ព័ត៌មានថ្មីៗ
recent

លោក អ៊ូច ភា ប្រកាសតំបន់វិនិច្ឆ័យនៅឃុំស្រែរនោង ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៥



                នៅក្នុងឱកាសអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចាប់ផ្តើម អនុវត្ត នីតិវិធីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រាប់ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៥ លោក អ៊ួច ភា អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ ប្រាប់ពីសារៈប្រយោជន៍ក្នុងការចូលរួមពីប្រជាពលរដ្ឋ នៅក្នុងដំណាក់កាល​ដំបូង​នៃការ​ចុះ​បញ្ជី​ដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រោះការចូលរួមនេះវានឹងធ្វើឲ្យការចាប់ផ្តើម​អនុវត្តនីតិវិធី​មានភាពរហ័ស និងឆាប់ចប់ ហើយប្រជាពលរដ្ឋក៍ឆាប់បានប័ណ្ណកម្មសិទ្ធិដីធ្លីផងដែរ ។
          លោក អ៊ួច ភា អភិបាលរងខេត្ត បន្តថា ការចូលរួមតាំងពីដំបូងរហូតដល់បញ្ជប់​នៅ​ក្នុង​ដំណាក់កាលនៃការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធនេះ វានឹងសម្រួលឲ្យមន្រ្តី បច្ចេកទេស ធ្វើការបានល្បឿន ហើយក្នុងនោះប្រជាពលរដ្ឋនឹងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ក្នុងការយក​មក​ប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ និងតាមការជាក់ស្តែង ។ ប័ណ្ណកម្មសិទ្ធិនេះពិតជាមាន សារៈសំខាន់ និងមានប្រយោជន៍ដល់ប្រជាពលរដ្ឋនៅពេលដែលទទួលបានប័ណ្ណនេះ ព្រោះ ប្រជាពលរដ្ឋអាចយកប័ណ្ណនេះទៅធ្វើជាអំណោយ ផ្ទេរ ឬក៍ដាក់បញ្ជាំនៅធនារគារ ដើម្បីយក ប្រាក់មកប្រកបរបររកស៊ី ឬមួយក៍ពង្រីកអាជីវកម្មរបស់ខ្លួន ។
          លោកអភិបាលរងខេត្តបន្ថែមទៀតថា ការទទួលបាននូវប័ណ្ណកម្មសិទ្ធិស្របច្បាប់ហើយ បងប្អូនប្រជាពលរដ្ឋ នឹងមិនមានការភិតភ័យចំពោះការរំលោភបំពានទៅលើដីធ្លីរបស់ខ្លួន ជាពិសេសក្នុងឋានៈជាកម្មសិទ្ធិករលើដី បងប្អូនមានសិទ្ធិគ្រប់គ្រាន់ទៅតាមផ្លូវច្បាប់លើការ ​ប្រើប្រាស់ ចាត់ចែង និងអាស្រ័យផលនៅលើដីរបស់ខ្លួន ។
          នៅក្នុងឱកាស់នោះលោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅពេល​ដែល​ទទួលបានប័ណ្ណកម្មសិទ្ធរួចហើយ ត្រូវរក្សាទុកឲ្យបានល្អ ត្រូវទុកដាក់កន្លែងដែលមាន​សុវត្ថិ​ភាព  ហើយបើបាត់បង់ឬខូចខាត ត្រូវ​រាយ​ការណ៍ ជូនអាជ្ញាធរ មូលដ្ឋាន ដើម្បីធ្វើជូនឡើងវិញ​៕














No comments:

Powered by Blogger.