ផ្លូវជាតិលេខ២ និងត្រូវសាងសង់នៅក្នុងឆ្នាំ២០១៧ខាងមុខ
តាកែវ ៖ ផ្លូវជាតិលេខ២ដែលតភ្ជាប់ពីរាជធានីភ្នំពេញកាត់តាមខេត្តកណ្ដាលឆ្ពោះមកកាន់ខេត្តតាកែវដែលមានប្រវែងប្រមាន៧៨គីឡូម៉ែត្រនិងត្រូវសាងសង់នៅក្នុងឆ្នាំ២០១៧ខាងមុខនេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់របស់មន្ទីរសាធារណៈការខេត្តតាកែវ។
លោក ណុប នី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៏ប៊ីធីវី នៅថ្ងៃនេះថា ផ្លូវជាតិលេខ ២នេះគឺជាគម្រោងសាងសង់របស់ក្រសួងសាធារណៈការ ដោយមានការសហការជាមួយដៃគូបរទេស។ចំណែកមន្ទីរសាធារណៈការខេត្តមានតួនាទីតែជួសជុលនិងថែទាំប៉ុណ្ណោះ។ បច្ចុប្បន្នក្រសួងនិងដៃគូបរទេស កំពុងតែសិក្សាពីផលប៉ះពាល់ហើយបើតាមការគ្រោងទុក និងគ្មានអ្វីប្រែប្រួលនោះទេ ផ្លូវជាតិលេខ២នេះអាចនិងត្រូវបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០១៧ខាងមុខនេះ។
លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានមានប្រសាសន៏បន្តថា ផ្លូវជាតិលេខ ២ដែលសាងសង់នេះគឺក្នុងដីខេត្តតាកែវ មានប្រវែង៤៣គីឡូម៉ែត្រហើយបន្ទាប់ ពីសាងសង់ផ្លូវជាតិលេខ២រួចក៏មានផ្លូវលេខ២២ ដែលត្រូវសាងសង់តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅអង្គតាសោម ស្រុកត្រាំកក់ មានប្រវែងជាង៩ គីឡូម៉ែត្រផងដែរ។
លោកប្រធានមន្ទីរបានបន្តថា ដោយឡែកផ្លូវក្នុងក្រុងដូនកែវនិងផ្លូវតាមជនបទគឺជាផ្លូវដែលត្រូវសាងសង់ដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត និងរបស់មន្ទីរសាធារណៈការខេត្ត និងផ្លូវមួយចំនួនទៀតកសាងដោយសាលាខេត្តតាកែវ ដែលថវិការខេត្តបានមកពីគុណប្រយោជន៏របស់ខេត្ត៕


No comments: