ទេសរដ្ឋមន្រ្តី យឹម ណុលឡា ចុះចែកថ្នាំពេទ្យជូនស្រ្តីជាង ៣០០នាក់ នៅស្រុកព្រៃកប្បាស
(តាកែវ)៖ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋ មន្រ្តីព្រមទាំងសហការី ក្នុងនោះដែរក៏មានវត្តមានលោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារចុះជួយឃុំក្តាញ់ បានចុះចែកថ្នាំពេទ្យជូនស្រ្តីជាង ៣០០នាក់ នៅឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុ ខុមាលភាព និងអាហារូបត្ថម្ភរបស់ប្រជាជនទូទៅ ក្នុងការកាត់បន្ថយអត្រាស្លាប់របស់មាតា ទារក និង កុមារ តាមរយៈការពង្រឹង និង ពង្រីក សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ។
ព្រមជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីព្រះរាជាណាចក្រកម្ពុជាទទួលបានពានរង្វាន់ «ប្រទេស កម្ពុជា ជាគោលដៅទេស ចរណ៍ល្អបំផុតសម្រាប់ឆ្នាំ២០១៦» និង «កម្ពុជាជាគោលដៅទេសរណ៍វប្បធម៌ពេញនិយម ក្នុងឆ្នាំ២០១៦» ពីក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប និងសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទទួលបានជ័យលាភីពានរង្វាន់ជា « សមាជិកកិត្តិយស» នៃបណ្ឌិត សភាទេសចរណ៍អឺរ៉ុប។ ប្រជាពលរដ្ឋក្នុងអង្គប្រជុំទាំងមូល អបអរសាទររំភើបរីករាយ ចំពោះព័ត៌មានខាងលើនេះ ដែលឲ្យប្រទេសកម្ពុជាល្បីរន្ទឺនៅលើឆាកអន្តរជាតិ។ នៅក្នុងពិធីចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋនៅទីនោះ ក៏មានការព្យាបាលជំងឺជូនប្រជាជនពីសំណាក់លោកគ្រូពេទ្យផងដែរ។
ក្នុងថ្ងៃដដែលនោះ ទេសរដ្ឋមន្រ្តី និងក្រុមការងារអមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ បានចុះត្រួតពិនិត្យការងារ ស្តារស្រះទឹកនៅភូមិក្ប៉ម ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្រះនេះមានបណ្តោយ ៦០ម៉ែត្រ ទទឹង ៥០ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្របតាមសំណូមពររបស់ប្រជាជន ៣១៥គ្រួសារ។ ស្រះទឹកនេះ បានចាប់ផ្តើមបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ដែលនឹងត្រូវបញ្ចប់ជាស្ថាពរ នៅសប្តាហ៍ក្រោយ។ បន្ទាប់មកទៀត លោកទេសរដ្ឋមន្ត្រី និងក្រុមការងារ បានចុះមើលស្រះ នៅក្នុងឃុំតាំងយ៉ាប ដែលកំពុងស្តារ នឹងត្រូវបញ្ចប់រួចរាល់ក្នុងពេល ឆាប់ៗនេះ៕
ដកស្រង់ចេញពី FreshNews




No comments: