លោក អ៊ុន វណ្ណា ប្រកាសតំបន់វិនិច្ឆ័យនៅឃុំតាំងយ៉ាប ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៥
នៅក្នុងឱកាសចុះប្រកាសកំណត់តំបន់វិនិច្ឆ័យឃុំតាំងយ៉ាប ស្រុកព្រៃក្បាស ដើម្បីចាប់ផ្តើមអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ កាលពីព្រឹកថ្ងៃទី០៣ ធ្នូ ២០១៥ ក្នុងបរិវេនវត្តភ្នំចចក លោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថា ការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ជានីតិវីធីមួយដែលប្រើបច្ចេកទេសខ្ពស់ ក្នុងការចុះបញ្ជី ដីធ្លីភូមិករ ស្រែ ចំការ ដោយធ្វើទូទាំងឃុំ ទាំងដីឯកជន និងដីរដ្ឋ ដោយត្រូវឲ្យម្ចាស់ដី និងតំណាងស្ថាប័នគ្រប់គ្រងដីរដ្ឋ ចូលរួមដោយផ្ទាល់នៅគ្រប់ដំណាក់កាលទាំង៥ ដែលមានចែង ក្នុងអនុក្រឹត្យ និងលិខិតបទដ្ឋានផ្សេងៗទៀត ។
លោក អ៊ុន វណ្ណា អភិបាលរងខេត្ត បន្តទៀតថា ដំណាក់កាលទាំង៥នោះ គឺការរៀបចំ ការប្រតិបត្តិ បច្ចេកទេស ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដំណាក់កាលសម្រេចលើឯកសារនៃការវិនិច្ឆ័យ និងដំណាក់កាលចុងក្រោយគឺការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលដំណាក់កាលចុងក្រោយនេះ គឺម្ចាស់កម្មសិទ្ធិករ មានសិទ្ធិពេញលេញក្នុង ចាត់ចែងទ្រព្យជាដីរបស់ខ្លួនទៅឲ្យអ្នកណាក៍បាន ឬក៍ដាក់ធ្វើអ្វីផ្សេងក៍បាន ។
លោក អ៊ុន វណ្ណា បញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ យើងអាចធ្វើការចុះបញ្ជីបានយ៉ាងឆាប់រហ័ស មានប្រសិទ្ធិ និងតម្លាភាពដើម្បីផ្តល់នូវភាពកក់ក្តៅ ជូនប្រ ជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លី ហើយនេះគឺជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ។
លោកអភិបាលរងខេត្ត ក៍បានផ្តាំផ្ញើទាំងក្តីជឿជាក់ទៅគ្រប់ម្ចាស់ដីទូទាំងឃុំតាំងយ៉ាប ត្រូវ ជួយផ្សព្វផ្សាយបន្តឲ្យបានយល់ និងចូលរួមគ្រប់ដំណាក់កាល ព្រោះវាផ្តល់ផលប្រយោជន៍ក្នុងការដឹងពីសិទ្ធិរបស់ខ្លួន ក្រោយពីបិទផ្សាយត្រូវបានបញ្ជប់ និងចូលរួមសហការគ្នាឲ្យបានល្អ ដើម្បីបង្កលក្ខណៈយ៉ាងណាធ្វើឲ្យការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ នឹងឆាប់បានចេញប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ៕
No comments: