រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ បានជម្រុញទៅដល់មន្រ្តីនៃនាយកដ្ឋានបេតិកភ័ណ្ឌ ត្រូវរៀបចំ និងជួសជុលសំណង់បុរាណឡើងវិញ
នៅក្នុងឱកាស អញ្ជើញចុះត្រួតពិនិត្យមើលការដ្ឋានជួសជុលប្រាសាទនាងខ្មៅ ដែលស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ដែលមានសភាពចាស់ទ្រុធទ្រាម និងប្រាង្គប្រាសាទភ្នំដា និងប្រាសាទអាស្រមមហាឥសី ដែលស្ថិតនៅឃុំអង្គរបូរីស្រុកអង្គរបូរី កាលពីព្រឹកថ្ងៃទី ៣១ ខែកក្ដដា ឆ្នាំ២០១៦ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានជម្រុញទៅដល់មន្រ្តីនៃនាយកដ្ឋានបេតិកភ័ណ្ឌ ត្រូវរៀបចំ និងជួសជុលសំណង់បុរាណនេះឡើងវិញ ឲ្យសមស្របតាមលក្ខណៈរូបរាងដើមនៃប្រាសាទ ដើម្បីទុកជាក្តេរ៍ដំណែលដល់កូនចៅក្រោយៗទៀត បានស្គាល់ និងសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តរបស់ប្រទេសខ្លួន ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តទៀតថា ថ្ងៃនេះគណៈ ប្រតិភូរបស់ក្រសួង បានចុះមកត្រួតពិនិត្យមើលអំពីស្ថានភាពរបស់ប្រាសាទ ដែលមានអាយុកាលរាប់រយឆ្នាំ ថាតើប្រាសាទទាំងនេះមានសភាពចាស់ទ្រុធទ្រាមឬយ៉ាងណា ហើយត្រូវជួសជុលឡើងវិញនូវប្រាសាទ ណាខ្លះ ដើម្បីកុំឲ្យបែកបាក់ច្រើនជាងនេះ ។ ប្រាសាទទាំងនេះ ពិតជាក្តេរ៍តំណែល និងជាមរតជាតិដ៍សំខាន់មិនអាចកាត់ថ្លៃបាន ដូច្នោះក្នុងនាមជាកូនខ្មែរ យើងត្រូវចូលរួមថែរក្សាសម្បត្តិមហាស្នាលទាំងនេះឲ្យបានយូរអង្វែង បន្ទាប់ពីបានខូចខាត់ដោយសារតែមនុស្ស និងធម្មជាតិ ។
ដោយឡែកនៅរសៀលថ្ងៃដដែលនោះដែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខមន្រ្តីរាជការ ដែលបំរើការងារនៅមន្ទីរវប្បធម៌ នៅសាលមហោស្រពខេត្ត ហើយក្នុងឱកាសនោះលោកជំទាវ ក៍បានលើកឡើងផងដែរពីភាពខ្លាំងនៃសិល្បៈរបស់សិល្បៈករខេត្តតាកែវ ដែលបានបង្ហាញស្នាដៃក្នុងការសម្តែង និងមានឈ្មោះបោះសម្លេងផ្នែក ល្ខោន យីកេនេះ ដោយមិនចាញ់ខេត្តដទៃឡើយ ។
លោកជំទាវ រដ្ឋមន្រ្តី បន្តថា មិនថាកម្មវិធីប្រឡង សម្តែង អ្វីនោះទេ សិល្បៈរបស់ខេត្តតាកែវ តែងតែបង្ហាញស្នាដៃលេចធ្លោជាងគេ ហើយចេះសាមគ្គីគ្នាបានល្អរាល់ពេលសម្តែងម្តងៗ ។ ថ្មីៗនេះដែរ មហាជនបានរិះគន់យ៉ាងខ្លាំងលើការនិពន្ធបទចម្រៀងដែលចម្លងពីបរទេស គឺបទស៊ីបានចេះតែស៊ីទៅ ដែលនេះគឺហាក់បីដូចជាមិនមានខ្លឹមសារ ឬអត្ថន័យល្អនោះទេ ។
លោកជំទាវ បន្ថែមទៀតថា ក្រសួងវប្បធម៌មិនបានហាមឃាត់អ្វីនោះទេរាល់ពេលនិពន្ធ ឬផលិត បទចម្រៀង ប៉ុន្តែនៅពេលដែលខុសឆ្គង គឺក្រសួងនឹងណែនាំ ឬកោះហៅដើម្បីធ្វើការអប់រំ និងកែលម្អរឡើងវិញជាបន្ទាន់ ដោយមិនត្រូវធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ដ៍ល្អផរផង់របស់ខ្មែរឡើយ ម្យ៉ាងទៀតក្រសួង វប្បធម៌ ក៍បានសហការជាមួយនឹងក្រសួងព័ត៌មាន និងទូរទស្សន៍មួយចំនួន ក្នុងការរៀបចំចាក់បទចម្រៀង ឬកម្មវិធីប្រឡងសិល្បៈបុរាណ ដើម្បីចូលរួមលើកកម្ពស់ចម្រៀងសិល្បៈខ្មែរ និងវប្បធម៌ដ៍រុងរឿង ៕
No comments: