ព័ត៌មានថ្មីៗ
recent

អាត្រាសិស្សបោះបង់ការសិក្សានៅក្នុងខេត្តតាកែវនៅតែមានកម្រឹតខ្ពស់នៅឡើយ

បើទោះបីជាមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ រួមជាមួយនិងអង្គការក្រៅរដ្ឋាភិបាលមួយ ចំនួនបានធ្វើសកម្មភាពដើម្បីអោយសិស្សបន្តការសិក្សា រហូតដល់បញ្ចប់វិទ្យាល័យ យ៉ាងណា ក៏ដោយក៏អាត្រាសិស្សបោះបង់ចោលការសិក្សា ជាពិសេសសិស្សមធ្យមសិក្សាបឋមភូមិ និង សិស្សមធម្យមសិក្សាទុតីយភូមិបានបោះបង់ចោលការសិក្សាក្នុងកម្រឹតខ្ពស់នៅឡើយ។
លោក ស៊ីវ សាខន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវបានថ្លែងប្រាប់អោយដឹង នៅថ្ងៃទី ១៧ មីនា ២០១៦ថា ក្នុងចំណោមសិស្សមធ្យមសិក្សាបឋមភូមិចំនួនជិត៥ម៉ឺននាក់ មាន​សិស្ស​ប្រមាណ៨ពាន់នាក់ឬស្មើនិង១៦,៤ភាគរយបានបោះបង់ការសិក្សា។ ការបោះបង់​ចោល​សិក្សា​​ក្នុ​ងអាត្រានេះគឺមានការថយចុះប្រមាណ១ភាគរយបើយើងប្រៀបធៀបឆ្នាំកន្លងទៅ។ ដោយ​ឡែក​សិស្សនៅមធ្យមសិក្សាទុតីយភូមិបានបោះបង់ការសិក្សា ចំនួន២៣ភាគរយ​ក្នុងចំណោម​សិស្ស​សរុបជាង២ម៉ឺននាក់។ បើទោះបីជាអាត្រាការបោះបង់សិស្ស ទាំង​នៅមធ្យមសិក្សាបឋម​ភូមិ​និង​មធ្យម​សិក្សាទុតីយភូមិមានការធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវានៅតែមានកម្រឹតខ្ពស់​នៅឡើយ​បើតាមសូចនាករដែលបានកំណត់សិស្សបោះបង់ការសិក្សាក្នុងកម្រឹតតែ៩ភាគរយ។
បើតាមលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ មូលហេតុដែលអាត្រាសិស្សបោះ​បង់ការសិក្សានៅកម្រឹតមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតីយភូមិនៅមានកម្រិត​ខ្ពស់​គឺបណ្ដាល​មកពីស្ថានភាពគ្រូសារ របស់ពួកគេមានកម្រិតទាប​ហើយម្យ៉ាងទៀតពួក​គេស្ថិតក្នុង​វ័យអាចធ្វើការរកប្រាក់សម្រាប់ជួយផ្គត់ផ្គង់គ្រូសារបាន។ តែទោះបីជាយ៉ាងណាមន្ទីរ​អប់រំបាន​សហការណ៏ ជាមួយដៃគូអង្គការក្រៅរដ្ឋាភិបាលនានាធ្វើការផ្សព្វផ្សាយនិងជម្រុញអោយពួក​គេបន្តសិក្សាឲ្យបានខ្ពស់ហើយនៅឆ្នាំ២០១៦នេះមន្ទីរអប់រំរំពឹងថា អាត្រាបោះបង់់កាសិក្សា​នៅ​មធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតីយភូមិនិងធ្លាក់មកនៅ១៣ភាគរយជាក់ជាពុំខាន។
លោក ទ្រី ឆាយ នាយកវិទ្យាល័យជា ស៊ីម តាកែវ បានថ្លែងឲ្យដឹងថា អាត្រាបោះបង់​ការសិក្សា​របស់សិស្សនៅវិទ្យាល័យជា ស៊ីម តាកែវនៅក្នុងឆ្នាំ២០១៦នេះមាន​ការធ្លាក់ចុះខ្លាំង​បើ​ប្រៀប​ធៀបទៅនិងឆ្នាំ២០១៥កន្លងមក។ ហើយបើតាមការស្រាវជ្រាវភាគច្រើននៃ​សិស្សដែលបោះ​បង់ចោលការសិក្សាគឺបណ្ដាលមកពីកត្តាជីវភាពដែលបង្ខំអោយសិស្សទាំងអស់នោះទៅធ្វើការនៅ
តាមបណ្ដាលរោងចក្រមួយចំនួនដើម្បីយកប្រាក់មកជួយក្រុមគ្រូសារខ្លួន៕


No comments:

Powered by Blogger.