សម្ដេចនាយករដ្ឋមន្ត្រីស្ដីទី ជំរុញកងកម្លាំងទាំងបី ឱ្យចុះជួយធ្វើផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់
បាត់ដំបង ៖ ខណៈបញ្ហាខ្យល់កន្ត្រាក់ បានកើតឡើងជាញឹកញាប់ស្ទើរទូទាំងប្រទេស នៅដើមឆ្នាំ២០១៩ នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំង៣ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួសជុលកែលម្អធ្វើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារបញ្ហាគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ។
ក្នុងពិធីសំណេះសំណាល និងពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២៧៩គ្រួសារ នៅស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា សម្រាប់ផ្ទះប្រជាពលរដ្ឋ ដែលមានអាទិភាពត្រូវនាំគ្នាទៅជួយធ្វើដំបូង គឺផ្ទះបានដួលរលំទាំងស្រុងដោយត្រូវចែកភូមិសាស្ត្រគ្នាធ្វើ ព្រោះនេះ ជាទម្លាប់ ជាប្រពៃណី អាកប្បកិរិយាទឹកចិត្តរបស់យើងពីដើមមក គឺតែងតែជួយគ្នាយ៉ាងដូច្នេះ ។
សម្ដេច ស ខេង បានបញ្ជាក់ថា ការជួយសង្គ្រោះនេះ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំង និងមន្ត្រីរាជការ អាជ្ញាធរគ្រប់ដាប់ថ្នាក់ វាខុសពីការសន្យាខ្យល់របស់ជនមួយចំនួន ដែលមិនជួយប្រជាពលរដ្ឋសោះ បានតែស្រែកពីខាងក្រៅថាខ្លួនស្នេហាជាតិ ស្រឡាញ់ពលរដ្ឋ សន្យាធ្វើយ៉ាងនេះយ៉ាងនោះ ប៉ុន្តែធាតុពិតមានតែអ្នកនៅក្នុងស្រុកជាអ្នកអភិវឌ្ឍន៍ ជួយពលរដ្ឋបានទាន់ពេល ហើយនៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងប្រទេស ។
ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏បានសន្យាថា នឹងបន្តជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារបញ្ហាគ្រោះធម្មជាតិនានា ដោយរាជរដ្ឋាភិបាលកម្ពុជា មិនទុកចោលពលរដ្ឋណាម្នាក់នោះទេ ហើយសម្ដេចក៏បានអំពាវនាវដល់សប្បុរសជននានា ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយពលរដ្ឋកំពុងជួបបញ្ហានេះផងដែរ ។
សូមបញ្ជាក់ថា អំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ នៅក្នុងស្រុកថ្មគោល ទាំង២៧៩គ្រួសារនោះរួមមាន ស័ង្កសី ២០សន្លឹក ចែកដល់២៨គ្រួសារ និង១០សន្លឹក ចែកដល់២៥១គ្រួសារ, ថវិកា២០០ ០០០រៀល, អង្ករ២៥គីឡូក្រាម, មី១កេស និងទឹកសុទ្ធ១កេស ។
គួរបញ្ជាក់ថា នៅថ្ងៃទី២១ និង២២ ខែមេសា ឆ្នាំ២០១៩ ខ្យល់ព្យុះកន្ត្រាក់ បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន១០ ស្មើនឹង៨៧៦ខ្នង ក្នុងនោះស្រុកថ្មគោលច្រើនជាងគេ និងបង្កឲ្យមានពលរដ្ឋរងរបួសផងដែរ ហើយសម្រាប់ថ្ងៃទី២៤ ខែមេសា ក៏មានខ្យល់កន្ត្រាក់ចំនួន៤ស្រុកទៀត ដោយប៉ះពាល់ផ្ទះពលរដ្ឋចំនួន ១០១ខ្នង ៕
No comments: