ព័ត៌មានថ្មីៗ
recent

សាខាកាំកុងត្រូលខេត្តតាកែវ ប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន ចុះត្រួតពិនិត្យស្វែងរកសារធាតុគីមីលើបន្លែផ្លែឈើ និងមុខទំនិញ មួយចំនួនដែលនាំចូលពីបរទេស

តាកែវ៖ នារសៀលថ្ងៃពុធ ០៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានដឹកនាំក្រុមមន្រ្តីជំនាញ ប្រចាំច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចុះត្រួតពិនត្យមុខទំនិញ ដែលនាំចូលឆ្លងកាត់តាមច្រកទ្វារអន្តរជាតិភ្នំដិន ដោយក្នុងនោះមុខទំនិញដែលបានត្រួតពិនិត្យរួមមាន៖ ត្រីខកំបុង ប្រេងឆា និងគ្រឿងឧបភោគ បរិភោគ លើបន្លែផ្លែឈើ ស្ពៃបូកគោ សណ្តែកបារាំង ជីរណា ផ្លែសេរី ប៉ោម ម្ទេសប្លោក មើមឆៃថាវ ការ៉ុត ខាត់ណា ផ្លែជំពូ ផ្លែមាន ស្លឹកកាឆាយ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត បានប្រាប់ SwiftNews តាមទូរស័ព្ទឲ្យដឹងថា ការបង្កើនសកម្មភាពចុះត្រួតពិនិត្យផលិតផលទំនិញ ដែលនាំចូលតាមច្រកសំខាន់ៗក្នុងខេត្ត ដោយបានយកគំរូបន្លែ និងផ្លែឈើមួយចំនួនយកធ្វើតេស្ដបឋម ប៉ុន្តែជាលទ្ធផល នៃការត្រួតពិនិត្យនេះ គឺមន្ត្រីជំនាញពុំបានរកឃើញភាពមិនប្រក្រតីនៅលើមុខទំនិញ និងបន្លែផ្លែឈើទាំងនោះឡើយ។ និងបានបញ្ជូនគំរូទាំងនោះមកធ្វើការវិភាគបន្ថែមនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានផងដែរ ។
លោកប្រធានសាខា បានធ្វើការបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ គឺមន្រ្តីជំនាញពិនិត្យស្វែងរក សារធាតុគីមីហាមឃាត ដាក់បន្ថែមនៅលើបន្លែផ្លែឈើមួយចំនួនមានដូចជា៖ សារធាតុគីមីBorax, សារធាតុគីមី Sodium Hydrosulfite និងសំណល់ថ្នាំសម្លាប់សត្វល្អិត ។ល។ ក្រៅតែពិនិត្យលើគ្រឿងឧបភោគបរិភោគ មន្រ្តីជំនាញក៏ត្រួតពិនិត្យលើមុខទំនិញមួយចំនួន ដើម្បីស្វែងរកផលិតផលបន្លំ មានដូចជា៖ បន្លំស្លាកសញ្ញា បន្លំឈ្មោះផលិតផល អាស័យដ្ឋានផលិត អ្នកនាំចូលប្រទេសផលិត សារធាតុផ្សំ របៀបប្រើ ការប្រុងប្រយ័ត្ន បរិមាណ ឬទំម្ងន់ ថ្ងៃខែឆ្នាំផលិត ឬថ្ងៃខែឆ្នាំ ផុតកំណត់ ។ល។
លោក ប៉ោ លាងគង់ បានបន្តថាប្រសិនបើមុខទំនិញ និងបន្លែផ្លែឈើ ដែលមានផ្ទុកសារធាតុគីមីនោះ គឺវាមានផលប៉ះពាល់ដោយផ្ទាល់ ដូចជា ធ្វើឲ្យវិលមុខ ធេងធោង ក្អួតចង្អោរ ខូចក្រពះ តម្រងនោម ជំងឺសើស្បែក និងធ្វើឲ្យសុខភាពចុះខ្សោយជាដើម ហើយវាក៏អាចប៉ះពាល់ដោយប្រយោលចំពោះអ្នកទទួលទានផងដែរ ជាពិសេស គឺប្រភេទថ្នាំពុលគីមីដែលអាចជ្រៀតចូលទៅក្នុងបន្លែ និងផ្លែឈើ មានផលប៉ះពាល់ដល់អ្នកទទួលទានអាចបណ្តាលឲ្យក្អួត ឬដល់ថ្នាក់សន្លប់ និងមានសុខភាពខ្សោយជាដើម។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីបញ្ហាប្រឈមទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ៕
ប្រភព៖ SwiftNews












No comments:

Powered by Blogger.