ក្រសួងព័ត៌មានគ្រោងរៀបចំមហោស្រពចម្រៀងថ្នាក់ជាតិ នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ
ក្នុងគោលបំណងបង្កើនឱកាសនៅក្នុងការបង្ហាញ ពីស្នាដៃនិពន្ធ និងការតាក់តែងបទ ចម្រៀង ថ្មីរបស់តន្ត្រីករយើង ក្រសួងព័ត៌មាន ផ្តួចផ្តើមរៀបចំ មហោស្រពចម្រៀង សម័យលើកទី៥ ដើម្បីផ្តល់ ឱកាសដល់ក្រុមតន្ត្រីករចូលរួមប្រកួតប្រជែង ដណ្តើមស្នាដៃតន្ត្រីចម្រៀថ្នាក់ជាតិ នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ។
ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ ឱ្យដឹងនៅក្នុង កិច្ចប្រជុំ ត្រៀមរៀបចំមហោស្រពចម្រៀងថ្នាក់ជាតិឆ្នាំ២០១៦ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងថា កម្មវិធីមហោស្រពចម្រៀងនេះនឹងរៀប ចំពិធីបើកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅស្ទុឌីយោទូរទស្សន៍ជាតិ កម្ពុជា ដោយមានការផ្សាយផ្ទាល់រយៈពេល៣ថ្ងៃ តាមវិទ្យុFM និងទូរទស្សន៍ជាតិកម្ពុជា ហើយនៅ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ យើងរៀបចំវគ្គផ្តាច់ព្រ័ត្រនៅសាលមហោស្រពចតុមុខ ដោយធ្វើ ការផ្សាយ ផ្ទាល់ ផងដែរ។
នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីមន្ត្រីក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងក្រុមតន្ត្រីករ ទាំងចំនួន ២២ក្រុមផងនោះ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា កិច្ចប្រជុំថ្ងៃនេះ ដើម្បីរក ដំណោះស្រាយលើបញ្ហាប្រឈមចំនួនពីរ គឺទី១-ការរៀបចំក្រុមតន្ត្រី ព្រោះថា ការរៀបចំជាក្រុម តន្ត្រីឱ្យ មានការនិពន្ធបទថ្មីវាជាការលំបាក មិនដូចការដែលមកច្រៀងម្នាក់ៗឯងនោះទេ ចំណុចលំបាកទី២ -ការ រៀបចំមហោស្រពនេះមិនបានយកថវិកាជាតិមកប្រើប្រាស់នោះទេ ដូច្នេះត្រូវការអំពាវនាវ ពីសប្បុរសជន ពីក្រុមហ៊ុននានា ដើម្បីបម្រើឱ្យកម្មវិធីនេះ។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា នៅក្នុងប្រវត្តិកម្ពុជាយើងមកនេះ យើងបានរៀបចំមហោស្រព ចម្រៀងចំនួន ៥លើក រួចមកហើយរួមទាំងលើកនេះ ក្នុងនោះលើកទី១នៅក្នុងរបបសង្គមរាស្ត្រនិយម ដែលរៀបចំដោយព្រះករុណា ព្រះប្រមុខរដ្ឋសម្តេចព្រះបរមព្រះរតនកោដ្ឋ ហើយចំនួន ៣លើកទៀតយើង ធ្វើក្នុងសម័យរដ្ឋកម្ពុជា ហើយលើកនេះជាលើកទី៥៕
ប្រភពដោយ AKP





No comments: