ព័ត៌មានថ្មីៗ
recent

ថ្មម៉ាបពីរដុំព្រំដែនរវាងអាហ្សង់ទីន នឹងស៊ីលី មានសម្រស់ស្រស់ស្អាតគួរអោយចង់គយគន់

ក្រុងប៊ុយណូស៊ែ: បឹងជេនើរ៉ល ខាររ៉េរ៉ា (General Carrera Lake ខាងភាគីស៊ីលី) ឬ បឹងប៊ុយណូស៊ែ (Lake Buenos Aires ដែនទឹកអាហ្សង់ទីន) គឺជាបឹងមួយស្ថិតក្នុងតំបន់ ប៉ាតាហ្គូនៀ ដែលខណ្ឌចែកដែនសីមារវាងអាហ្សង់ទីន និងស៊ីលី។
បឹងពីរប្រទេសលាតសន្ធឹងផ្ទៃទឹក ១៨៥០ គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅភាគីស៊ីលី ៩៧០ គីឡូម៉ែត្រការ៉េ ជាបឹងធំបំផុតនៅស៊ីលី និងភាគីអាហ្សង់ទីន ៨៨០ គីឡូម៉ែត្រការ៉េ ជាបឹងធំលំដាប់ទី ៤។
បឹង ខាររ៉េរ៉ា មានជម្រៅជ្រៅបំផុត ៥៨៦ ម៉ែត្រ។ ចំណែកឯល្អាងម៉ាប គឺជាទម្រង់ភូមិសាស្ដ្រធម្មជាតិដ៏ស្រស់ស្អាត។
ល្អាងទាំងនេះបានកកើតពីថ្មម៉ាបសុទ្ធសាធ និងស្ថិតក្នុងទីតាំងទឹកជ្រៅនៃបឹងជេនើរ៉ល ខាររ៉េរ៉ា។កោះ Marble Chapel ដែលស្ថិតក្នុងឃុំស៊ីលីស៊ីកូ ខេត្ដ ជេនើរ៉ល ខាររ៉េរ៉ា ត្រូវបានបង្កើតឡើងដោយឆកម៉ាបដ៏ធំមួយ ដែលទឹកបឹងហូរច្រោះ រំលេចជាល្អាងតូចៗនៅកម្រិតផ្ទៃទឹកដែលអាចធ្វើដំណើរទៅទស្សនាតាមទូក។
សណ្ឋានថ្មកកើតដោយបាតុភូតទឹកច្រោះទម្លុះពីរបីពាន់ឆ្នាំ។
បឹង ជេនើរ៉ល ខាររ៉េរ៉ា ដ៏ធំមហិមា មានប្រភពពីទន្លេដែលកកើតឡើងពីទឹកកករលាយនៃជួរភ្នំប៉ាតាហ្គូនៀ អានេ្រដស។
ទឹកលើជួរភ្នំនេះផ្ទុកបំណែកតូចៗ ហើយនៅពេលទឹកកករលាយ បំណែកទាំងនោះហូរមកផ្ដុំគ្នាក្នុងផ្ទៃបឹងដែលជាហេតុនាំឲ្យកើតជាបាតុភូតចម្លែក រំលេចជាស្នាមពណ៌ប្លែកៗលើផែនថ្មចាំងឆ្លុះផ្ទៃទឹកពណ៌ខៀវស្រងាត់។
ថ្មកែវ ឬម៉ាប អាចរលាយក្នុងទឹក។ ដូច្នេះ នៅពេលទឹកបឹងកើនឡើងដល់កម្រិតខ្ពស់ ដំណើររលាយថ្មកែវចាប់ផ្ដើមទៅកម្រិតកម្ពស់ទឹកផងដែរ។
ភ្ញៀវទេសចរជិះទូកចូលតាមក្រហែងថ្មដើម្បីទស្សនាល្អាងថ្មម៉ាប។
ថ្មកែវរលាយលឿននៅកម្រិតផ្ទៃទឹកខាងលើ ដែលកម្ទេចថ្មល្អិតៗត្រូវបានរលកបោកបក់។ មិនយូរប៉ុន្មាន រយៈពេល ២ ឬ ៣ ពាន់ឆ្នាំ (ជាវេលាតិចតួចសម្រាប់ដំណើរវិវិត្ដនៃភូមិវិទ្យា) ប្រតិកម្មរវាងថ្មម៉ាប និងទឹកបឹងខៀវបង្កើតបានជាសម្រស់ដ៏ស្រស់ត្រកាលដោយមានល្អាងតូចៗជាច្រើន រូងខ្វាត់ខ្វែង សរសរច្រោះ និងចង្អូរទម្លុះថ្មម៉ាបបង្កើតបានជាសណ្ឋានទ្រង់ទ្រាយគួរឲ្យទាក់ទាញ។
បឹងនៅដែនទឹកអាហ្សង់ទីន ងាយស្រួលធ្វើដំណើរជាង ដោយឆ្លងកាត់ផ្លូវដែលធ្លាប់ប្រើដោយពលរដ្ឋអម្បូរ តេហ៊ួលចេសស៍ (Tehuelches) និងអ្នកស្រាវជ្រាវ ហ្វ្រង់ស៊ីស្កូ ម៉ូរ៉េណូ (Francisco Moreno)។
ចំណែកឯភាគីស៊ីលី មានសាឡង់ដឹកជញ្ជូនចន្លោះពី ប៉ូតូ អ៊ីនហ្គេនៀរ៉ូ អ៊ីបាណេហ្ស និងស៊ីលី ស៊ីកូ។ការជិះទូកគយគន់ថ្មម៉ាបចាំឆ្លុះផ្ទៃទឹកខៀវស្រងាត់គឺជាបទពិសោធមិនអាចបំភ្លេចបានក្នុងឆាកជីវិត៕

No comments:

Powered by Blogger.