ព័ត៌មានថ្មីៗ
recent

ផលិតផលរបស់សហគមន៍ នឹងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា


        លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា «មជ្ឈមណ្ឌលសិល្ប: និងសិប្បកម្មចម្លាក់វត្តភ្នំ» ដែលស្ថិតនៅបូជនីយដ្ឋានវត្ដភ្នំដែលដាក់តាំងលក់ សុទ្ធតែជាផលិតផលរបស់សហគមន៍ នឹងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជា ជនកម្ពុជា ពិសេសស្ដ្រីដែលរស់នៅតាមសហគមន៍តែម្ដង។ លោកជំទាវរដ្ឋមន្រ្តី ក៏បានស្នើឲ្យរក្សាទីតាំង ដែលលក់សុទ្ធតែផលិតខ្មែរនេះ ធ្វើជាទីកន្លែងមួយ ដើម្បីបង្ហាញពីវប្បធម៌របស់ខ្មែរ ផលិតផលខ្មែរ ធ្វើដោយសហគ្រិនខ្មែរជាស្ដ្រី។

         លោកជំទាវ អ៊ឹង កន្ថាផាវី នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនាការតាំងពិព័រណ៍ផលិតផលក្នុង «មជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្មចម្លាក់វត្តភ្នំ» បានថ្លែងថា «ខ្ញុំពិតជាមានមោទនភាពណាស់ នៅពេលឃើញសហគ្រិនស្រី្ដជាច្រើន ខិតខំធ្វើការងាររបស់ខ្លួន ដោយផលិតផលិតផល ដែលមានគុណភាព។ យើងចង់បានផលិតផល ដែលមានគុណភាពនេះដើម្បីឲ្យប្រជាជននៅស្រុកខ្មែរយើងអាចប្រើប្រាស់គ្មានបញ្ហាប៉ះពាល់ដល់សុខភាព ហើយថ្ងៃនេះ ខ្ញុំលើកយកស្នាដៃមួយ គឺផលិតគ្រឿងសំអាងថែរក្សាសម្រស់ របស់ផលិតផលម្រុំ ដែលយើងនាំចេញទៅប្រទេសកូរ៉េ ហើយចាប់ផ្ដើមនាំចេញ ទៅប្រទេសឡាវ អ៊ីចឹងយងឃើញថា ផលិតផលនេះ គេទទួលស្គាល់ថា មានគុណភាពខ្ពស់ពិតប្រាកដមែន»។
       លោកជំទាវបានបន្ដថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ក្រសួងកិច្ចការនារីនៅតែបន្ដជំរុញ និង លើកស្ទួយវិស័យនេះ តាមរយៈតួនាទីរបស់ ស្រ្ដីក្នុងសហគមន៍គ្រួសារ និងសង្គមខ្មែរ ដោយមានវិធានការជាច្រើន ទាំងវិស័យឯកជន វិស័យសេដ្ឋកិច្ច ,សុខភាព ,ការការពារផ្លូវច្បាប់ និងគ្រប់វិស័យ ដែលខាង ក្រសួងកំពុងតែខិតខំធ្វើ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ហើយការការពារផលប្រយោជន៍របស់ស្ដ្រី ។ រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ក៏បានអំពាវនាវដល់ស្រី្ដទាំងអស់ត្រូវមានជំនឿលើខ្លួនឯង ខិតខំរៀនសូត្រឲ្យមានចំណេះដឹងខ្ពស់ យ៉ាងហោចត្រូវរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យបានច្រើន តាមសមត្ថភាពរបស់ខ្លួន ដើម្បីមានជំនាញច្បាស់លាស់ ក្នុងការស្វែងរកការងារធ្វើការទាញយកចំណូល ដែលជួយកាត់បន្ថយភាពក្រីក្រសម្រាប់ខ្លួនឯងផង គ្រួសារផង ហើយចូលរួមអនុវត្ដន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកន្លងមកសម្តេចតែងតែយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានចំណូល មានការងារធ្វើ មានជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលប្រៀបធៀបជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន។
         មជ្ឈមណ្ឌលសិល្ប: និងសិប្បកម្មចម្លាក់វត្តភ្នំ ត្រូវបានបង្កើតឡើងដោយសហគ្រិនស្រ្តីកម្ពុជា នៅបូជនីយដ្ឋានវត្តភ្នំដោយដាក់តាំងលក់នូវផលិតផលខ្មែរជាច្រើន ដូចជាហូលផាមួង គ្រឿងចម្លាក់ផ្សេងៗ ដែលសុទ្ធសឹងជាផលិតផលផលិតដោយប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែរដែលដាក់តាំងលក់នៅក្នុងមណ្ឌលនេះ បានបង្ហាញក្តីរំពឹងថា មជ្ឈមណ្ឌលមួយនេះ នឹងជួយទាក់ ទាញភ្ញៀវបរទេសឲ្យចាប់អារម្មណ៍លើផលិតផល ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្មែរកាន់តែខ្លាំងថែមទៀត ហើយក៏ជាកន្លែងសម្រាប់ផ្សព្វផ្សាយផលិតផលបង្កើតដោយស្នាដៃកូនខ្មែរផងដែរ។
         ក្រុមអ្នកលក់ដូរនៅទីនោះ បានទទូចឲ្យសាលារាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជួយបង្កលក្ខណៈងាយស្រួល និងផ្សព្វផ្សាយមណ្ឌលមួយនេះទៅដល់ភ្ញៀវទេសចរចូលទៅកម្សាន្ត ដើម្បីឲ្យភ្ញៀវបរទេសបានឃើញផលិតផលរបស់ខ្មែរធ្វើដោយដៃកូនខ្មែរ ដូចជាហូលផាមួង ចម្លាក់ រួមនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត៕

No comments:

Powered by Blogger.