ព័ត៌មានថ្មីៗ
recent

គណបក្សប្រជាជនកម្ពុជាខេត្តតាកែវពង្រីកសមាជិកបានជាង៤សែននាក់


ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវឯកឧត្តម ឡាយ វណ្ណៈ បានថ្លែងឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ កំពុងតែធ្វើសកម្មភាពយ៉ាងផុលផុសក្នុងការពង្រឹងនិងពង្រីកសមាជិកគណបក្សរបស់ខ្លួនអោយកាន់តែកើនឡើងជាលំដាប់ក្នុងគោលបំណង ធ្វើយ៉ាងណាអោយការបោះឆ្នោតឃុំសង្កាត់ជាពិសេសបោះឆ្នោតតំណាងរាស្រ្តនាពេលខាងមុខទទួលបានលទ្ធផលល្អ។ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាននៅក្នុងខេត្តតាកែវនៅព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ គុម្ភៈ ឆ្នាំ ២០១៥ នៅក្នុងវត្តតុំ ដែលស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ឯកឧត្តម ឡាយ វណ្ណៈ បានមានប្រសាសន៏ថា រហូតមកដល់ឆ្នាំ២០១៦ នេះគណបក្សប្រជាជនកម្ពុជាក្នុងខេត្តតាកែវបាន​ប្រឹងប្រែងធ្វើការពង្រឹង រក្សាសមាជិកចាស់និងធ្វើការកសាងសមាជិកថ្មី ភាគច្រើនជាយុវជនជំនាន់ក្រោយ ដែលររហូតមកដល់ពេលនេះយើង មានសមាជិកចំនួន៤៤ម៉ឺន៨ពាន់៦៨២ នាក់ ។ 

ឯកឧត្តម ឡាយ វណ្ណៈ បានមានប្រសាសន៏បន្តថា គណបក្សខេត្តក៏កំពុងតែជម្រុញសកម្ម ភាពការងារ​ទាំងខាង​នយោបាយ សន្តិអារម្មណ៏ និងចាត់តាំងពង្រឹងរចនាសម្ព័ន្ធ កែសម្រួលមន្រ្តីគណបក្សគ្រប់ថ្នាក់ តាំង​ពីថ្នាក់ខេត្តរហូតដល់ក្រុមបក្ស។ យើងក៏បាន ធ្វើការណែនាំពីតួនាទីភារកិច្ច របៀបធ្វើការ អប់រំ បំពាក់បំប៉នផ្នែកស្មារតី តាមរយៈប្រជុំជីវភាពជាមួយសមាជិកបក្សថ្មីចាស់ ក្នុងគោលបំណងធ្វើយ៉ាង​ណា​ត្រៀមខ្លួនដណ្ដើមជ័យជំនះនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ជាពិសេសដណ្ដើមយកជ័យជំនះ ទាំងស្រុងនៅក្នុងការបោះឆ្នោតតំណាងរាស្រ្តនៅក្នុងឆ្នាំ២០១៨ខាងមុខ។
 

មានប្រសាសន៏នៅក្នុងឱកាស់នោះឯកឧត្តមនាយឧត្តមសេនីយ៏ ហ៊ីង ប៊ុនហៀង សមាជិកគណៈ​កម្មាធិការ​កណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៥ដែលដឹក​នាំដោយគណបក្ស​ប្រជាជនកម្ពុជា បានធ្វើការកែទម្រង់ស៊ីជម្រៅ ជាពិសេសគ្រប់មន្រ្តីទាំងអស់ រួមទាំ​ងមន្រ្តីគណបក្ស​ប្រជាជន​ផង ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន អោយមុជទឹក ដុះក្អែលនិងឆ្លុះកញ្ចក់ ពោលគឺមន្រ្តីទាំងអស់ត្រូវប្រឹងប្រែងធ្វើការបំរើប្រជាជនដោយស្មោះនិងមិនត្រូវប្រព្រឹត្តអ្វីដែលខុសនិងច្បាប់ យើងជាមន្រ្តីត្រូវតែធ្វើជាគំរូល្អអោយ ប្រជាជនយកតម្រាប់តាម ហើយធ្វើយ៉ាងណាអោយ​ប្រជាជន​បោះឆ្នោតអោយគណបក្សយើងឈ្នះឆ្នោតដើម្បីអោយសម្ដេចតេជោ បន្តកាន់អំណាចជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសតទៅទៀត៕




























No comments:

Powered by Blogger.