ព័ត៌មានថ្មីៗ
recent

ឯកឧត្តមរដ្ឋមន្រ្តី ជំរុញឱ្យប្រធានមន្ទីរព័ត៌មានខេត្ត-ក្រុងបែងចែកការងារ ដល់មន្រ្តីក្រោមឱវាទឱ្យត្រូវតាមជំនាញ

នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញកម្មវិធី Java និង Window នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាន ជំរុញឱ្យប្រធានមន្ទីរព័ត៌មានខេត្ត-ក្រុងទាំងអស់ បែងចែកការងារដល់មន្រ្តីក្រោមឱវាទឱ្យ ត្រូវទៅតាម ជំនាញរបស់ពួកគេ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាព និងមានការរីកចម្រើនទៅមុខបាន ដោយ រលូន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ មកពីបណ្តាមន្ទីរព័ត៌មាន ខេត្ត-ក្រុងចំនួន ៦៧នាក់ ដែលបានចូលរួមវគ្គបណ្តុះ បណ្តាលនេះត្រូវបន្តសិក្សាស្រាវជ្រាវ រៀនសូត្រ បន្ថែមទៀត បន្ទាប់ពីបានបញ្ចប់វគ្គនេះទៅ ដើម្បីបង្កើតសមត្ថភាព ក៏ដូចជាចំណេះដឹងរបស់ខ្លួន ក្នុងការ បំពេញការងារឱ្យបានល្អ និងស្របតាមសម័យកាលកំពុងតែអភិវឌ្ឍន៍ជឿនលឿននៃបច្ចេកវិទ្យា ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបផងដែរថា នៅពេលខាងមុខនេះ ក្រសួងព័ត៌មាន នឹងបើកវគ្គបណ្តុះ បណ្តាលដល់មន្រ្តីរាជការនៅក្នុងក្រសួង និងតាមបណ្តាមន្ទីរព័ត៌មានខេត្ត-ក្រុង អំពីច្បាប់បោះឆ្នោតថ្មី ដែលមានលក្ខណៈតឹងតែងជាងមុន ដើម្បីឱ្យពួកគេបានយល់ អំពីច្បាប់ថ្មីនេះឱ្យបានច្បាស់លាស់ងាយ ស្រួលក្នុងការអនុវត្តនៅពេលខាងមុខ។
ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានថ្លែងអំណរគុណចំពោះគ្រូជំនាញសាធារណរដ្ឋកូរ៉េ ដែលបាន ស្ម័គ្រចិត្ត មកបង្រៀនដល់មន្រ្តីរាជការក្រសួងព័ត៌មានកម្ពុជា អំពីកម្មវិធី Java និង Window ដែលមាន សារៈ សំខាន់សម្រាប់ជំរុញកិច្ចការងារលើផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យាក្នុង ការបញ្ជូនព័ត៌មានតាមអ៊ីន ធឺណិត។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងថា កម្មវិធី Java ផ្តល់ផលប្រយោជន៍ជាច្រើនក្នុងការចេះ ប្រើ ប្រាស់ កម្មវិធីផ្សេងៗទៀត ខណៈក្រសួងព័ត៌មាន កំពុងស្នើសុំថវិការដ្ឋ ដើម្បីរៀបចំបណ្ណាសារអេឡិច ត្រូនិក សម្រាប់ដាក់បញ្ចូលឯកសារជា ច្រើនទៅក្នុងប្រព័ន្ធនេះ ដើម្បីថែរក្សាទុកឱ្យបានយូរអង្វែង និងមាន គុណភាពល្អ។
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្រសួងព័ត៌មាន បាន ជម្រាបឱ្យដឹងផងដែរថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយអគ្គ នាយកដ្ឋានព័ត៌មាន និង សោតទស្សន៍នៃក្រសួងព័ត៌មាន មានរយៈពេលមួយខែដោយមាន សិក្ខាកាមមកពីបណ្តាមន្ទីរ ព័ត៌មាន ខេត្ត-ក្រុងចំនួន ៦៧នាក់ បង្រៀនដោយគ្រូជំនាញស្ម័គ្រចិត្ត មកពីសាធារណរដ្ឋកូរ៉េចំនួន៤រូប៕


No comments:

Powered by Blogger.