ព័ត៌មានថ្មីៗ
recent

ក្រុមហ៊ុនផលិតចំណីសាច់របស់ប្រទេសចិនមានបំណងវិនិយោគលើទឹកប្រាក់ ១០០លានដុល្លារ នៅខេត្តតាកែវ

លោក ហ្សាង តឺហាវ អភិបាលរងក្រុងស៊ាងយ៉ាង ដែលបានដឹកនាំប្រតិភូ និងអ្នកវិនិយោគចិត្ត មកជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ អាលីស វីឡា ក្នុងក្រុងដូនកែវ បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ០២របស់ក្រុងស៊ាងយ៉ាងមានបំណងវិនិយោគទុនក្នុងខេត្តតាកែវ ដោយមួយជារោងចក្រផលិតចំណីសត្វ និងកាប់សាច់ មានបំណងវិនិយោគលើទឹកប្រាក់ប្រមាណ ១០០លានដុល្លារ និងក្រុមហ៊ុនមួយទៀតមានបំណងនាំចូលអង្ករពីខេត្តតាកែវចំនួន ពី ៥ម៉ឺន ទៅ ១០ម៉ឺនតោន ក្នុង១ឆ្នាំព្រមទាំងចង់ធ្វើការវិនិយោគលើដំណាំស្រូវក្នុងខេត្តតាកែវផងដែរ។ ដោយឡែកក្រុមហ៊ុន ១ចំនួនទៀត នឹងសិក្សាពីសក្តានុពលរបស់ខេត្តក្នុងអំពេលទស្សនកិច្ចរយៈពេល ៥ថ្ងៃក្នុងខេត្តតាកែវ ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ។
ជាកិច្ចឆ្លើយតប ឯកឧត្តម អភិបាលខេត្តតាកែវ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុងស៊ាងយ៉ាង និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលមានបំណងធ្វើការវិនិយោគនៅក្នុងខេត្ត ដែលវានឹងផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជារួមចំណែកលើកស្ទួយសេដ្ឋកិច្ចខេត្តតាកែវ ក៏ដូចជាប្រទេសកម្ពុជាផងដែរ ហើយឯកឧត្តមសន្យាថា និងខិតខំធ្វើការសម្របសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនឱ្យដំណើរការ បានរលូន។
បន្ថែមពីនោះឯកឧត្តមអភិបាលខេត្តក៏បានពីសក្តានុពលនានារបស់ខេត្ត និងបានស្នើលោកអភិបាលរងក្រុងស៊ាងយ៉ាងជួយជម្រុញក្រុមហ៊ុនវិនិយោគរបស់ក្រុងមកវិនិយោគនៅខេត្តតាកែវឱ្យកាន់តែច្រើនព្រោះខេត្តតាកែវនៅសល់សក្តានុពលជាច្រើនទៀតជាពិសេសលើផ្នែកកសិកម្ម។

សូមបញ្ជាក់ថាការវិនិយោគនេះកើតឡើងក្រោយពេលដែលឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចុះអនុស្សារណៈនៅទីក្រុងស៊ាងយ៉ាង កាលពីខែសីហា ឆ្នាំ២០១៦៕

No comments:

Powered by Blogger.