អភិបាលខេត្តតាកែវអំពាវនាវអោយយុវជនជំនាន់ក្រោយចងចាំថ្ងៃប្រវត្តិសាស្រ្ត ៧ មករា
តាកែវ ៖ នៅក្នុងឱកាសអញ្ជើញចូលរួមនៅក្នុងពិធីអបអសាទរថ្ងៃជ័យជំនះ ៧ មករា ១៩៧៩-២០១៧ ខួបលើកទី៣៨ នៅក្នុងខេត្តតាកែវនៅព្រឹកថ្ងៃ សៅរ៏ ទី ៧ ខែ មករា ឆ្នាំ ២០១៧នេះ អភិបាលខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ បានធ្វើការអំពាវនាវអោយយុវជនជំនាន់ក្រោយទាំងអស់ត្រូវតែសិក្សានិងចងចាំថ្ងៃប្រវត្តិសាស្រ្តនេះអោយបានគ្រប់គ្នាៗ។
ថ្លែងនៅចំពោះមុខក្រុមប្រជាពលរដ្ឋ មន្រ្តីរាជការនិងសិស្សានុសិស្សប្រមាណ៧ពាន់នាក់ដែលបានចូលរួមនៅក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៏ថា ប្រទេសកម្ពុជាយើងចាប់តាំងពីចក្រ ភពអង្គដួលរលំមក បានចាប់ផ្ដើមចុះទន់ខ្សោយដោយសារតែសង្រ្គាមផ្ទៃក្នុង និងមានការចូលមកឈ្លានពានពីប្រទេសជិតខាងរបស់យើង។ បើយើងសិក្សាពីប្រវត្តិសាស្រ្តប្រទេសទាំងអស់នៅលើពិភពលោក គឺគ្មានប្រទេសណាមួយដូចកម្ពុជានោះទេ ដែលមានរបបដឹកនាំមួយដែលបានកាប់សំលាប់ជាតិសាស្រ្តឯងដូចរបបខ្មែរក្រហមបានដឹកនាំប្រទេស ដែលបានកាប់សំលាប់ប្រជាជនខ្លួនឯងអស់ជាង៣លាននាក់។ នៅក្នុងសង្គ្រាមលោកលើកទី២ពួកណាស៊ីអាល្លឺម៉ង់មិនបានសំលាប់ជាតិសាសន៏ឯងនោះទេ ពួកគេសំលាប់តែជនជាតិជិព្វតែប៉ុណ្ណោះ។
ឯកឧត្តមអភិបាលខេត្ត ឡាយ វណ្ណៈ បានមានប្រសាសន៏បន្តថា ដើម្បីកុំអោយដានប្រវត្តិសាស្រ្តដ៏អាក្រក់នេះបន្តកើតមានឡើងនៅលើប្រទេសកម្ពុជាយើងតទៅទៀត គម្បីយុវជនជំនាន់ក្រោយទាំងអស់សិក្សានិងចងចាំពីប្រវត្តិសាស្រ្តប្រទេសយើងអោយបានច្បាស់លាស់ ថាហេតុអ្វីបានជាកើតមានរបបខ្មែរក្រហមកាប់សំលាប់ប្រជាជនខ្លួនឯងហើយហេតុអ្វីបានជាមានចលនារំដោះប្រទេសនិងប្រជាជនចេញពីរបបឃោឃៅនេះ?
បើតាមលោកអភិបាលខេត្តតាកែវ អ្វីៗដែលបានធ្វើប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៏ដូចសព្វថ្ងៃនេះគឺមិនមែនបានមកពីទេវតាជប់នោះទេ តែវាបានមកពីការលះបង់ឈាមស្រស់ សាច់ស្រស់របស់បងប្អូនអតីតៈយុទ្ធជន យុទ្ធនារីយើងក្នុងការចូលរួមរំដោះប្រទេសជាតិពីរបបខ្មែរក្រហម។ ដូច្នោះបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនជំនាន់ក្រោយទាំងអស់ត្រូវតែចូលរួមថែរក្សាសមិទ្ធផលនានាជាពិសេសសន្តិភាពទអោយបានគង់វង្សសម្រាប់មនុស្សខ្មែរជំនាន់ក្រោយតទៅទៀត។
យុវតី យ៉ាន់ ចន្ទី និស្សិតនៅសាលាពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន តាកែវ បានថ្លែងឲ្យដឹងថា ក្នុងនាមជាយុវជនជំនាន់ក្រោយម្នាក់ កញ្ញាបានយល់ដឹងនិងបានសិក្សាពីប្រវត្តិសាស្រ្តប្រទេសកម្ពុជាជាពិសេសនៅក្នុងសម័យខ្មែរក្រហមដែលបានធ្វើបាបនិងកាប់សំលាប់ប្រជាជនខ្លួនឯងអស់ជាច្រើនលាននាក់។ ក៏ប៉ុន្តែ របបនេះត្រូវបានរណៈសិរ្សសង្គ្រោះជាតិកម្ពុជាបានផ្ដួលរំលំនៅថ្ងៃនៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ បន្ទាប់ពីរំដោះប្រទេសពីរបបឃោឃៅមក យើងឃើញថាប្រទេសកម្ពុជាយើងមានការរីកចម្រើននិងមានអភិវឌ្ឍន៏លើគ្រប់វិស័យ។ បច្ចុប្បន្ននេះកម្ពុជាយើងកំពុងតែប្រែមុខមាត់យ៉ាងខ្លាំងក្លាជាពិសេសហេថារចនាសម្ព័នផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម កំពុងតែរីកដុះដាលដូចផ្សឹតនៅពាសពេញផ្ទៃប្រទេស៕
No comments: