អាជ្ញាធរខេត្តតាកែវ នឹងចាត់វិធានការណ៍ផ្លូវច្បាប់ ចំពោះម្ចាស់ឱសថស្ថានណាដែលបើកលក់ឱសថគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល
តាកែវ៖នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី ១៤ ខែមីនានេះ ដែលរៀបចំកិច្ចប្រជុំនៅមន្ទីរសុខាភិបាលខេត្តតាកែវ លោកស្រី គា សុភូ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្តតាកែវ បានប្រកាសចាត់វិធានការណ៍តាមផ្លូវច្បាប់ដោយគ្មានការលើកលែង ចំពោះម្ចាស់ឱសថស្ថានណាដែលបើកលក់ឱសថដែលគ្មានការអនុញ្ញាតអនុញ្ញាតពីក្រសួងសុខាភិបាល ។ ការប្រកាស់ចាត់វិធានការណ៍តាមផ្លូវច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីសុខាភិបាលខេត្ត បានពិនិត្យឃើញមានគ្លីនិចឯកជនមួយចំនួនតូចនៅតាមស្រុកបានបើកថ្នាំដល់អ្នកជំ ងឺនិងលក់ថ្នាំដោយពុំមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលជាហេតុធ្វើឲ្យប៉ះពាល់សុខភាពជាធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ។
លោកស្រី គា សុភូ អភិបាលរងខេត្ត បន្តថា ដោយធានាបានចំពោះសុខមាលភាពសាធារណៈ និង ប្រជាពលរដ្ឋមានសុខភាពល្អមាំមួននោះ យើងក៍ត្រូវធានាផងដែរចំពោះឱសថ ដែលមានគុណភាព និងមានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ព្រោះឱសថវាជាអាវុធមុខពីរ បើសិនជាឱសថនោះគ្មានគុណភាព ក្លែងក្លាយ វាប្រាកដណាស់នឹងធ្វើឲ្យសុខភាពរបស់ប្រជាពលរដ្ឋកាន់តែដុនដោបទៅ ពិសេសគឺខាតបង់ទាំងពេលវេលា ទ្រព្យសម្បត្តិ ហើយអាចនឹងឈានទៅប៉ះពាល់អាយុជីវិតថែមទៀតផង ប៉ុន្តែបើឱសថនោះមានគុណភាពល្អ និងទទួលបានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល វានឹងធ្វើឲ្យជំងឺរបស់ពួកគាត់បានឆាប់ជាសះស្បើយជាក់ជាពុំខាន ។
លោកស្រីអភិបាលរងខេត្ត បន្ថែមទៀតថា ឱសថក្លែងក្លាយនេះ ក្នុងនាមយើងជាគណៈកម្មការ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្ត ត្រូវតែយកចិត្តទុកដាក់ និងធ្វើការត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំ នៅតាមឱសថស្ថាន និងគ្លីនិចព្យាបាលជម្ងឺឯកជន ដើម្បីបានដឹង និងទប់ស្កាត់បានទាន់ពេលវេលា ពិសេសគឺអប់រំណែនាំទៅដល់ម្ចាស់ឱសថស្ថានទាំងនោះ ឈប់លក់ឱសថណាដែល គ្មានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ហើយក្នុងករណីដែលម្ចាស់ឱសថស្ថាន មិនព្រមកែប្រែ តាមការអប់រំណែនាំដែលមានកិច្ចសន្យាជាមួយនឹងមន្រ្តីជំនាញ ម្ចាស់ឱសថស្ថាននោះ នឹងទទួលខុសត្រូវ ចំពោះមុខច្បាប់ ។
បើតាមលោកស្រីអភិបាលរងខេត្ត អាជ្ញាធខេត្តតាកែវនិងធ្វើការរឹតបន្តឹង អោយបានម៉ឺងម៉ាត់ជាតីបំផុតចំពោះការលក់ឱសថ ហើយយើងនិងប្រឹងប្រែងយកគំរូតាមប្រទេសជៀនលឿន ដែលការលក់ឱសថអោយអ្នកជំងឺ ត្រូវតែមានវិជ្ជៈបញ្ជាពីពីវិជ្ជបណ្ឌិតច្បាស់លាស់ ជាពិសេសទៅទៀតនោះយើងនិងប្រឹងប្រែងធ្វើយ៉ាងណាអោយក្រុមគ្រូពេទ្យទាំងអស់មានសីលធម៌ គុណធម៌ វិជ្ជាជីវៈត្រឹមត្រូវ សក្តសមជាគ្រូពេទ្យដែលអ្នកជំងឺមានជំនឿជឿទុកចឹត្តអាចជួយព្យាបាលពួកគាត់បានជាសះស្បើយ ៕



No comments: