សាខាកាំកុងត្រូលខេត្តតាកែវ ចុះរឹបអូសទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ នៅផ្សារអង្គតាសោម ស្ថិតនៅក្នុងស្រុកត្រាំកក់
កាំកុងត្រួលខេត្តតាកែវ នៅថ្ងៃទី ៣០ សីហា ២០១៦ បានធ្វើការដកហូតយកទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ពីអាជីវករនៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ដែលជាប្រភេទ ទំនិញជាទឹកក្រូចដបធំចំនួន១៣ ចំណុះ៣.១លីត្រ និងគ្រឿងកំប៉ុងមួយចំនួន ។ ការចុះដកហូតទំនិញខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសដែលមន្រ្តីកាំកុងត្រួល ដឹកនាំដោយ លោក ប៉ោ លាងគង់ ប្រធានសាខា សហការជាមួយនឹងមន្ទីរពាណិជ្ជកម្មខេត្ត សមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យមើលពីគុណភាពទំនិញនៅក្នុងផ្សារអង្គតាសោម ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រួលខេត្ត បានថ្លែងបញ្ជាក់ថា នៅក្នុងប្រតិបត្តការណ៍នេះ មន្រ្តីជំនាញរបស់កាំកុងត្រួល បានត្រួតពិនិត្យទំនិញជាច្រើនប្រភេទ ហើយក្នុងនោះយើងផ្តោតជា សំខាន់ទំនិញដែលខូចគុណភាព គ្មានប្រភពច្បាស់លាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ ហួសកាលបរិច្ឆេទប្រើ ប្រាស់ ពិសេសគឺយើងបានធ្វើតេ្តសបឋមទៅលើស្ករត្នោត ប្រហិតសាច់គោ និងណែមជាដើម ប៉ុន្តែជាលទ្ធ ផលគឺរកពុំមានវត្តមានសារធាតុគីមីនៅក្នុងទំនិញទាំងនោះឡើយ ។
លោកប្រធានសាខាកាំកុងត្រួល បន្តទៀតថា ទំនិញដែលមន្រ្តីកាំកុងត្រួលបានដកហូតដែលជាប្រភេទទឹកក្រូចដប និងគ្រឿងបរិភោគកំប៉ុង គឺជាទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពដោយសំបកកំប៉ុងមានសភាពចាស់ច្រះ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ជាក់ជាពុំខាន ដូច្នោះដើម្បីទប់ស្កាត់កុំឲ្យកើតមានបញ្ហាសុខភាពដល់ប្រជាពលរដ្ឋ មន្រ្តីកំាំកុងត្រួល ត្រូវតែដកហូតដើម្បី កំម្ចេចចោល ។
លោក ប៉ោ លាងគង់ បន្ថែមថា ដើម្បីការពារ និងចូលរួមលើកកម្ពស់សុខភាពសាធារណៈ លោក ក៍បានអំពាវនាវដល់អាជីវករ មិនត្រូវលក់ទំនិញណាដែលនាំឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ហើយរាល់ទំនិញដែលធ្វើចរាចរណ៍ ក៍ត្រូវតែធានាបាននូវអនាម័យ ស្តង់ដារត្រឹមត្រូវ ពិសេស យើងនៅតែចុះជាប់ជាប្រចាំ ដើម្បីធ្វើការត្រួតពិនិត្យ ទៅលើទំនិញណាដែលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ ហើយតែងតែជម្រុញ និងធ្វើការអប់រំ ណែនាំ ឲ្យពួកគាត់ ប្រកាន់ភ្ជាប់នូវអនាម័យជាធំ ព្រមទាំងចៀសវាងឲ្យបាននូវគំនិតអាត្មានិយមដោយលក់ទំនិញ ដែលគ្មានគុណភាពហើយចង់ចំណេញច្រើននោះ ។
ជាមួយគ្នានេះដែរ ក្រៅពីបានចុះត្រួតពិនិត្យទំនិញនៅផ្សារអង្គតាសោម មន្រ្តីកាំកុងត្រួល ក៍បានចុះត្រួតពិនិត្យទំនិញជាគ្រឿងបរិភោគដូចជានំកញ្ជប់ ការលក់ទឹកស៊ុប មានមឹក ប្រហិតជាដើម ដែលដាក់ លក់ក្នុងស្តង់តាំងពិរព័រណ៌មិត្តភាពកម្ពុជា-ថៃនៅទីរួមខេត្តតាកែវ ហើយលោកប៉ោ លាងគង់ ក៍បានធ្វើការ ណែនាំដល់អាជីវករថៃ ត្រូវលក់ទំនិញដែលមានប្រភព និងស្លាកសញ្ញាច្បាស់លាស់ ពិសេសគឺសណ្តែក ខៀវដែលដាក់លក់ត្រូវមានស្លាកសញ្ញាឲ្យបានត្រឹមត្រូវផងដែរ ៕












No comments: