មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍជនបទ៖ កម្ពុជាឆ្នាំ២០២៥ នឹងលុបបំបាត់ទាំងស្រុងនូវបញ្ហាអនាម័យ និងទឹកស្អាតរហូតដល់ជនបទ
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ ឯកឧត្តម ទ្រី មេង បានថ្លែងក្នុងសិក្ខាសាលាស្តីពីសារៈសំខាន់នៃការងារ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ កាលពីព្រឹកថ្ងៃទី ១១ សីហា ២០១៦ ថា កម្ពុជាត្រូវខាតបង់ថវិកាប្រមាណ ៤៤៨លានដុល្លារជារៀងរាល់ឆ្នាំ ដោយសារការមិនមានបង្គាន់អនាម័យប្រើប្រាស់ ការបន្ទោរបង់ពាសវាលពាសកាល ការប្រតិបត្តិអនាម័យមិនល្អ និងបញ្ហាទឹកស្អាត ពិសេសការនិយមទម្លាប់មិនប្រើបង្គន់ ឬការអភិរក្សគំនិតរបស់កសិករក្នុងការមិនទម្លាប់ប្រើបង្គន់អនាម័យ ។
ឯកឧត្តម ទ្រី មេង បន្តថា ការទម្លាប់មិនប្រើបង្គន់អនាម័យពីសំណាក់បងប្អូនប្រជាពលរដ្ឋមួយចំនួនធំនៅតាមទីជនបទ និងកសិករ វាធ្វើឲ្យកម្ពុជាខាតប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែពួក គាត់នៅតែទម្លាប់ ហើយប្រតិបត្តិនូវអនាម័យមិនល្អ និងការប្រើប្រាស់ទឹកមិនស្អាត ដែលជាហេតុធ្វើឲ្យ ពួកគាត់ប៉ះពាល់ដល់សុខភាព និងកើតជាជម្ងឺរោគរាស នាំឲ្យខាតបង់ថវិកាក្នុងគ្រួសារ ខាត់បង់ពេលវេលា ពិសេសប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ តាមរយៈបរិស្ថានអនាម័យមិនល្អ កាកសំណាល់ហូរចូលទឹកនាំឲ្យកង្វក់ ដែលធ្វើឲ្យភ្ញៀវជាតិ-អន្តរជាតិមិនហានមកទស្សនាព្រោះខ្លាចឆ្លងជម្ងឺ នឹងមេរោគផ្សេងៗ ។
ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការយ៉ាងច្បាស់ក្នុងការលុបបំបាត់នូវបញ្ហាទឹកស្អាត និងអនាម័យជនបទនេះ ជាពីរដំណាក់កាល ដោយដំណាក់កាលទី១ នៅឆ្នាំ២០១៨លុបបំបាត់ឲ្យបាន៨៦% ហើយនៅឆ្នាំ២០២៥ នឹងលុបបំបាត់ឲ្យអស់ចំពោះបញ្ហាទឹកស្អាត និងអនាម័យជនបទនេះ ។ ដូច្នោះដើម្បីឈានទៅសម្រេចនូវផែនការនេះ យើងត្រូវតែចូលរួមសហការពី គ្រប់មជ្ឈដ្ឋាន ទាំងអង្គការក្រៅរដ្ឋាភិបាល និងរដ្ឋអំណាច ពិសេសអាជ្ញាធរមូលដ្ឋានដែលជាអ្នកនៅផ្ទាល់ នឹងប្រជាពលរដ្ឋ ត្រូវតែធ្វើការពន្យល់ណែនាំដល់ពួកគាត់ពីផលប៉ះពាល់ និងបញ្ហាប្រឈមនៃការមិនប្រើ បង្គន់អនាម័យ និងទឹកស្អាត ។
ជាមួយគ្នានេះដែរ ឯកឧត្តម ទ្រី មេង ក៍បានជម្រុញ និងទទូចផងដែរដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើ យ៉ាងណាផ្លាស់ប្តូរទម្លាប់ និងផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ឲ្យទម្លាប់មកប្រើប្រាស់បង្គន់អនាម័យ និងហូប ទឹកស្អាត ដើម្បីជួយលើកស្ទយដល់កម្រិតជីវភាពរបស់ពួកគាត់ និងមិនប៉ះពាល់នូវគោលនយោបាយកាត់ បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ៕
No comments: