ពង្រឹងក្រមសីលធម៌ ទូរទស្សន៍ កាសែត កុំដាក់រូបសាកសព
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា អ្នកកាសែតកម្ពុជាគួរតែពង្រឹងក្រមសីលធម៌របស់ខ្លួនឡើងវិញ ចំពោះការផ្សាយព័ត៌មានដែលក្រសួងបានជំរុញឲ្យស្ថានីយទូរទស្សន៍ កាសែតបោះពុម្ព ទស្សនាវដ្តី និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត មិនត្រូវថតសាកសពក្នុងស្ថានភាពឃាតកម្មមានឈាម កាត់ក ដាច់ក្បាល មានដៃជើងច្រងេងច្រងាង មកចុះផ្សាយទេ ដែលជាសីលធម៌មួយត្រូវគិតដល់សពនិងគ្រួសារសព ដែលគេមិនសប្បាយចិត្តចំពោះការផ្សាយបែបនេះទេ ។
ការផ្សាយបែបនេះ វាអាចធ្វើឲ្យបានបាត់បង់តម្លៃខ្លួនឯង និងមិនគួរផ្សាយរួបភាពទាំងនោះទេ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ ក្នុងសន្និសីទសារព័តមានមួយ នៅទីស្តីការក្រសួងព័ត៌មាន បន្ទាប់ពីលោកបានចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលព័ត៌មានវិទ្យា«Java និងWindow» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៦ ខែកក្កដា ។ វគ្គនេះមានសិក្ខាកាមជាង៦០នាក់ ជាមន្ត្រីរបស់មន្ទីរព័ត៌មាននៅតាមខេត្តមកចូលរួមរៀនសូត្រលើកដំបូង ដែលមានគ្រូជាជនជាតិកូរ៉េ៤រូបនិងគ្រូខ្មែរបង្រៀនដោយផ្ទាល់ ។
នៅពេលសួរថា ប្រសិនស្ថានីយទូរទស្សន៍ កាសែត និងទស្សនាវដ្តី ឬប្រព័ន្ធផ្សព្វផ្សាយមិនស្តាប់តាមការណែនាំរបស់ក្រសួង តើពេលនោះអាចប្រឈមនឹងការពិន័យដកអាជ្ញាប័ណ្ណ ឬបិទប្រព័ន្ធផ្សព្វផ្សាយទាំងនោះដែរឬទេ? លោករដ្ឋមន្ត្រីថ្លែងថា រាជរដ្ឋាភិបាលមិនបិទការផ្សព្វផ្សាយរបស់ពួកគេទេ តែយើងពង្រឹងការផ្សាយដែលគេនឹងដឹងថា នរណាជាអ្នកបំពានលើវិជ្ជាជីវៈសារព័ត៌មានដោយខ្លួនឯង ។ ការបិទមិនមែនជាការល្អទេ ការនិយាយគ្នាល្អជាង។ កន្លងមក សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានមានប្រសាសន៍ដែរ អ្វីដែលសំខាន់នោះ គឺអ្នកកាសែតខ្លួនឯងមានតម្លៃឬអត់ ?
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា មានអ្នកខ្លះចង់បន្ទាបបន្ថោកខ្លួនឯង ហើយយើងចង់ទៅធ្វើដូចគេដែរ? វាខុសវិជ្ជាជីវៈរបស់យើង ដូច្នេះយើងចង់រក្សាតម្លៃយើងជាអ្នកកាសែត មានតម្លៃ គឺការប្រើប្រាស់ពាក្យពេជន៍ និងរូបភាពឲ្យសមស្របតាមការណែនាំ ក្រមសីលធម៌របស់យើង ។
ចំពោះសំណួរថា ក្រសួងបានហាមមិនឲ្យមានការផ្សាយការហែសពលោកបណ្ឌិត កែម ឡី លោករដ្ឋមន្ត្រីបានលើកឡើងថា អ្នកណានិយាយបែបនេះមិនត្រូវទេ ។ ទូរទស្សន៍ជាតិ (ទទក) បានផ្សាយ តែមិនដឹងថាមានទូរទស្សន៍ណាទៀតបានផ្សាយទេ តែ ទទក បានផ្សាយ។ លោករដ្ឋមន្ត្រីបានចោទសួរវិញថា អ្នកដែលនិយាយនោះក៏ត្រូវសួរវិញថា គេបានមើលទូរទស្សន៍ឬអត់ ដែលគេចេះតែនិយាយបែបនេះ ។ កាលពីថ្ងៃទី២៥ ខែកក្កដា លោកបានជួបប្រជុំជាមួយតំណាងទូរទស្សន៍ទាំងអស់នៅកម្ពុជា ដែលពេលនោះគេបាននិយាយប្រាប់ក្រសួងព័ត៌មានថា គេនឹងខិតខំមិនផ្សាយរូបភាពឃាតកម្មបង្ហាញពីសពដែលមានភាពមិនសមរម្យទៀតទេ ។
នៅពេលសួរថា ការលើកឡើងរបស់ក្រសួងព័ត៌មានបែបនេះ គឺបន្ទាប់ពីការហែសពលោកបណ្ឌិត កែម ឡី ឬយ៉ាងមេចដែរ ? លោករដ្ឋមន្ត្រី ថ្លែងថា ទូរទស្សន៍ដែលបានផ្សាយ គេបានដាក់រូបថតលោកកែម ឡី ញញឹមស្រស់ មិនមែនដាក់រូបស្លាប់នៅកន្លែងកើតហេតុនោះទេ វាមិនទាក់ទងនឹងរឿងលោក កែម ឡី នោះទេ។ ចំពោះបញ្ហានេះមានកំហុសមួយ គឺអ្នកកាសែតមានថតរូបសពនៅកន្លែងកើតហេតុ ដែលបានចុះផ្សាយនៅលើទំព័របណ្តាញផ្សព្វផ្សាយសង្គម ។
ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បញ្ជាក់ថា រូបភាពនៅកន្លែងកើតហេតុ គ្មានទូរទស្សន៍ណាបានថតទេ ។ ឥឡូវនេះមានការដណ្តើមគ្នាផ្សាយពីមរណភាពឃាតកម្ម ដែលមានការកើនឡើងច្រើន ក្នុងនោះព័ត៌មានជាតិមានករណីប្តីប្រពន្ធឈ្លោះគ្នាជាដើម ។ នៅពេលលោកជួបអ្នកកាសែតបរទេស គេសួរថា ម៉េចបានជាទូរទស្សន៍នៅកម្ពុជាផ្សាយតែរឿងគ្រោះថ្នាក់ចរាចរណ៍ ប្តីប្រពន្ធឈ្លោះគ្នា និងឃាតកម្មជាដើមអ៊ីចឹង ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា នេះជាការដេញតាមទីផ្សារដែលខ្មែរយើងចូលចិត្តមើលបែបហ្នឹង ដូចនេះការឲ្យតម្លៃរបស់យើងមានការថយចុះ ។ ដោយសារតែការរត់តាមទីផ្សារបែបនេះ យើងបែរជានាំគ្នាមិនឲ្យតម្លៃវិជ្ជាជីវៈរបស់ខ្លួនឯងផង នេះជាការមិនល្អ ។ ចំពោះការទទួលស្គាល់សេរីភាពសារព័ត៌មាន យើងមានធំ ប៉ុន្តែទន្ទឹមនឹងការនាំគ្នាដាក់រូបសាកសពអ្នករងគ្រោះ បានធ្វើឲ្យតម្លៃសារព័ត៌មានធ្លាក់ចុះ ដែលសារព័ត៌មានរបស់ខ្មែរ នៅអន់កន្លែងហ្នឹង ។ ដូច្នេះយើងមិននាំគ្នាលើកតម្កើងខ្លួនឯងទេ វាដូចជាយើងនាំគ្នាលោតចូលជ្រោះចូលក្នុងភក់ជ្រាំជាមួយគ្នា ។ គ្មាននរណាបង្អាប់បន្ថោកយើងឡើយ តែយើងទេនាំគ្នាបន្ថោកខ្លួនយើង ៕
ប្រភពដោយ everyday




No comments: