ព័ត៌មានថ្មីៗ
recent

សាលារៀនគ្មានឈ្មោះ គ្មានវិស្សមកាល គ្មានប្រាក់បៀវត្សរ៍ បណ្ដុះវិជ្ជាកុមារក្រីក្រទាំងត្រដាបត្រដួស


            ពោធិ៍សាត់: ផ្ដើមពីសន្តានចិត្ដនឹកអាណិតដល់កុមារតូចៗដែលគ្មានឱកាសបានក្រេបជញ្ជក់ចំណេះវិជ្ជា និងស្វែងរកពន្លឺជីវិតក្នុងភូមិដាច់ស្រយាលនៃខេត្ដពោធិ៍សាត់សាលារៀនគ្មានឈ្មោះគ្មានក្របខ័ណ្ឌបានចាប់បដិសន្ធិលើដីសហគមន៍ក្រោមគំនិតផ្ដួចផ្ដើមពីចាស់ព្រឹទ្ធាចារ្យ និងជាគ្រូបង្រៀនគ្មានប្រាក់បៀវត្សរ៍។ សាលាមត្ដេយ្យ និងបឋមសិក្សាតែមួយបន្ទប់គត់នៅភូមិត្រាំដុំ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ចម្ងាយជិត ៣០ គីឡូម៉ែត្រពីផ្លូវកៅស៊ូត្រង់បង្គោលគីឡូម៉ែត្រលេខ ២៣ បានកើតចេញជារូបរាងលើដីសហគមន៍ស្រោបជញ្ជាំងឈើតែពីរជ្រុង និងប្រក់ដំបូលស័ង្កសី ទំហំ ៣ x ៥ ម៉ែត្រនៅដើមឆ្នាំ ២០១៤។ មុខមាត់ប្រឡាក់ប្រឡូសក្អែលដីសម្លៀកបំពាក់ចម្រុះរខេករខាកខ្លះខ្វះឡេវបិទភ្ជិតអាវឲ្យសមរម្យ ខ្វះសម្ភារសិក្សា រួមទាំងប៊ិក សៀវភៅ ខ្មៅដៃ ឬកាបូបស្ពាយ និងគ្មានស្បែកជើង សិស្សានុសិស្សពីថ្នាក់មត្ដេយ្យដល់ថ្នាក់ទី ១ អាយុចន្លោះពី ៤ ទៅ ១៣ ឆ្នាំជាកូនចៅរបស់ប្រជាសហគមន៍ភូមិត្រាំដុំ ដែលមានចំនួនជិត ១០០ គ្រួសារ ជាប់ព្រំដែនស្រុកក្រគរ កំពុងសម្លឹងក្នុងកែវភ្នែករហង់ត្រងត្រាប់ស្ដាប់គ្រូពន្យល់មេរៀន។
          ក្រដាសសៀវភៅមួយសន្លឹកហែកចែកជាបួន ប៊ិកមួយដើមរំលែកគ្នាសរសេរ ៣ នាក់ តុអង្គុយបន្ថែមក្ដារ និងក្ដារខៀនកញ្ចាស់មួយចែកជាសំណេរសម្រាប់ពីរថ្នាក់ ខាងលើទុកបង្រៀនសិស្សថ្នាក់ទី ១ និងខាងក្រោមសំណេរប៊ិកហ្វឺតអំពីព្យញ្ជនៈ និងស្រៈខ្មែរទាំងអស់ លោកគ្រូ អ៊ុន សារៀន អាយុ ៦៥ ឆ្នាំ ជាគ្រូស្ម័គ្រចិត្ដបង្រៀនកូនប្រជាពលរដ្ឋសហគមន៍ភូមិត្រាំដុំ ដែលកើតចេញពីក្ដីអាណិតស្រឡាញ់កុមារក្រីក្រទាំងនេះ។ លោកគ្រូនិយាយថា៖ «ខ្ញុំចង់ជួយជំរុញវិស័យអប់រំក្នុងសហគមន៍ដោយមើលឃើញពីការកើនឡើងនៃចំនួនប្រជាជនដែលមិនចេះអក្សរច្រើន។ ខ្ញុំមិនចង់ឲ្យពួកគេរស់នៅក្នុងស្ថានភាពអវិជ្ជាឡើយ»។
លោកបន្ដថា៖ «តាមពិត ខ្ញុំអាចទៅបង្រៀនព្រះសង្ឃក្នុងក្របខ័ណ្ឌត្រឹមត្រូវដោយទទួលបានប្រាក់បៀវត្សរ៍។ ប៉ុន្ដែខ្ញុំមិនចង់ចោលក្មេងៗនោះទេ។ ខ្ញុំសុខចិត្ដចោលលុយ ៣០ ទៅ ៤០ ម៉ឺនរៀលក្នុងមួយខែមកស្រវាក្រសោបពួកគេ»។
លោកគ្រូ អ៊ុន សារៀន៖ លុយមិនសំខាន់ដូចការលូតលាស់របស់សហគមន៍គ្រូបង្រៀនស្ម័គ្រចិត្ដរូបនេះ ឲ្យដឹងថា តាំងពីបើកបង្រៀនមក សាលារៀននេះមានសិស្សប្រមាណ ៣០ នាក់ ដែលសិស្សមត្ដេយ្យជិត ២០ នាក់ អាយុចន្លោះពី ៤ ទៅ ១៣ ឆ្នាំដែលកុមារីអាយុ ១៣ នាក់នោះទើបរៀនថ្នាក់ទី ១ និងជិះកង់មកឆ្ងាយជាងគេ។ សម្រែកដ៏កងរំពងនៃការអានមេរៀនស្រុះគ្នាមិនថា ថ្នាក់មត្ដេយ្យ និងថ្នាក់ទី ១ សិស្សានុសិស្សបង្ហាញភាពក្លាហានអានអក្សរឥតស្ទាក់ស្ទើរ។ ជាកម្លាំងចិត្ដមិនរារែកលោកគ្រូវ័យហុកប្លាយបញ្ជាក់ប្រាប់ថា៖ «ដោយគ្មានក្របខ័ណ្ឌ និងកម្មវិធីសិក្សាពីក្រសួងត្រឹមត្រូវខ្ញុំបង្រៀនទៅតាមគម្រោងរបស់ខ្ញុំផ្ទាល់ដោយផ្ដោតសំខាន់លើគុណភាព ទោះបីជាយឺតយ៉ាវក៏ដោយ ហើយសាលារៀន នេះគ្មានថ្ងៃវ៉ាកង (វិស្សមកាល) ឡើយ គឺយើងរៀនពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ពី ២ ទៅ ៣ ម៉ោងក្នុងមួយចន្លោះពីម៉ោង ៦ ទៅម៉ោង ៩ ព្រឹក»។
          លោកបានអះអាងថា៖ «ខ្ញុំទ្រាំបង្រៀន ៥ -៦ ម៉ោងក៏បានបើសិនជានៅគ្មានគ្រូបង្រៀន។ រយៈពេលពីរឆ្នាំក្រោយសាលារៀននេះចាប់បដិសន្ធិក្នុងឆ្នាំ ២០១៤ មក ខ្ញុំទទួលបានប្រាក់ឧបត្ថម្ភពីឪពុកម្ដាយសិស្សានុសិស្សប្រមាណជាង ១១ ម៉ឺនរៀល »។ ក្រោយពីមានការថតបង្ហោះតាមហ្វេសប៊ុកនូវភាពលំបាកតោកយ៉ាកនៃសាលាគ្មានក្របខ័ណ្ឌ ពលករខ្មែរបម្រើការងារនៅប្រទេសកូរ៉េបានរួមគ្នាជួយប្រក់ដំបូលស័ង្កសី និងឧបត្ថម្ភលោកគ្រូ ៥០ ម៉ឺនរៀល។ តុចំនួន ៨ ដែលទិញជំពាក់ពីឈ្មួញប្រើតាំងពីថ្មីរហូតចាស់ទ្រុឌទ្រោមនោះ លោកគ្រូអត់មានលទ្ធភាពសងទើបសម្រេចចិត្ដសុំពីសប្បុរសជនជាបុណ្យកុសលដល់កុមារក្រីក្រ៕

ដកស្រងចេញពី FaceBook

No comments:

Powered by Blogger.