កិច្ចប្រជុំត្រៀមលក្ខណរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនូវកំណត់ផ្លូវលេខ ១TK១ ចាប់ពីទីរួមស្រុកព្រៃកប្បាស មកដល់ភ្នំដា ស្រុកអង្គរបូរី
បញ្ហាសន្តិសុខ និងសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាកត្តាសំខាន់សម្រាប់ថ្នាក់ដឹកនាំ នៅអំឡុង ពេល ប្រារព្ឋពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការកំណត់ផ្លូវលេខ ១TK១ ប្រវែង ២៤.៥ គ.ម ពីធីរួមស្រុក ព្រៃកប្បាសទៅដល់ភ្នំដា និងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ២ខ្សែទៀត នៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត តាកែវ ដែលប្រារព្ឋធ្វើឡើងនៅថ្ងៃទី០៩ មិនា ២០១៦ខាងមុខ នេះជាការលើកឡើងរបស់ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅឱកាសដែលឯកឧត្តមអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំសម្ពោធជាផ្លូវការនាថ្ងៃខាងមុខ ដែលកិច្ចប្រជុំនេះធ្វើឡើងសាលប្រជុំសាលាស្រុក អង្គបូរី នាព្រឹកថ្ងៃទី ១ មិនា ២០១៦ ។
ឯកឧត្តម សុខុម ភគវន្តមុនី បានមានប្រសាសន៍បន្ថែមទៀតថា បញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ ធ្នាប់សាធារណៈ នៅអំឡុងពេលប្រារព្ឋកម្មវិធី ជាបញ្ហាសំខាន់សម្រាប់យើងទាំងអស់គ្នា ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ និងឲ្យបានម្មត់ចត់ ក្នុងការថែរក្សាសុខសវត្តិភាពគណអធិបតី ជាពិសេសកងកំលាំងប្រដាប់វុធទាំង៣ប្រភេទ ត្រូវការពារ និងយាមល្បាតតាមគោលដៅរៀងៗ មុនពេលក្នុងពេល និងក្រោយពេលប្រារព្ឋពិធីចប់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ផ្លូវ១ខែ្សនេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋ និងគិតគូរបញ្ហាផ្លូវ សម្រាប់ ធ្វើដំណើរដែលជាកត្តាដ៏ចំបាច់ ព្រោះផ្លូវជាសសៃឈាមយ៉ាងសំខាន់ សម្រាប់យើងទាំងអស់គ្នាក្នុង ការប្រកប ការងារចិញ្ជឹមជីវិត ការធ្វើដំណើរបានងាយស្រួល ព្រមទាំងធ្វើ ការអភិវឌ្ឍន៍ ភូមិឃុំស្រុក-ក្រុង ឲ្យមានការរីកចំរើន នៃហេដ្ឋារចនាសម្ព័ន្ឋរូបវន្ត ។
សូមបញ្ជាក់ដែរ ផ្លូវខែ្សលេខ ១TK១ ដែលមានប្រវែង ២៤.៥ KM ដែលសាងសង់រួចរាល់ជាស្ថាពរកាលពី ឆ្នាំ២០១៥ ដែលត្រូវបានធ្វើការដាក់សម្ពោធនាថ្ងៃទី០៩ មិនា ឆ្នាំ២០១៦ខាងមុខនេះ ហើយកំណត់ផ្លូវនេះពិត ជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូលជាប្រចាំថ្ងៃ ព្រោះថាពីមុនមកផ្លូវពីស្រុកព្រៃកប្បាសទៅស្រុកអង្គរបូរី ពិតជាមានផលវិបាកខ្លាំង ដោយធ្វើដំណើរមានរយះពេលយូរ និងខាតពេលរក ទទួលទានរបស់បងប្អូន ។ ហើយចំពោះថ្ងៃនោះដដែល ក៏មានពិធីបើកការដ្ឋានស្ថាបនាផ្លូវ២ខ្សែ ដោយខ្សែទី១ ពីភ្នំដា ទៅភ្នំបូរី រហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម ប្រវែង ១៨.០០០ម៉ែត្រ និងខ្សែទី២ ចាប់ពីស្ពានហូរឈាម ទៅឃុំពន្លៃ ប្រវែង ៩.៥០០ម៉ែត្រ ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ ៕
No comments: