្ថកិច្ចដើម្បីចុះបង្រ្កាបបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់មិនអោយមានកើតឡើងបន្តទៅទៀតនោះទេ៕




No comments: