ឯកឧត្តម ត្រាំ អ៊ីវតឹក បានកោតសរសើរចំពោះមន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវ
បន្ទាប់ពីអមដំណើរដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងពិធីសម្ពោធសមទ្ឋិផលនានា និងបញ្ជុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តមឿងចារ្យលិតចារាម ស្ថិតនៅឃុំជាងទង ស្រុកត្រាំកក់ រួចមក ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិយោជិត នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តតាកែវ នាព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦នៅសាល ប្រជុំរបស់មន្ទីរ។
លោកស្រី ម៉ម សារី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត បានរាយការណ៍យ៉ាងសង្ខេបជូនជូនប្រតិភូក្រសួង ដោយក្នុងនោះលោកស្រីបានគូសបញ្ជាក់ថា បច្ចុប្បន្ននៅទូទាំងខេត្តតាកែវ មានក្រុមហ៊ុនទូរស័ព្ទចល័តចំនួន០៥ កំពុងប្រតិបត្តិការផ្តល់សេវាទូរស័ព្ទ និងអ៊ិនថឹណិតជូនប្រជាពលរដ្ឋនៅគ្រប់ឃុំទូទាំងខេត្ត រួមមាន ក្រុមហ៊ុនម៉ូប៊ីតែល, មិត្តហ្វូន, ស្មាត, ប៊ីឡាញ, និងក្រុមហ៊ុនគ្យូប៊ី ព្រមទាំងមានក្រុមហ៊ុនទូរស័ព្ទអចល័តចំនួន២ គឺទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុនកាំមីនតែល និងសេវាអ៊ីធើ ណេតមាន ០៧ក្រុមហ៊ុន ហើយមានក្រុមហ៊ុនអូសកាប្លិ៍ឧបទិកឆ្លងកាត់ ០៣ក្រុមហ៊ុន មាន CFoc Ececom Mitfone ។ ចំពោះវិស័យប្រៃសណីយ៍ មានក្រុមហ៊ុនចំនួន២ គឺប្រៃសណីយ៍កម្ពុជា និងក្រុនហ៊ុនកម្ពុជាអ៊ិក្សប្រ៉េស ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅតាមបណ្តាស្រុក និងឃុំភាគច្រើនប្រើប្រាស់សេវារថយន្តតាក់ស៊ី ឬរថយន្តក្រុងជាមធ្យោបាយបញ្ជូនបញ្ញើ ជាពិសេសបញ្ញើក្នុងប្រទេស។
តមកឯកឧត្តម ត្រាំ អ៊ីវតឹក បានកោតសរសើរចំពោះមន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ដែលបានយកអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការបំពេញតួនាទីភារកិច្ច និងកាតព្វកិច្ចដើម្បីបម្រើសេវាទូរគមនាគមន៍ និងសេវាប្រៃសណីយ៍ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ និងត្រូវគិតគូរពីរបៀបរបបធ្វើការឲ្យមានលក្ខណៈប្រកួតប្រជែងដើម្បីទាក់ទាញអតិថិជនឲ្យកាន់តែច្រើនថែមទៀត ជាពិសេសត្រូវចាត់ទុកអតិថិជន គឺជាស្តេច។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីខេត្ត និងកងកម្លាំងមានសមត្ថកិច្ច សូមបន្តផ្តល់កិច្ចសហការគាំទ្រ ក្នុងការរួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ ដែលទាក់ទងទៅនឹងវិស័យទូរគមនាគមន៍ និងវិស័យប្រៃសណីយ៍ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕
No comments: