ប្រធានគណៈបញ្ជាការឯកភាពស្រុកព្រៃកប្បាសបើកកិច្ចប្រជុំរកដំណោះស្រាយទប់ស្កាត់និងបង្ការបទល្មើសផ្សេងៗក្នុងមូលដ្ឋាន
ខេត្តតាកែវ ÷ ប្រធានគណៈបញ្ជាការឯកភាពស្រុកព្រៃកប្បា សលោក ញ៉ែម ស្រស់ បានបើកកិច្ចប្រជុំជាមួយនិងកងកម្លាំងទាំងបីប្រភេទក្នុងមូលដ្ឋានដើម្បីរកវិធីបង្ការនិងទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋានពិសេសបទល្មើសល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍។
លោកញ៉ែមស្រស់អភិបាលនៃគណៈអភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុកព្រៃកប្បាសបានបើកកិច្ចប្រជុំជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទក្នុងស្រុកដើម្បីរកដំណោះស្រាយទប់ស្កាត់បង្ក្រាបរាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋានពិសេសបទល្មើសល្បែងបញ្ជល់មាន់តាមកញ្ចក់ទូរទស្សន៍ដែលកំពុងតែពេញនិយម។
ការបើកកិច្ចប្រជុំរកដំណោះស្រាយបង្ការនិងទប់ស្កាត់បទល្មើសនេះគឺធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ ដែលមានសមាសភាពចូលរួមមាន លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស លោក លោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធានការិយាល័យនិងអង្គភាពជុំវិញស្រុកលោកមេឃុំគ្រប់ឃុំ លោកនាយបុស្តិ៍រដ្ឋបាលឃុំគ្រប់ឃុំផងដែរ។
ជាលទ្ធផលនៃកិច្ចប្រជុំនាពេលនោះ អង្គពិធីទាំងមូលបានផ្ដោតសំខាន់ទៅលើបទល្មើសថ្មីមួយទៀតគឺលេងល្បែងបញ្ជល់មាន់តាមកញ្ចក់ទូរទស្សន៍នៅតាមហាងកាហ្វេដែលបទល្មើសនេះមានអ្នកចូលលេងភ្នាល់ដាក់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់រាប់លានរៀលទៀតផង។ ហើយបើតាមរបាយការណ៍ដែលអង្គប្រជុំទទួលបាននាពេលនោះផងដែរគឺមាន១៦ ទីតាំងនៅទូទាំងស្រុកព្រៃកប្បាសដែលកំពុងតែលេងល្បែងភ្នាល់បញ្ជល់មាន់តាមទូរទស្សន៍យ៉ាងអនាធិបតេយ្យ។
ចុងបញ្ចប់នៃកិច្ចប្រជុំនោះលោកប្រធានគណៈបញ្ជាការឯកភាពស្រុកសម្រេចថានឹងដឹកនាំកម្លាំងចុះបង្ក្រាបនៅទីតាំងទាំង១៦កន្លែងដែលបើកលេងល្បែងភ្នាល់បញ្ជល់មាន់តាមកញ្ចក់ទូរទស្សន៍នេះឲ្យខានតែបានដើម្បីភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
No comments: