ព័ត៌មានថ្មីៗ
recent

ពិធីច្រត់ព្រះនង្គ័លឆ្នាំ២០១៩នេះ នឹងធ្វើឡើង នៅក្រុងដូនកែវ ខេត្តតាកែវ

ភ្នំពេញ៖ បើតាមការឲ្យដឹងពីមន្រ្តីគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បញ្ជាក់ថា ពិធីច្រត់ព្រះនង្គ័លឆ្នាំ២០១៩នេះ នឹងធ្វើឡើងនៅក្នុងបរិវេណសាលាបាល់ទាត់គីរីវង់សុខសែនជ័យ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្រោមព្រះរាជាធិបតិភាពដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះមហាក្សត្រកម្ពុជា សម្តេចនរោត្តមសីហមុនី។  
ឯកឧត្តម ឈិន កេតនា អនុប្រធានគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ មានប្រសាសន៍ថា ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រារព្ឋធ្វើទៅតាមបវេណីជាតិកម្ពុជា ដែលមានច្រើនពាន់ឆ្នាំមកហើយ ដែលធ្វើឡើងនាថ្ងៃទី៤រោច ខែពិសា ដែលឆ្នាំនេះ ត្រូវថ្ងៃពុធទី២២ ឧសភា និងប្រារព្ឋធ្វើឡើងនៅក្រុងដូនកែវ ខេត្តតាកែវ ក្រោមព្រះរាជាធិបតិភាពដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ។  
 
នាព្រឹកថ្ងៃនេះផងដែរ ក្រសួងទេសចរណ៍ ប្រកាសតាម រយៈបណ្ដាញសង្គមហ្វេសប៊ុកថា នាឱកាសដ៏មហោឡារិកនោះ នឹងមានរៀបចំតាំងពិព័រណ៍ផលិតផល កសិកម្មសិប្បកម្ម ក្នុងស្រុកឆ្នាំ២០១៩។ ព្រឹត្តិការណ៍បុណ្យប្រពៃណី ជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញ ដល់ទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់កាន់តែច្បាស់ អំពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់ របស់ខ្មែរដែលមានតាំងពីបុរាណកាលមក។ ពិសេសព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាពិធី ប្រព្រឹត្តឡើងជាមង្គលឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចំការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិឲ្យបង្អុរទឹកភ្លៀងបរិបូរណ៌ តាមរដូវកាលបម្រើឲ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់។  
ក្រសួងទេសចរណ៍ នឹងរៀបចំស្តង់ពិព័រណ៍រូបភាព ដើម្បីបង្ហាញពីការរីកចរើន នៃវិស័យទេសចរណ៍កម្ពុជា ដែលមានកំណើនជាលំដាប់ក៏ដូចជា ការតាំងបង្ហាញពីផលិតផលទេសចរណ៍ពិសេស ផលិតផលកសិទេសចរណ៍ សម្រាប់ជូនទេសចរជាតិនិងអន្តរជាតិ ទស្សនាក្នុងគោលបំណងបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍ “កម្ពុជា៖ព្រះរាជាណាចក្រអច្ឆរិយៈផ្តល់ភាពកក់ក្តៅ” និងចលនាប្រលងប្រណាំង“ទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អបដិសណ្ឋារកិច្ចល្អ” ឲ្យកាន់តែទូលំទូលាយថែមទៀត។  

សូមជំរាបថា ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំកាលពីឆ្នាំ២០១៨ ប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ឆ្នាំច ខែពិសាខ សំរឹទ្ធិស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៨ នៅទីព្រះស្រែ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូតនៃបណ្ដាប្រទេស ជាមិត្តប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ជាង ២០០០០នាក់។  
ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០១៩ ព្រាហ្មណ៍ព្រះរាជគ្រូ បានទស្សន៍ទាយ ទៅតាមក្បួនច្បាប់ប្រពៃណីពីបុរាណថា ដំណាំ ស្រូវ ពោត សណ្ដែក ទទួលបានផលល្អប្រសើរ បន្ទាប់ពីការផ្សងរបស់គោឧសភរាជទាំងពីរ បានបរិភោគ ស្រូវបានប្រមាណ៩៥ភាគរយ ពោត បានប្រមាណ៩៥ភាគរយ និងសណ្ដែកបានប្រមាណ៨០ភាគរយ ក្នុងចំណោមអាហារទាំងប្រាំពីរមុខ រួមមាន ស្រូវ,ពោត, ល្ង, សណ្តែក, ទឹក ,ស្រា និងស្មៅ ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ៕
https://drive.google.com/uc?export=view&id=1LdUlGdUWa-zYfdeByJ_XJwotrYhtfqdLhttps://drive.google.com/uc?export=view&id=1MSjdhlP8a9n7HelsqQ5Dy4NEQuHAllfmhttps://drive.google.com/uc?export=view&id=1vmMXKDAdKJQbt442-aRt0_3BOPvR57cF

No comments:

Powered by Blogger.