អភិបាលខេត្តតាកែវប្រាប់អភិបាលស្រុក២ដែលទើបតែងតាំងថ្មីកុំធ្វើជាមន្រ្តីជើង១០
តាកែវ ៖ នៅក្នុងឱកាស អញ្ចើញចូលរួមប្រកាសតែងតាំង អភិបាលស្រុក ២ របស់ ខេត្តតាកែវ គឺ ស្រុកបូរីជលសារនិងស្រុកកោះអណ្តែត អភិបាលខេត្តតាកែវឯកឧត្តម ឡាយ វណ្ណៈ បានប្រាប់អោយអភិបាលស្រុកទាំងពីរត្រូវធ្វើយ៉ាងណាចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីបានយល់ដឹងអំពីសុខភាព បញ្ហាប្រឈមសំណូម ពររបស់ពួកគាត់ មិនត្រូវធ្វើជាមន្រ្តីជើង១០នោះទេ ។
ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៏បន្តថា ធ្វើជាមន្រ្តីមិនមែនចៅហ្វាយរាស្រ្តនោះទេ គឺជាអ្នកបម្រើរាស្រ្ត ដែលត្រូវទៅចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ មិនមែនធ្វើជាមន្រ្តីជើង១០ ធ្វើការតែក្នុងការិយាល័យរបស់ខ្លួន ដោយចេញពីផ្ទះមកកន្លែង ចេញពីកន្លែងមកផ្ទះនោះទេ ត្រូវតែចុះទៅដល់ ដើម្បីបានក្តាប់បញ្ហាប្រឈមនានា និងការសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា ។
ឯកឧត្តម ឡាយ វណ្ណៈបន្ថែមទៀតថា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែក្រើនរំលឹក និងដាស់តឿនដល់មន្រ្តីទាំងអស់ថា ធ្វើជាមន្រ្តីត្រូវមានតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនចៅហ្វាយប្រជាពលរដ្ឋនោះទេ ត្រូវបម្រើគាត់ឲ្យអស់ពីសមត្ថភាពនៅ ពេលប្រជាពលរដ្ឋមករកយើង ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឡាយ វណ្ណៈ ក៍បានណែនាំដល់អភិបាលស្រុកទាំងពីរដែលទើបនឹង តែង តាំងថ្មី ត្រូវតែចុះជួបប្រជាពលរដ្ឋ និងប្រាស្រ័យទាក់ទងគាត់ឲ្យបានគ្រប់ភូមិ ដើម្បីឲ្យប្រជាពលរដ្ឋបានគាត់មុខអភិបាលស្រុកថ្មី នឹងមានទំនាក់ទំនងល្អជាមួយនឹងគាត់ ហើយជាពិសេសគឺការបម្រើសេវា សាធារណៈជូនដល់ពួកគាត់ឲ្យមានភាពរហ័ស ។
សូមបញ្ជាក់ថា សម្រាប់ការប្រកាសតែងតាំងនេះ គឺអភិបាលស្រុកបូរីជលសារ ត្រូវតែងតាំងលោក ទុយ សុភ័ក្រ្ត ជាអភិបាលស្រុកថ្មីជំនួសលោក ស៊ុខ ខុន ដែលត្រូវតែងតាំងជាអភិបាលស្រុកគីរីវង់ ចំណែកអភិបាលស្រុកកោះអណ្តែត តែងតាំងលោក មាស អ៊ុយ ដែលជាអតីតនាយកទីចាត់ការផែនការវិនិយោគសាលាខេត្តតាកែវ ជំនួសលោក នាង ស៊ន ដែលត្រូវចូលនិវត្តន៍ ៕
No comments: