គ្រឿងញៀនមួយតោនកន្លះដុតចោលជាផ្លូវការកណ្តាលរាជធានី
រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញដល់ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើការលុបបំបាត់គ្រឿងញៀន ជាពិសេសនៅតាមសាលារៀនគប្បីយកយុវជនដែលជាជនបង្គោលប្រចាំសាលា ធ្វើជាកាមេរ៉ាសុវត្ថិភាពជំនួសកាមេរ៉ាមែនទែន ក្នុងការតាមដានរាល់សកម្មភាពគ្រឿងញៀននៅក្នុងសាលារៀន ។
ការជំរុញរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះបានធ្វើឡើងក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទស្តីពីចូលរួមទាំអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា នៅវិទ្យាល័យបឹងត្របែក ។ ជាងនេះទៅទៀត ការលើកឡើងនេះក្រោយពីសង្កេតឃើញថា នៅតាមបណ្តាសាលាមួយចំនួននៅកម្ពុជា មានសកម្មភាពជក់គ្រឿងញៀនពីសំណាក់សិស្សសាលាជាច្រើន ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានបប្រសាសន៍ ការយកយុវជនដែលជាជនបង្គោលធ្វើជាកាមេរ៉ា ជាអ្នកអប់រំ ជាអ្នកសង្កេតឃ្លាំមើលនៅក្នុងសាលារបស់យើង និងនៅក្រៅសាលា ។ លោកគិតថា អគ្គលេខាធិការដ្ឋាន និងនាយកសាលាគួរតែរៀបចំដំណើរទស្សនកិច្ច ដើម្បីសិក្សា និងពង្រីកបទពិសោធន៍នេះ ។ យើងមិនត្រូវឲ្យសាលារៀនគ្របដណ្តប់ទៅដោយគ្រឿងញៀនបានទេ ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា លោកមិនចង់ឲ្យសាលារៀនទៅជាបន្ទាយទាហាន ដែលបំពាក់ទៅដោយកាមេរ៉ា និងអាយកូម(វិទ្យុទាក់ទង) ដើម្បីតាមដានសកម្មភាពគ្រឿងញៀននោះទេ ព្រោះនៅតាមសាលារៀននីមួយៗ មានជនបង្គោលច្រើនរហូតដល់រាប់ពាន់នាក់ឯណោះ ដែលមានទាំងយុវជនកាយរិទ្ធិ កាកបាទក្រហមផង ព្រោះនេះជាកាមេរ៉ាជាក់ស្តែង ងាកទៅណាក៏ឃើញសកម្មភាពពួកអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន ។
លោក កែ គឹមយ៉ាន សង្កត់ធ្ងន់ថា បើកាមេរ៉ាទិញយកមកបំពាក់នៅចំណុចណាមួយនោះ បើកាលណាតែបិទភ្លើង គឺមើលអ្វីមិនឃើញនោះទេ ទោះបីករណីខ្លះកាមេរ៉ាក៏មានផលប្រយោជន៍ច្រើនយ៉ាងដែរ ប៉ុន្តែគ្មានអ្វីល្អជាងដែលយកយុវជនធ្វើជាកាមេរា៉នោះទេ ។ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់បន្ថែមថា ចំពោះបញ្ហាគ្រឿងញៀន គ្រប់បណ្តាប្រទេសនៅក្នុងពិភពលោកមិនទាន់មានការកាត់បន្ថយបានទេ ។
ថ្លែងក្នុងពិធីនេះដែរលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកយកសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមកអានខ្លឹមសារបញ្ជាក់ថា កម្ពុជាតែងតែចូលរួមប្រារព្ធទិវាប្រឆាំងគ្រឿងញៀនទាំងក្នុងក្របខ័ណ្ឌប្រទេស និងអន្តរជាតិ នៅថ្ងៃទី២៦ ខែមិថុនាជាប្រចាំ ស្របតាមស្មារតីនៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ១៩៨៧ ដែលជាថ្ងៃប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីជាកាក្រើនរំឭក និងផ្សព្វផ្សាយដល់មនុស្សជាតិទាំងអស់នៅលើពិភពលោក ជាពិសេសយុវជនឲ្យយល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ធ្ងន់ធ្ងរដែលបង្កឡើងដោយគ្រឿងញៀន ក៏ដូចជាការលើកទឹកចិត្ត និងជំរុញដល់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ឲ្យរឹតតែខិតខំប្រឹងប្រែងកាន់តែសកម្មថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្តោតសំខាន់ទៅលើបញ្ហាប្រឈមជាអាទិភាពនៃវិស័យនីមួយៗ ។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធភាពតាមពាក្យស្លោក «បញ្ហាគ្រឿងញៀន កើតមាននៅក្នុងសហគមន៍ណា អ្នកដែលមានលទ្ធភាព និងប្រសិទ្ធភាពក្នុងការដោះស្រាយជាងគេ គឺសមាជិកសហគមន៍ និងអាជ្ញាធរមូដ្ឋានដែលគ្រប់គ្រងហគមន៍» រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំចំនួន៦ចំណុចមាន ៖
១-ក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមនៃរាជរដ្ឋាភិបាលទាំងអស់ ត្រូវបន្តការផ្តោតការយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព នូវបទបញ្ជាលេខ០១បបស្តីពី កាពង្រឹងវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តធ្វើកាពិនិត្យវាយតម្លៃ និងរាយការណ៍លទ្ធផលនៃកាអនុវត្តបទបញ្ជាជូនរដ្ឋាភិបាលឲ្យបានទៀងទាត់ ។
២-ស្ថានីយវិទ្យុ ប្រព័ន្ធផ្សព្វផ្សាយនានា សិល្បករ សិល្បការិនី ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន សិប្បកម្ម ក្លិបកម្សាន្ត ក្រុមហ៊ុន រោងចក្រ សហគ្រាស ។ល។ សូមបន្តចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យកាន់តែផុសផុលថែមទៀត ដើម្បីឲ្យប្រជាជនយើង ពិសេសក្រុមគោលដៅជាយុវជន បានយល់ដឹកចេះការពារខ្លួន និងចូលរួមចំណែកក្នុងកិច្ចការពារសហគមន៍ពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងញៀន ។
៣-គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាលនិងស្តារនីតិសម្បទា អ្នកសេពគ្រឿងញៀន ត្រូវរៀបចំជំរុញ និងពង្រឹងប្រសិទ្ធភាព សេវាព្យាបាល អ្នកសេពគ្រឿងញៀន ដែលផ្អែកលើសហគមន៍នៅទីកន្លែងដែលមានតម្រូវការ សេវាព្យាបាលអ្នកញៀនគ្រឿងញៀនខ្ពស់ និងត្រូវធានាថាសេវាព្យាបាលត្រូវបានផ្តល់ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
៤-ស្ថាប័នអនុវត្តច្បាប់ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមអនុវត្តច្បាប់ស្តីពីការងារត្រូវពិនិត្យគ្រឿងញៀនឲ្យបានម៉ត់ចត់ ដើម្បីបញ្ឈប់ការផលិត ការនាំចូល ការចរាចរឆ្លងកាត់ ការជួញដូរ ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
៥-គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្តត្រូវពង្រឹងយន្តការត្រួតពិនិត្យដែលមានស្រាប់ឲ្យបានដល់មូលដ្ឋានឃុំ សង្កាត់ ភូមិ ជាពិសេសទីតាំងណាដែលមិនទាន់មានយន្តការដល់ថ្នាក់ឃុំ-សង្កាត់ ត្រូវបង្កើតជាបន្ទាន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន ជាលក្ខណៈពហុវិស័យ ដោយប្រើប្រាស់កម្លាំងសរុបនៅមូលដ្ឋាន ដើម្បីលើកកម្ពស់សុខុមាភាព សណ្តាប់ធ្នាប់ និសន្តិសុខសង្គម ។
៦-សូមអំពាវនាវដល់បណ្តាប្រទេសដៃគូអភិវឌ្ឍន៍ ជាមតិអង្គការជាតិ អន្តរជាតិ វិស័យសាសនា វិស័យឯកជនសូមបន្តចូលរួមគាំទ្រ និងឧបត្ថម្ភការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដើម្បីកម្ពុជាកាន់តែមានលទ្ធភាព សមត្ថភាពខ្ពស់ទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជាការចូលរួមចំណែកក្នុងប្រទេសសមាជិកអាស៊ាន និងពិភពលោកចៀសផុតពីការសេពគ្រឿងញៀន ។
គូរបញ្ជាក់ថា ទោះបីជាមានកាអំពាវនាវដល់ថ្នាក់មូលដ្ឋានយ៉ាងក្តី នៅតាមមូលដ្ឋានគេនៅតែសង្កេតឃើញមានការប្រើប្រាស់ ចែកចាយគ្រឿងញៀន គួរឱ្យព្រួយបារម្ភដោយសារតែសកម្មភាពនេះ មានការកើនឡើង កាន់តែច្រើនឡើងៗ ដែលនឹងជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិកាន់តែធ្ងន់ ។
យោងតាមរបាយការណ៍របស់គណៈកម្មការដុតបំផ្លាញគ្រឿងញៀនបានឲ្យដឹងថា សារធាតុញៀនដែលត្រូវដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី២៦ មិថុនាមានចំនួនសរុបជាង ១.៥៦៤គីឡូក្រាមរួមមាន៖
- -សារធាតុញៀន ប្រភេទមេតំហ្វេតាមីនមានទម្ងន់ ៦៧,៤១គីឡូក្រាម
- -សារធាតុញៀន ប្រភេទហេរ៉ូអ៊ីនមានទម្ងន់៣៤៥,៣២ក្រាម
- -សារធាតុញៀនប្រភេទកញ្ឆាស្ងួតមានទម្ងន់ ១៤៩៤,៨៥ គីឡូក្រាម
- -សារធាតុញៀនប្រភេទកញ្ឆាទឹក មានទម្ងន់ ១,៥គីឡូក្រាម ។
សូមបញ្ជាក់ថា ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនត្រង់មាត្រា៤៥បានចែងថា ជនណាដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនតាមគ្រប់រូបភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនដល់១លានរៀល ។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់១ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ២លានរៀល ។ ដោយឡែកចំពោះការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជនល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។ បើសិនជាបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ អ្នកប្រព្រឹត្តអាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ដល់២០ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលដល់៤០លានរៀល អាស្រ័យទៅតាមស្ថានទម្ងន់ទោស ៕
ដក់ស្រងចេញពីគេហទំព័រ កោះសន្តិភាព






No comments: