មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌៖ សម័យសកលភាវូនីយកម្ម មិន អាច បិទវប្បធម៌បរទេសមិនអោយចូលមកស្រុកយើងបានទេ
តាកែវ ៖ ថ្លែងនៅក្នុងពិធីប្រកាស់ចូលកាន់មុខតំណែង ប្រធាន-អនុប្រធានមន្ទីរវប្បធម៌និងវិចឹត្រសិល្បៈខេត្តតាកែវ ដោយតែងតាំងលោកស្រី ព្រំ គន្ធា ជាប្រធានមន្ទីរជំនួសលោក ប្រាក់ ប៊ន ដែលចូលនិវិត្តន៍ នៅរសៀលថ្ងៃ ព្រហស្បត្ត៏ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៦ នៅសាលមហោស្រពខេត្តតាកែវ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់អោយមន្រ្តីដែលស្ថិតនៅក្នុងវិស័យសិល្បៈទាំងអស់ ត្រូវបញ្ជ្រាបការយល់ដឹងពីតម្លៃសិល្បៈវប្បធម៌ខ្មែរដ៏សំបូរបែបទៅដល់យុវជនជំនាន់ក្រោយអោយដឹងគ្រប់ៗគ្នា។ ឯកឧត្តម អ៊ុក សុជាតិ បានមានប្រសាសន៏បន្តថា នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្នមានវប្បធម៌បរទេសចម្រុះបានចូលមក។ យុវ័យខ្មែរយើងមួយចំនួនបានទទួលយកវប្បធម៌បរទេសដោយមិនដឹងខ្លួន និងបានបំភ្លេចវប្បធម៌ប្រពៃនីយ៏ដ៏ល្អផូផង់របស់ខ្មែរយើង។ យើងមិនអាចហាមឃាត់វប្បធម៌គេមិនអោយចូលមកស្រុកខ្មែរយើងបាននោះទេ ព្រោះសម័យនេះជាសម័យសកលភាវូនីយកម្ម។ ក៏ប៉ុន្តែដើម្បីទប់ស្កាត់កុំអោយយុវជនយើងមើលរំលងវប្បធម៌ខ្មែរយើង អ្នកពាក់ព័ន្ធទាំងអស់ជាពិសេសមន្រ្តីដែលបំរើការផ្នែកសិល្បៈ វប្បធម៌ ត្រូវតែបញ្រ្ជាបការយល់ដឹងពីវប្បធម៌ខ្មែរយើងដល់យុវជនតាមរយៈការសំដែងសិល្បៈ លេងល្ខោនយីកេ ប្រឡងចំរៀងអាយៃ ចំរៀងចាប៉ីដងវែងជាដើមអោយបានញឹកញាប់នៅតាមភូមិឃុំ ក្នុងគោលបំណងអោយប្រជាពលរដ្ឋបានទស្សនានិងបានយល់ដឹងពីតម្លៃនៃវប្បធម៌ខ្មែរយើង។
នៅក្នុងឱកាសនោះឯកឧត្តម អ៊ុក សុជាតិ ក៏បានជម្រុញអោយមន្រ្តីវ័យក្មេងដែលបំរើការផ្នែកវប្បធម៌ទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត តាមរយៈបន្តការសិក្សានៅសកលវិទ្យាល័យសិល្បៈនិងក្លាយជាអ្នកបន្តវេនរបស់អ្នកជំនាន់ មុនដ៏មានសមត្ថភាពពិតប្រាកដ៕









No comments: