ព័ត៌មានថ្មីៗ
recent

ការងារអភិរក្សថ្មនៅប្រាសាទបន្ទាយសម្រែ


   ប្រាសាទបន្ទាយសម្រែជាប្រាសាទមួយដែលមានរចនាប្ម័ទដូចប្រាសាទអង្គរវត្តដែរ ធ្លាប់ជួសជុលដំបូងដោយអ្នកជំនាញជនជាតិបារាំងនាឆ្នាំ១៩៣០ដល់ឆ្នាំ១៩៤៤ ដោយប្រើវិធីរើហើយរៀបទៅវិញ ដើម្បីរៀបចំទម្រង់ប្រាសាទឱ្យរឹងមាំដូចសព្វថ្ងៃនេះ។
    ប៉ុន្តែដោយខ្វះខាតការថែទាំជាង២០ឆ្នាំកន្លងមក ធ្វើឱ្យរចនាសម្ពន្ធប្រាសាទនេះមានការទ្រុឌទ្រោមដោយអន្លើ។ ដូច្នេះហើយដើម្បីធានាសុវត្ថិភាពអ្នកទស្សនានិងប្រាសាទផងនោះ ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័ន GiZ បានធ្វើការជួសជុលអភិរក្សជាបន្ទាន់នូវបង្កាន់ដៃនាគជុំវិញដែលងាយរលំខូចខាត ដើម្បីបង្កាកុំឱ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរ ឬនាំឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរដែលមកទស្សនាមិនបានចាប់អារម្មណ៍ទៅផ្អែកលើ ឬសង្កត់លើនាំឱ្យមានគ្រោះថ្នាក់។
          លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាបានប្រាប់ថា ការដ្ឋាន អភិរក្សថ្មនៅប្រាសាទបន្ទាយសម្រែនេះបានចាប់ផ្តើមកាលពីឆ្នាំ២០១៤ មាន៤កន្លែងដែលក្រុមការងារបានធ្វើការជួសជុលអភិរក្ស។ ទី១បានបញ្ចប់រួចហើយនូវបង្កាន់ដៃនាគនៅផ្នែកខាងត្បូង។ ទី២គឺកំពុងជួសជុលអភិរក្សបង្កាន់ដៃនាគដែលមានប្រវែង៧ម៉ែត្រ។ ទី៣គឺជួសជុលផ្តែរនៅកំពូលកណ្តាល ដែលរងការពុកផុយ ប្រេះ មានភាពខូចខាតជាងផ្តែរដែលនៅខាងក្រៅ និងការដ្ឋានទី៤ គឺការជួសជុលអភិរក្សដោយឥតបានព្រៀងទុកដើម្បីសង្គ្រោះផ្តែរ នៅជ្រុងខាងកើត។
       អ្នកជំនាញអភិរក្សថ្មក៏បានប្រាប់ផងដែរពីបច្ចេកទេសនៃការជួសជុលរបស់អ្នកជំនាញបារាំង (១៩៣៣-១៩៤៤) កាលនោះប្រើគ្រឿងផ្សំសំខាន់គឺសីុម៉ង់តិ៍ដើម្បីបូកបន្ថែមលើកន្លែងណាដែលគេគិតថាគ្មានលំនឹងឬចាក់ស៊ីម៉ង់តិ៍ទល់ទ្រដើម្បីសង្គ្រោះបន្ទាន់ និងប្រើដែកសសៃដែលមានគុណភាពដើម្បីដាក់ក្នុងឬចងភ្ជាប់ពីរចនាសម្ពន្ធសំណង់មួយទៅរចនាសម្ពន្ធសំណង់មួយទៀត។ មកដល់បច្ចុប្បន្ន ស៊ីម៉ង់ត៍មួយចំនួនបានហើបដាច់ចេញពីថ្ម ធ្វើឱ្យថ្មរង្គើអាចធ្លាក់បាក់បែកនៅថ្ងៃណាមួយ។ ដូច្នេះតាមបច្ចេកទេសរបស់ក្រុមការងារ គឺបានព្យាយាមយកស៊ីម៉ង់តិ៍ចេញ ចំពោះកន្លែងចាំបាច់គឺត្រូវដាក់ថ្មថ្មីជំនួស (ថ្មភក់) បើមិនជំនួសថ្មថ្មីទេរចនាសម្ពន្ធរបស់នាគអត់លំនឹងឡើយ ជាមួយគ្នានេះយើងនឹងប្រើដែកសសៃកែវដែលស្រាល ស្វិត មកជំនួសដែកសសៃដែលសម័យបារាំងបានប្រើ។ ចំពោះការតភ្ជិត គឺតនៅខាងក្នុង ដែលមើលសឹងតែមិនដឹងថាបានធ្វើអ្វីខ្លះ ពិសេសរក្សាបាននូវភាពស្រស់ស្អាតទៀត។
      ក្នុងការអភិរក្សាសំណង់នៅប្រាសាទបន្ទាយសម្រែ ក្រុមការងារព្យាយាមកាត់បន្ថយការប្រើសម្ភារៈថ្មី ថ្មថ្មីបើមិនចាំបាច់ ព្រោះនេះជាការអភិរក្ស ដូច្នេះយើងត្រូវរក្សាភាពដើមរបស់ប្រាសាទឱ្យបានច្រើនបំផុត ឱ្យមានលក្ខណៈបុរាណតាមដែលអាចធ្វើបាន៕

No comments:

Powered by Blogger.