ពលរដ្ឋជិត ៩លាននាក់ ទទួលបានអត្តសញ្ញាណបណ្ណដែលជាឯកសារគោលសម្រាប់ចុះឈ្មោះបោះឆ្នោត
ភ្នំពេញ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាឯកសារគោលសម្រាប់ការចុះឈ្មោះបោះឆ្នោត។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ គឺជាកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតថ្នាក់ឃុំ-សង្កាត់។ ការចុះឈ្មោះបោះឆ្នោតនេះ មានរយៈពេល៣ខែឯណោះ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
រហូតមកដល់ពេលនេះ អាជ្ញាធរ បានធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ដល់ប្រជាពលរដ្ឋបានចំនួន៨.៩លាន ហើយ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាង១៤លាននាក់ ។ ប៉ុន្តែអាជ្ញាធរមិនទាន់ផ្តល់អត្តសញ្ញាណប័ណ្ណ ដល់ប្រជាពលរដ្ឋឲ្យគ្រប់ទាំង៨.៩សែននាក់នោះទេ ពោលគឺ ប្រជាពលរដ្ឋចំនួន ៨,៨លាន នាក់ បានទទួលអត្តសញ្ញាណប័ណ្ណនៅក្នុងដៃ ហើយប្រជាពលរដ្ឋចំនួន១សែននាក់ទៀត នៅមិនទាន់ទទួលបាននៅឡើយ។ យ៉ាងណាក៏ដោយ អាជ្ញាធរនៅតែផ្តល់អត្តសញ្ញាណប័ណ្ណ ដែលបានផលិតរួចរាល់ ដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កន្លងមក។
ជុំវិញបញ្ហាខាងលោក លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានអះអាងថា ក្រសួងមហាផ្ទៃ នឹងជំរុញឲ្យអាជ្ញាធរមូលដ្ឋាន បន្តធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលនៃពិធីបុណ្យបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃឈប់សម្រាក។ លោកបន្តថា សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃបែបនេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពី គ.ជ.ប។
បើតាមលោក គួយ ប៊ុនរឿន ដដែល មូលហេតុដែលគ.ជ.ប ស្នើឲ្យក្រសួងមហាផ្ទៃជួយពន្លឿនការធ្វើអត្តសញ្ញាណបណ្ណក្នុងថ្ងៃឈប់សម្រាកដូច្នេះ គឺដើម្បីផ្តល់អត្តសញ្ញាណប័ណ្ណ ដល់ប្រជាពលរដ្ឋ ឲ្យបានកាន់តែច្រើន សម្រាប់ការចុះឈ្មោះបោះឆ្នោត នាអាណត្តិក្រោយ៕
ប្រភពដោយ ថ្មីថ្មី


No comments: