ព័ត៌មានថ្មីៗ
recent

ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន៖ ចាត់ទុកការកសាងសាលា គឺជាការកសាងធនធានមនុស្សផងដែរ

តាកែវ៖ថ្លែងពីពិធីសម្ពោធសាលាអនុវិទ្យាល័យគិតម៉េងប្រាសាទ១ខ្នង ដែលមាន៥បន្ទប់ ដែលជាអំណោយរបស់មូលនិធិក្លិប១ភាគរយនៃក្រុមហ៊ុនAEON ដែលស្ថិតនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានចាត់ទុកការកសាងសាលារៀនគឺជាការកសាងនូវធនធានមនុស្សនៅកម្ពុជា ឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បន្តថា ឯកឧត្តមតែងតែចុះសម្ពោធសាលារៀនជាមួយនឹងនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែនទូទាំងប្រទេស ហើយសម្តេចតែប្រាប់ថា ការកសាងសាលារៀននេះ វាប្រៀបបានដូចនឹងយើងបានកំពុងតែកសាងធនធានមនុស្សអច្ចឹងដែរ ដូច្នោះយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឲ្យមានសាលារៀន តាំងពីថ្នាក់ទាបរហូតមានឧត្តមសិក្សានៅខេត្តឲ្យបានច្រើន ដើម្បីធានាបាននូវភាពងាយស្រួលដល់ក្មួយៗសិស្សានុសិស្សបានសិក្សារៀនសូត្រនៅជិតផ្ទះ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែមទៀតថា សម័យនេះ គឺការសម័យដែលកូនក្មួយ មានសំណាងណាស់ គឺមិនចាំបាច់ទៅសិក្សារៀនសូត្រឆ្ងាយពីផ្ទះនោះឡើយ គឺយើងមានសាលារៀនតាំងពីបឋមរហូតទៅដល់មហាវិទ្យាល័យនៅក្នុងភូមិស្រុក និងខេត្តរបស់យើង នេះជាការនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានពង្រឹង និងចាទុកវិស័យអប់រំជាវិស័យអាទិភាព ដោយធ្វើយ៉ាងណាឲ្យវិស័យមួយនេះ មានគុណភាព ធានាបាននូវធនធានមនុស្សដែលសម្បូរទៅដោយចំណេះដឹង បទពិសោធន៍ជ្រៅជ្រះ ។
បើតាម ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន រាជរដ្ឋាភិបាល និងផ្នែកឯកជន នឹងបន្តខិតខំកសាងសាលារៀនបន្ថែមទៀត នៅតាមតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជន ដើម្បីឲ្យក្មួយៗ បានសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់ និងក្លាយជាធនធានមនុស្សដ៏ចំាបាច់របស់សង្គមជាតិនាពេលអនាគត់ ដើម្បីចូលរួមធ្វើការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ៕

 



No comments:

Powered by Blogger.