ប្រជាពលរដ្ឋពីរឃុំនៅស្រុកព្រៃកប្បាសប្រតិកម្មនិងម្ចាស់ស្ថានីយ៍ផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែមិនបានបំពេញតាមតម្រូវការពួកគាត់
ខេត្តតាកែវ ៖ ប្រជាពលរដ្ឋចំនួន២ឃុំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ បានចោទលោក ឈុន សារឹន ហៅប៉ោង ម្ចាស់ស្ថានីយ៍ផ្គត់ផ្គងទឹកធ្វើស្រែថា កំពុងកេងចំណេញនិងបោកពួកគាត់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ស្រែប៉្រាំង។
ប្រជាពលរដ្ឋនៅឃុំព្រៃល្វានិងឃុំបានកាមក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងព្រួយបារម្ភគ្មានទឹកធ្វើស្រែ ខណៈលោក ឈុន សារឹន ហៅប៉ោង មិនព្រមផ្តល់ទឹកឲ្យពួកគាត់ ដូចពេលកន្លងមក ជាហេតុធ្វើឲ្យដំណាំស្រូវពួកគាត់ជួបប្រទះនូវការខូចខាត់ព្រោះគ្មានទឹកគ្រប់គ្រាន់។ តាមការអះអាងពីប្រជាពលរដ្ឋទាំងពីរឃុំនេះថា លោក ឈុន សារឹន ហៅប៉ោង បានបង្កើនមហិច្ឆតាគៀបស៊ីប្រជាពលរដ្ឋដណ្តើមយកដំបន់ធ្វើស្រែជាច្រើនពីស្ថានីយ៍បូមទឹកផ្សេងៗ ដើម្បីរកប្រាក់ចំណូលចូលហោប៉ៅខ្លួនឯងគ្មានក្រែងចិត្តប្រជាពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋលើកឡើងថា បច្ចុប្បន្ននេះដីស្រែពួកគាត់រាប់ពានហិចតានិងត្រូវខ្វះខាត់ទឹកប្រសិនបើលោក ឈុន សារឹន មិនព្រមបញ្ចេញទឹកផ្គត់ផ្គង់ស្រែពួកគាត់។ ហើយបើសកម្មភាពនេះនៅតែមិនមានការកែប្រែពីម្ចាស់ស្ថានីយ៍បូមទឹកនោះទេ ពួកគាត់និងផ្តិតមេដៃប្តឹងទៅសមត្ថកិច្ចពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ហើយនិងឲ្យសងថ្លៃសម្រាប់ការខូចខាតស្រូវរបស់ពួកគាត់ទាំងស្រុកតែម្តង។
ជុំវិញករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឈុន សារឹន ម្ចាស់ស្ថានីយ៍បូមទឹកដែលប្រជាពលរដ្ឋតវ៉ានោះបានទេ ប៉ុន្តែលោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា លោកនិងចុះទៅពិនិត្យជាក់ស្តែងនៅតាមវាលស្រែប្រជាពលរដ្ឋនិងស្ថានីយ៍បូមទឹករបស់លោក ឈុន សារឹន ហើយនិងហៅលោកមកបំភ្លឺ។
លោកអភិបាលស្រុកបញ្ជាក់ថា បើគ្មានលទ្ធភាពផ្គត់ផ្គងទឹកឲ្យប្រជាពលរដ្ឋធ្វើស្រែទេ សុំឲ្យ ឈុន សារឹន ប្រគល់សិទ្ធឲ្យម្ចាស់ស្ថានីយ៍ផ្សេងដែលមានលទ្ធភាពផ្គត់ផ្គងទឹកគ្រប់គ្រាន់ឲ្យប្រជាពលរដ្ឋធ្វើស្រែវិញទៅ ជៀសវាងការខូចខាតដំណាំស្រូវពួកគាត់៕
ដោយ៖សុផៃ
No comments: