ព័ត៌មានថ្មីៗ
recent

ឯកឧត្តមអភិបាលខេត្ត បញ្ជាឲ្យផ្អាកគ្រឿងចក្រក្នុងការឈូសឆាយដីទំនាស់ពីម្ចាស់ឈ្មោះ ប៉ូ ស៊ីលាង ដោយរងចាំមានដំណោះស្រាយពេលក្រោយ

          ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នៅថ្ងៃទី ១៧ កញ្ញា ២០១៦ បានដឹក នាំកម្លាំងសមត្ថកិច្ចចម្រុះ រួមនឹងអភិបាលស្រុកត្រាំកក់ ចុះទៅត្រួតពិនិត្យទីតាំងដីទំនាស់ នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ បន្ទាប់ពីមាន​ប្រជាពលរដ្ឋ​បាន​ប្តឹង​ទៅ​ផេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លើផ្ទៃដីទំហំ៣០ហិចតា ក្នុងឱកាសនោះ​ឯកឧត្តម អភិបាលខេត្ត ក៍បានបញ្ជាឲ្យផ្អាកគ្រឿងចក្រ​ ក្នុងការឈូសឆាយដី​ទំនាស់​ពី​ម្ចាស់​ឈ្មោះ ប៉ូ ស៊ីលាង ដោយរងចាំមានដំណោះស្រាយពេលក្រោយ ។
         ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ក៍បានអញ្ជើញបន្ត​ពិនិត្យទីតាំងដីសម្ប​ទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលសម្រេចឲ្យក្រុមហ៊ុនCJ ចំនួន​៥ពាន់​ហិចតា ដើម្បីធ្វើការអភិវឌ្ឍនៅតំបន់នោះ ប៉ុន្តែចាប់តាំងពីឆ្នាំ២០០១មក ក្រុមហ៊ុនមិន ដែលបានធ្វើការអភិវឌ្ឍទេ ហើយឯកឧត្តម នឹងធ្វើសំណើសុំសម្តេចតេជោ ក្នុងការលុប ចេញនូវដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនខាងលើទាំង៥០០០ហិចតា ដោយបង្វែរទៅចែក​ដីនេះឲ្យគ្រួសារអតីតយុទ្ធជនវិញ ហើយនឹងស្នើបង្កើតភូមិនៅទីនោះតែម្តង ។
        នៅក្នុងឱកាសចុះត្រួតពិនិត្យទីតាំងដីសម្បទានសេដ្ឋកិច្ច ឯកឧត្តម ឡាយ វណ្ណៈ ក៍បានបញ្ជាទៅដល់កងកម្លាំងសមត្ថកិច្ច ឲ្យចាប់យកគ្រឿងចក្រចំនួន២គ្រឿងដែលជា របស់ក្រុមហ៊ុនCJ ទៅដាក់នៅសាលាស្រុកត្រាំកក់ ដើម្បីឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួន​ដោះ​ស្រាយ​៕ 

No comments:

Powered by Blogger.