ការនាំស្រូវទៅលក់នៅប្រទេសវៀតណាមឆ្លងកាត់ខេត្តតាកែវមានការធ្លាក់ចុះប្រមាណ៧ម៉ឺនតោន
តាកែវ ៖ ការនាំស្រូវពីបណ្ដាលខេត្តនានានៅក្នុងប្រទេសកម្ពុជា យកទៅលក់នៅប្រទេសវៀតណាមឆ្លងកាត់តាមខេត្តតាកែវក្នុងឆ្នាំ២០១៦នេះ មានការធ្លាក់ចុះប្រមាណជាង៧ម៉ឺនតោន បើគិតជាភាគរយគឺប្រមាណ៣០ភាគរយបើប្រៀបធៀបទៅនិងឆ្នាំ២០១៥កន្លងមក។
ថ្លែងប្រាប់ទូរទស្សន៏ប៊ីធីវីតាមទូរស៍ព្វ នៅព្រឹកថ្ងៃ អង្គារ៏ ទី ៣១ ខែ មករា ឆ្នាំ ២០១៧ នេះ លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានថ្លែងឲ្យដឹងថា ក្នុងមួយថ្ងៃៗមានស្រូវប្រមាណជិត៥រយតោនបានដឹកឆ្លងកាត់ស្រុក៤របស់ខេត្តតាកែវ គឺស្រុកអង្គបូរី ស្រុកបូរីជលសារ ស្រុកកោះអណ្ដែតនិងស្រុកគីរីវង់ យកទៅលក់អោយក្រុមឈ្មួញនៅប្រទេសវៀតណាម។ ស្រូវភាគច្រើនដែលដឹកទៅលក់នៅប្រទេសវៀតណាមគឺប្រភេទស្រូវអ៊ីអ៊ែ ដោយស្រូវនេះមានតម្លៃប្រមាណ៧២០រៀលទៅ៨រយរៀលក្នុងមួយគីឡូ។
លោកប្រធានមន្ទីរកសិកម្មបានមានប្រសាសន៏បន្តថា ដោយឡែកស្រូវរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តតាកែវបានប្រមូលស្រូវរដូវប្រាំងបានប្រមាណ៩០ភាគរយ។ ហើយស្រូវរបស់បងប្អូនប្រជាកសិករដែលរស់នៅតាមបណ្ដោយព្រំដែនភាគច្រើនបានលក់ទៅអោយឈ្មួញវៀតណាម។
បើតាមលោក ញឹប ស្រ៊ន មូលហេតុដែលការនាំស្រូវទៅលក់នៅប្រទេសវៀតណាម ឆ្លងកាត់ខេត្តតាកែវមានការធ្លាក់ចុះគឺបណ្ដាលមកពីមានរោងម៉ាស៊ីនកិនស្រូវ ជាច្រើននៅក្នុងប្រទេសកម្ពុជាយើងត្រូវបានបង្កើតឡើង។ នៅក្នុងខេត្តតាកែវមានរោងមានស៊ីនកិនស្រូវខ្នាតធំចំនួន២ បានទិញស្រូវរបស់បងប្អូនប្រជាកសិករក្នុងខេត្តប្រមាណ១០ភាគរយ។ ហើយរថយន្តដឹកស្រូវពីបណ្ដាលខេត្តមួយចំនួន បានដឹកយកទៅលក់នៅរោងម៉ាស៊ីនកិនស្រូវនៅព្រែកហូ ខេត្តកណ្ដាលនិងមួយចំនួនធំទៀតបានដឹកយកទៅលក់នៅរោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តព្រះសីហនុ៕
ប្រភពដោយ BTV




No comments: