អនុប្រធានប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារភ្នំដិន បាញ់អ្នកលក់ឆ្នោតវៀតណាមស្លាប់និងរបួស
ខេត្ដតាកែវ ៖ អនុប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវបានសមត្ថកិច្ចវៀតណាមចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបាញ់អ្នកលក់ឆ្នោតជនជាតិវៀតណាមពីរនាក់ឱ្យរងរបួសយ៉ាងធ្ងន់ ហើយក្រោយមកបានស្លាប់ម្នាក់ដោយសារតែស្ថានភាពរបួសធ្ងន់ពេកគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ។
ជុំវិញករណីនេះ លោក យុគ សារ៉ាតអធិការនគរបាលស្រុកគិរីវង់ បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោងជាង៨យប់ថ្ងៃទី១៦ កក្កដា មានករណីផ្ទុះអាវុធចំនួន៣គ្រាប់បណ្តាលឱ្យបុរសអ្នកលក់ឆ្នោតជនជាតិវៀតណាមពីរនាក់រងរបួសជាទម្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិស៊ឺងវ៉ាទីរួមស្រុកទិនបៀង ស្រុកទិនបៀង ខេត្តអាងយ៉ាង ។ លោក យុគ សារ៉ាត បានប្រាប់ឱ្យដឹងទៀតថា លោក ឡាយ ប៊ុនធី ជាអនុប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន ជាអ្នកបាញ់ជនជាតិវៀតណាមទាំងពីរនាក់ឱ្យរងរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុតកំពុង សង្គ្រោះបន្ទាន់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមន្ដ្រីប៉ូលិសអន្ដោប្រវេសន៍រូបនោះកំពុងផឹកស៊ីនៅហាងមួយ ពេលនោះមានអ្នកលក់ឆ្នោតយកឆ្នោតទៅលក់ឱ្យជាច្រើនដង និងរំខានដល់មន្ដ្រីប៉ូលិសរូបនោះដែលកំពុងផឹកស៊ី ស្ថិតក្នុងស្ថានភាពស្រវឹងផង ក៏ខឹងដកកាំភ្លើងបាញ់ចំនួន៣គ្រាប់បណ្តាលឱ្យត្រូវជនរងគ្រោះទាំងពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។ មន្ត្រីនោះត្រូវបានសមត្ថកិច្ចវៀតណាមឃាត់ខ្លួនភ្លាមៗ ។
តាមប្រភពព័ត៌មានចុងក្រោយបានឱ្យដឹងថា ជនជាតិវៀតណាមម្នាក់បានស្លាប់ហើយ បន្ទាប់ពីការជួយសង្គ្រោះមិនបានទទួលជោគជ័យ ។ ប្រភពដដែលបានបំភ្លឺថា មូលហេតុដែលមន្ដ្រីអន្ដោប្រវេសន៍ចូលទៅបង្កការបាញ់បោះក្នុងទឹកដីវៀតណាមនេះ ត្រូវបានប្រភពក្រៅផ្លូវការឱ្យដឹងថា ដោយសារមានប្រពន្ធចុងជាជនជាតិវៀតណាមនៅតំបន់នោះ ។ មន្ត្រីរូបនោះ ប្រឈមនឹងទោសផ្នែកព្រហ្មទណ្ឌ ខាងសមត្ថកិច្ចវៀតណាមកំពុងចាត់ការទៅតាមនីតិវិធីច្បាប់របស់ប្រទេសគេហើយ ៕
ប្រភពពី everyday.com.kh



No comments: