មន្ទីរសាធារណៈការខេត្តតាកែវ÷ អំពាវនាវឲ្យម្ចាស់យានយន្តគ្រប់ប្រភេទមកធ្វើឆៀករថយន្តរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា
តាកែវ៖អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ លោក អ៊ុំ ចាន់ធូ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងអស់ សូមអញ្ជើញយកយានយន្តរបស់ខ្លួនមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី ១៣ កុម្ភៈនេះតទៅ។ ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងឱកាសដែលក្រុមហ៊ុន CVMIC បានដាក់ឲ្យដំណើរការនូវម៉ាស៊ីនធ្វើឆៀកចល័តសម្រាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ នៅបរិវេណមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តនៅព្រឹកថ្ងៃទី ១៣ កុម្ភៈ ២០១៧។
លោក អ៊ុំ ចាន់ធូ អនុប្រធានមន្ទីរសាធារណៈខេត្ត បន្តថា ចំពោះការដាក់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះនៅតាមបណ្តាខេត្ត ពិសេសនៅខេត្តតាកែវ វាជាកំណែទម្រង់ របស់ក្រសួងសាធារណៈក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដើម្បីជួយសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការចំណាយទាំងពេលវេលា និងថវិកាសម្រាប់ធ្វើឆៀករថយន្តនៅឆ្ងាយ ។
លោកអនុប្រធានមន្ទីរ បន្ថែមទៀតថា នៅក្នុងការដាក់ម៉ាស៊ីននេះដែរ ចំពោះយានយន្ត ណាដែលពុំមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ដែលខ្វះខាតតាមការតម្រូវដូចជា ខ្សោយភ្លើងសម្រាប់បំភ្លឺផ្លូវ ស៊ីភ្លេមិនលឺច្បាស់ និងមានបញ្ហាហ្រ្វាងមិនសូវស៊ីជាដើម នឹងប្រភេទយានយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស នោះខាងមន្រ្តីជំនាញមិនអនុញ្ញាតឲ្យម្ចាស់យានយន្តមកធ្វើឡើយ លុះត្រាតែគាត់យកទៅជួសជុល ឬកាត់ទ្រុងឡើងវិញ ទើបមន្រ្តីយើងអនុញ្ញាតឲ្យធ្វើការត្រួតពិនិត្យ ហើយចំពោះរយៈពេលនៃការត្រួតពិនិត្យនេះ គឺអាស្រ័យទៅតាមយានយន្តមកច្រើនឬក៍តិច មានន័យថាបើសិនជាមានយានយន្តមកច្រើនខាងក្រុមហ៊ុននឹងធ្វើការត្រួតពិនិត្យមិនកំណត់រយៈពេល។
បើតាមលោក អ៊ុំ ចាន់ធូ ក្រោយពីម្ចាស់យានយន្តបំពេញឯកសាររួចរាល់ហើយ បងប្អូនអាចទៅបង់ប្រាក់សេវានៃការត្រួត ពិនិត្យលក្ខណៈបច្ចេកទេសនៅភ្នាក់ងារវីងនៅទូទាំងប្រទេស ដោយពុំចាំបាច់ខ្លាចបង់សេវាក្រៅផ្សេងឡើយ ហើយក្នុងមួយថ្ងៃនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនេះ គឺមានយានយន្តមកត្រួតពិនិត្យចន្លោះជាង១រយគ្រឿង ខណៈដែលលើកទី០១មានយានយន្តចំនួន៤១០គ្រឿងដែលបានចូលមកត្រួតពិនិត្យបច្ចេកទេស ៕
No comments: