ព័ត៌មានថ្មីៗ
recent

មន្រ្តីជាន់ខ្ពស់ក្រសួងដែនដីជម្រុញដល់ប្រធានមន្ទីរថ្មីត្រូវពន្លឿនការចុះបញ្ជីក្បាលដីឲ្យបានល្បឿនបន្ថែមទៀត

តាកែវ៖មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការជម្រុញ និងពន្លឿន នីតិវិធីនៃការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ និងលក្ខណៈដាច់ដោយដុំឲ្យបានល្បឿន ដើម្បីបំពេញតម្រូវ ការដល់ប្រជាពលរដ្ឋ ពិសេសគឺកាត់បន្ថយការរំលោភបំពាន និងមានកទំន្លាស់ដីធ្លីនៅកម្ពុជា ។
          ថ្លែងក្នុងពិធីប្រកាស់តែងតាំងចូលកាន់តំណែង ប្រធានមន្ទីររៀបចំដែនដីនគរូបបនីយកម្ម សំណង់ និងសូរិយោដីខេត្តតាកែវ នាព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេ​​ខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា ដើម្បីបញ្ចប់ទំនាស់ ក៍ដូចជាមានករណីរំលោពបំពានដីធ្លីពីជនមានអំណាច ឬជនខិលខូចមួយចំនួន មកលើប្រជាពលរដ្ឋ ស្លូតត្រង់ សូមជម្រុញលើកិច្ចការងារនេះ ទៅដល់លោកប្រធានមន្ទីរថ្មី ត្រូវធ្វើយ៉ាងណាខិតខំពន្លឿន ការងារចុះបញ្ជីដីធ្លីនេះឲ្យចប់សព្វគ្រប់តាមផែនការ និងបំពេញបំណងរបស់ប្រជាពលរដ្ឋក្នុងការឲ្យពួកគាត់មានប័ណ្ណកម្មសិទ្ធស្របច្បាប់ ។
          ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ការផ្តល់ដល់ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធស្របច្បាប់នេះ វានឹងធ្វើឲ្យពួកគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ចែងចាត់ និងអាស្រ័យផលយ៉ាងពេញលេញ ហើយក្នុងនោះដែរ គឺមិនភ័យខ្លាចថាអ្នកណាម្នាក់ មករំលោភយកដីរបស់គាត់ ឬក៍មានទំនាស់ដីធ្លីជាមួយអ្នកជិតខាងរបស់គាត់ផងដែរ ។ នេះហើយវាជាសេវាសាធារណៈរបស់មន្រ្តីសូរិយោដីទាំងអស់ ក្នុងការងារចុះបញ្ជីដីធ្លី និងការចេញលិខិតអនុញ្ញាតសាងសង់ជាដើម ។
បើតាមឯកឧត្តម ឆាន់ សាផាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះខេត្តតាកែវ បានអនុវត្តន៏កម្មវិធីវិស័យរដ្ឋបាលដីធ្លីនៅក្នុងស្រុក-ក្រុងចំនួន៧ បាន៤៨ឃុំ និងភូមិបានចំនួន ៥៦៨ភូមិ ដោយក្នុងនោះប្រមូលទិន្នន័យចំនួនជាង៥សែនក្បាលដី បិតផ្សាយចប់បានចំនួនជាង៥សែនក្បាលដី និងបានចែកប័ណ្ណកម្មសិទ្ធិដល់ដៃប្រជាពលរដ្ឋបានចំនួនជាង៤សែនប័ណ្ណ។ ការធ្វើកិច្ចការដ៏លំបាកនិងទទួលបានជោគជ័យនេះបានធ្វើអោយខេត្តតាកែវស្ថិតនៅក្នុងចំណោមខេត្ត៣ ដែលមានការចុះបញ្ជីដីធ្លីនិងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋបានច្រើនជាងគេ។
សូមបញ្ជាក់ថា សម្រាប់ការប្រកាសប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសូរិយោដីខេត្តតាកែវ ធ្វើឡើងបន្ទាប់ពីប្រធានមន្ទីរចាស់លោក សុក សិត ត្រូវបំពេញការងារថ្មីនៅក្រសួងជាអនុប្រធានភរិក្សសុរិយោដី ហើយក្នុងនោះលោក នួន សុធា ត្រូវបានតែងតាំងពីអនុប្រធានមន្ទីរទៅជាប្រធាន​មន្ទីរដែនដីនគរូបនីកម្ម សំណង់ និងសូរិយោដីខេត្តវិញ ៕
 

No comments:

Powered by Blogger.