ព័ត៌មានថ្មីៗ
recent

អាជ្ញាធរខេត្តតាកែវអំពាវនាវឲ្យមន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការជិះជាន់ពលកម្ម កុមារនិងការជួញដូកុមារ

ខណៈពេលដែលការជិះជាន់ពលកម្មកុមារ ការប្រើអំពើហិង្សាលើកុមារ​ជា​ពិសេស​បញ្ហាការជួញ​ដូរ​ផ្លូវភេទ​លើកុមារ នៅតែតែបន្តកើតមាននោះ អាជ្ញាធរខេត្តតាកែវបានធ្វើការ​អំពាវនាវ​ឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់​ព្រម​ទាំងប្រជាពលរដ្ឋផងដែរ ត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់បញ្ហាខាងលើកុំអោយរីករាលដាលតទៅទៀត។ ថ្លែងនៅ​ក្នុងពិធីប្រារព្ធខួបទិវាកុមារអន្តរជាតិ១ មិថុនា នៅព្រឹកថ្ងៃ ពុធ ទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ នៅខេត្ត​តាកែវ លោក​ស្រី នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ ​បានលើកឡើងពីការយកចិត្តទុកដាក់ ​ចំពោះកុមារពី​សំណាក់​​រាជរដ្ឋា​ភិបាលកម្ពុជា ដោយក្នុងនោះរាជរដ្ឋាភិបាលបានបញ្ជូល ការងារកុមារនៅក្នុងឯកសារយុទ្ធ សាស្រ្តជាតិដូចជាគោល នយោបាយជាតិស្ដីពីការគាំពារអភិវឌ្ឍន៏កុមារ គោលនយោបាយថែទាំ គោល​ការណ៏ការពារសិទ្ធិកុមារ រងគ្រោះ​ដោយសារការជួញដូរនិងសិទ្ធិចូលរួមរបស់កុមារជាដើម។

       ក៏ប៉ុន្តែបើទោះបីជារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់និងទប់ស្កាត់ការកេងប្រវ័ញ្ញលើកុមារ យ៉ាងណាក៏ ដោយ ក៏នៅតែមានជនខិលខូចមួយចំនួន បានបន្តការជិះជាន់លើពលកម្មកុមារ ការប្រើអំពើហឹង្សាជាពិសេស​ការជួញ​ដូរផ្លូវភេទ​កុមារជាដើម។ នៅក្នុងឱកាស់នោះលោកជំទាវអភិបាលរងខេត្ត តំណាងអោយអាជ្ញាធរខេត្ត​តាកែវបានធ្វើការអំពាវនាវ ឲ្យស្ថាប័នពាក់ព័ន្ធរួមនិងប្រជាពលរដ្ឋផងដែរ ត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់​រាល់​បញ្ហាដែលកើតឡើងចំពោះកុមារ សំដៅ​ធ្វើយ៉ាងណាអោយស្ថានភាពកុមារ នៅក្នុងខេត្តតាកែវ​កាន់តែមានភាព​ល្អប្រសើរ​ឡើង ពិសេសគឺត្រូវទប់ស្កាត់​ចំពោះអំពើជួញដូរមនុស្ស និងកុមារ តាមគ្រប់រូបភាព ដែលវានឹងធ្វើឲ្យប៉ះ​ពាល់ដ៍ធ្ងន់ធ្ងរដល់សង្គម និងគ្រួសារ ។
      លោកស្រី នូ សុវណ្ណនី ក៍បានផ្តាំផ្ញើដល់ក្មួយៗត្រូវតែខិតខំ ប្រឹងប្រែងរៀន​សូត្រឲ្យបានពូកែ ព្រោះក្មួយៗជា​ទំពាងស្នង​ឬស្សី ទំពាងដែលត្រូវការលូតលាស់ល្អ ដូច្នោះក្មួយៗត្រូវធ្វើខ្លួន​ឲ្យមាន​ចំណេះ​ដឹងជ្រៅជ្រះតាម​រយៈការ​សិក្សា​រៀនសូត្រ ហើយក៍ត្រូវធ្វើខ្លួនឲ្យក្លាយជាមនុស្សដ៍ចាំបាច់នៅក្នុងសង្គម ដោយ​មិន​ត្រូវប្រព្រឹត្តអំពើអបាយ មុខផ្សេងៗ​ឡើយ​ត្រូវ​ប្រព្រឹត្ត​តែអំពើល្អ និងមានសីលធម៌ សុជីវធម៌ ពិសេសត្រូវ​ក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ ៕


 

 

 

No comments:

Powered by Blogger.