មន្ទីរសាធារណៈការខេត្តតាកែវក្នុងឆ្នាំ២០១៦ ផ្តល់ប័ណ្ណបើកបរបាន២៨៨៩ប័ណ្ណ និងចុះបញ្ជីយានយន្ត៦១២គ្រឿង រថយន្តចង្កូតស្តាំ២៦៧គ្រឿង
តាកែវ៖ ក្នុងរយៈពេល១ឆ្នាំ២០១៦ កន្លងទៅនេះមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានផ្តល់ប័ណ្ណបើកបររថយន្តសរុបចំនួន ២៨៨៩ប័ណ្ណ បើបៀបធៀបនឹងឆ្នាំ២០១៥ ការផ្តល់ប័ណ្ណបើកបររថយន្តបាន តែចំនួន ៥៦៨ប័ណ្ណ កើនលើសរហូតដល់២៣២១ប័ណ្ណ ស្មើនឹង ៥០៨ ភាគរយ ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី ០៦ មករា ២០១៦ លោក អ៊ុំ ចាន់ធូ អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ទទួលបន្ទុកលើផ្នែកចុះបញ្ជីយានយន្ត និងផ្តល់ ប័ណ្ណបើកបរថា ចាប់តាំងពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់អនុវត្ត និងរឹតបន្តឹងនៅឆ្នាំ២០១៦នៅទូទាំង ប្រទេសនោះ បងប្អូនប្រជាពលរដ្ឋបានភ្ញាក់រំលឹក និងនាំគ្នាចូលរួមគោរព និងអនុវត្តច្បាប់នេះ ពិសេសនោះ គឺការមកប្រឡងយកប័ណ្ណបើកបរ ។
លោក អ៊ុំ ចាន់ធូ បានបន្ថែមទៀតថា ដោយសារតែមានការយល់ដឹង និងចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ពីសំណាក់ប្រជាពលរដ្ឋ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៦ មន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្ត បានផ្តល់ប័ណ្ណបើកបរយ៉ាងច្រើនហួសពីការរំពឹងទុក ដែលអត្រាភាគរយគឺកើនដល់៥០៨ភាគរយលើ១០០ ភាគរយ ស្មើនឹង២៨៨៩ប័ណ្ណ ហើយដោយឡែកចំពោះការចុះបញ្ជីយានយន្ត(ធ្វើសាកលេខយានយន្ត) ក្នុង រយៈពេល១ឆ្នាំ២០១៦ បាន ចំនួន ៦១២គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ កើនលើស ២៨៣គ្រឿង ស្មើនឹង ១៨៦ភាគរយ ហើយក្នុងនោះយើងក៍បានចុះបញ្ជីរថយន្តចង្កូតស្តាំសរុប២៦៧គ្រឿង និងចុះបញ្ជីតាមប្រព័ន្ធអនឡាញ២០គ្រឿង ។
នេះជាភាព ជោគជ័យមួយដែលប្រជាពលរដ្ឋបានភ្ញាក់រំលឹកក្នុងការចូលរួមអនុវត្តច្បាប់ចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ និងល្មើសច្បាប់ចរាចរណ៍ ។លោកអនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក៍បានអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធិភាពខ្ពស់ ហើយ រាល់ការបញ្ជាយានយន្តលើដងផ្លូវ ត្រូវចេះយោគយល់ និងអធ្យោស្រ័យឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេសរបស់យើងក្លាយជាប្រទេសដែលមានប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានច្រើនជាងបណ្តាលប្រទេសដទៃទៀត ៕







No comments: