ប្រជាពលរដ្ឋជាង១រយគ្រូសារនាំគ្នាតវ៉ាជំទាស់ការចុះមកអនុវត្តន៏សាលដីការរបស់តុលាការកំពូល
ក្រុមប្រជាពលរដ្ឋប្រមាណ១៤០គ្រួសារដែលរស់នៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃទី ០១ កញ្ញា ២០១៦នេះ បាននាំគ្នាចូលរួមជំទាស់តវ៉ាទៅនឹងការចុះមកអនុវត្តតាមសាលដីការរបស់តុលាការកំពូលលេខ១៥៧ ចុះថ្ងៃទី ១៥ ឧសភា ២០១៦ដែលប្តឹងរុះរើសំយ៉ាបផ្ទះ រួមនឹងសម្ភារៈលក់ដូរដទៃទៀតនៅមុខផ្ទះ ដែលអនុវត្តទៅលើកូនបំណុល ឈ្មោះ ជូរ សែម និងឈ្មោះ យូរ សារ៉ន ដែលគាត់ទាំងពីរប្រកបរបររកស៊ីនៅទីនោះជិត៣០ឆ្នាំមកហើយ ។ ការជំទាស់តវ៉ាពីសំណាក់ប្រជាពលរដ្ឋខាងលើនេះបានកើតឡើងនៅពេលដែលមន្រ្តីតុលាការ និងកម្លាំងសមត្ថកិច្ច ដែលដឹកនាំដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងខេត្តតាកែវ ចុះមកអនុវត្ត សាលដីការរបស់តុលាការកំពូល ។
លោកស្រី ឃុត ចាន់យ៉ា ប្រជាពលរដ្ឋ ដែលរស់នៅទីនោះតាំងពីឆ្នាំ១៩៧៩ បានឲ្យដឹងថា ឈ្មោះ ជូ សែម និង ឈ្មោះ យូរ សារ៉ន ពីរនាក់ប្តីប្រពន្ធ ដែលត្រូវជាកូនបំណូលនៃការអនុវត្តន៏សាលដីកា បានមករស់នៅទីនេះតាំងពីឆ្នាំ១៩៧៩ ដោយបានប្រកបរបររកស៊ីរហូតមកដល់ពេលនេះជិត៣០ឆ្នាំមកហើយ ដោយពួកគាត់ទាំងពីរនាក់លក់ដូរបន្តិចបន្តួចនៅមុខផ្ទះគ្រាន់ចិញ្ចឹមជីវិត តែផ្ទុយទៅវិញអ្នកដែលទើបនឹងទិញផ្ទះ ហើយទើបនឹងមករស់នៅសំយ៉ាបផ្ទះបានប្ដឹងយកដីមុខផ្ទះដែលពួកគាត់កំពុងតែលក់ដូរ ហើយត្រូវបានតុលាការទាំងបីជាន់ថ្នាក់កាត់អោយអ្នករស់នៅសំយ៉ាបផ្ទះជាអ្នកឈ្នះ ដែលការសម្រេចនេះគឺជាអំពើអយុត្តិធម៌ជាទីបំផុត។
ប្រជាពលរដ្ឋនៅទីនោះនៅតែរក្សាជំហរដាច់ខាតក្នុងការជំទាស់តវ៉ាទៅនិងការចុះមកអនុវត្តន៏សាលដីការតុលាការកំពូលនេះ។
លោកអ៊ុំ យូ សារ៉ន ដែលជាជនរងគ្រោះ បានថ្លែងបញ្ជាក់ទាំងទឹកភ្នែកថា ដីមុខផ្ទះនេះ គឺជាកន្លែង ដែលគាត់ប្រកបរបររកស៊ីចិញ្ចឹមជីវិតមនុស្សមួយគ្រួសារជិត៣០ឆ្នាំ ហើយក៍ជាកន្លែងឆ្នាំងបាយសម្រាប់គាត់លក់ដូររហូតដល់ចាស់ គាត់មិនចង់បានអ្វីក្រៅពីទុកកន្លែងមុខផ្ទះហ្នឹងសម្រាប់លក់ដូរ ហើយក៍សុំឲ្យសម្តេចតេជោ ហ៊ុន សែន នឹងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយដោះស្រាយ និងអន្តរាគមន៍ឲ្យគាត់បានលក់ដូរនៅទីនោះផង ។
បើទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមប្រជាពលរដ្ឋនៅទីនោះ បានសម្តែងការមិនសប្បាយចិត្តចំពោះចំណាត់ការរបស់តុលាការ ដែលកាត់ក្តីទាំងអយុត្តិធម៌ជាទីបំផុតចំពោះអ្នកដែលគ្មានអំណាច គ្មានទឹកលុយហើយតែងតែក្លាយជាជនរងគ្រោះជានិច្ច។
លោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅអនុវត្តសាលដីកា បានបញ្ជាក់ថា ការចុះមកនេះ គឺអនុវត្តទៅតាមសាលដីការរបស់តុលាការកំពូល ដែលឲ្យកូនបំណុល ដែលជាអ្នកចាញ់ក្តី ត្រូវរុះរើសំយ៉ាបមុខផ្ទះ រួមនឹងសម្ភារៈលក់ដូរមុខផ្ទះដទៃទៀត ទៅតាមការស្នើសុំពី ម្ចាស់ដើមបណ្តឹងឈ្មោះ អ៊ិន ស្រីល័ក្ខណ្ឌ សុំឲ្យបើកផ្លូវចូលមុខផ្ទះ និងរុះរើរបស់របរចេញពីមុខផ្ទះរបស់គាត់ ដែលជិតគ្នានឹងមុខផ្ទះរបស់កូនបំណុលឈាងខាងលិខនិងខាងត្បូង ។
លោកព្រះរាជអាជ្ញារងបាន បន្តទៀតថាទន្ទឹមនឹងការចុះមកអនុវត្តសាលដីការ បស់តុលាការកំពូល លោករួមនឹងមន្រ្តីពាក់ព័ន្ធក៍បានធ្វើការសម្របសម្រួលគ្នា ជាមួយភាគីទាំងសងខាង ដោយឲ្យកូនបំណុលរើតុ និងសែងបង់ចេញពីមុខផ្ទះ ហើយឲ្យម្ចាស់ដើមបណ្តឹងមានផ្លូវចេញចូល ប៉ុន្តែនៅតែមិនអាចសម្របសម្រួលគ្នាបានដោយភាគីទាំងពីរនៅតែរក្សាជំហរដូចគ្នាដដែល ហើយមិនតែប៉ុណ្ណោះក៍មាន ប្រជាពលរដ្ឋបានជំទាស់តវ៉ាផងដែរ ហើយចំណាត់ការនាពេលនេះ គឺយើងមានតែផ្អាកការចុះមកអនុវត្តន៏សិន រង់ចាំនៅពេលក្រោយទៀត ៕
No comments: