N9 កំពូល Smartphone Touch 100% តែមួយគត់របស់ Nokia New Mobile
ថ្ងៃនេះក្រុមហ៊ុន Nokia បានបង្ហាញទូរស័ព្ទ Smartphone ដ៏ថ្មីសន្លាងមួយម៉ូដែលទៀតគឺ Nokia N9 ដែលបានអភិវឌ្ឍឡើងប្រកបដោយលក្ខណៈពិសេសជាច្រើន ហើយអ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺការច្នៃម៉ូដប្រកបដោយភាព ទាក់ទាញ និងស្រស់ស្អាតគួរជាទីចាប់អារម្មណ៍បំផុត។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់ម៉ូលដែលមួយនេះ។
ឯកទេសលើមុខងារ Touchscreen
គ្រាន់យកម្រាមដៃអូសលើអេក្រង់តែបន្តិចនឹងមកដល់អេក្រង់ដើមវិញ បានយ៉ាងងាយ។ Nokia N9 ទទួលបានការរចនាម៉ូដថ្មី ដោយប្រើកាយវិការអូសលើអេក្រង់ជំនួសឱ្យការចុចលើ Home Key ព្រោះNokia N9 គ្មានHome Key ឬBack Key ទេ គឺTouch 100%។ នៅពេលកំពុងប្រើប្រាស់កម្មវិធីអ្វីមួយ អ្នកប្រើប្រាស់គ្រាន់តែយកម្រាមដៃដាក់លើអេក្រង់រួចទាញចេញពី ជ្រុងម្ខាងទៅជ្រុងម្ខាងទៀតតែបន្តិច នឹងត្រឡប់មកអេក្រង់ដើមវិញភ្លាម។
ផ្ទៃអេក្រង់ដើម(Home)របស់ Smartphone មួយនេះមានបីផ្ទាំង ផ្ដល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ចូលទៅក្នុងកម្មវិធីដែលត្រូវការជា ទីបំផុតដូចជាកម្មវិធី (Apps) បណ្ដាញសង្គម និងការចេញពីកម្មវិធីមួយចូលទៅកម្មវិធីមួយទៀត។
កាន់តែពិសេសទៅទៀតនោះ ទូរស័ព្ទម៉ូដែលថ្មីនេះត្រូវបានរចនាម៉ូដប្រកបដោយភាពទាក់ទាញ និងមានគុណភាពបំផុត។ ស្រោមរបស់វា ធ្វើអំពីវត្ថុធាតុប៉ូលីកាបូណាត និងកញ្ចក់រាងកោងដ៏រលើបរលោងបំផុត។
Nokia N9 ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាជាច្រើន ដូចជាម៉ាស៊ីនថត សេវាកម្មណែនាំបង្ហាញផ្លូវធ្វើដំណើរ (GPS) និងឧបករណ៍បំពងសំឡេងដែលអាចផ្ដល់សំឡេងបំផុតថ្មីបំផុត។
លោក ម៉ាកូ អាទិសារី (Marko Ahtisaari) នាយកគ្រប់គ្រងកិច្ចការរចនាម៉ូដរបស់ Nokia បានលើកឡើងថា “យើងមានបំណងរចនាម៉ូដ Smartphone មួយបែបថ្មីដើម្បីកាន់តែស្រួលប្រើប្រាស់ជាងមុន។ យើងបានច្នៃប្រឌិតការរចនាម៉ូដដោយបានសំយោគបញ្ចូលគ្នារវាង កម្មវិធី (Software) និងគ្រឿងទូរស័ព្ទទាំងមូល (Hardware)។ យើងបានបង្កើត Home Key ឡើងវិញបែបថ្មីគឺដោយគ្រាន់តែប្រើកាយវិការម្រាមដៃអូសលើ អេក្រង់ប៉ុណ្ណោះ (Home Key Touch)។ កត្តាសំខាន់បំផុតដែលធ្វើឱ្យ Nokia N9 លេចធ្លោលើសពីគេនោះគឺ ការរចនាម៉ូដថ្មី ការបញ្ជាដោយអូសចុងម្រាមលើអេក្រង់សុទ្ធសាធ និងប្រព័ន្ធ Qt ដែលងាយស្រួលសម្រាប់ក្រុមអ្នកផលិតកម្មវិធី។ ទន្ទឹមនឹងនេះការកែច្នៃឱ្យកាន់តែមានភាពល្អដាច់គេនិងនៅតែមាន ដំណើរការជាបន្តបន្ទាប់ទៀត”។
Touch មួយរយភាគរយមានគុណប្រយោជន៍ច្រើន
រចនាឡើងដោយគ្មាន Home Key, Nokia N9 មានផ្ទៃអេក្រង់ធំសម្រាប់ដាក់តាំងកម្មវិធីផ្សេងៗ។ ផ្ទៃអេក្រង់ដ៏រលើបរលោងរបស់ Smartphoneនេះមានទំហំធំគឺដល់ទៅ ៣.៩ អ៊ីញ ធ្វើពីកញ្ចក់ AMOLED មានរាងកោង និងធន់នឹងភាពកោសឆ្កូត។ ម៉្យាងទៀត ដោយហេតុថា ម៉ូដែលនេះធ្វើពីវត្ថុធាតុប៉ូលីកាបូណាត ដូច្នេះ វាចាប់សេវាបានខ្លាំង ទទួលសំឡេងបានច្បាស់ និងកាត់បន្ថយភាពរអាក់រអួលក្នុងការសន្ទនាតាមទូរស័ព្ទស្ទើរតែមួយ រយភាគរយ។
រូបភាពផែនទី និង Multimedia
មានកត្តាជាច្រើនដែលធ្វើឱ្យ Nokia N9 ជាSmartphone មួយប្រកបដោយកាមេរ៉ាមានសមត្ថភាពខ្ពស់មិនធ្លាប់មានពីមុនមក។ ម៉ាស៊ីនថតមានទំហំ ៨មេហ្កាភិកសែល មានកញ្ចក់ប្រភេទ Carl Zeiss អាចថតវីដេអូច្បាស់កម្រិត HD (កម្រិតគុណភាពខ្ពស់) និងអាចកែតម្រូវរូបភាពច្បាស់ដោយស្វ័យប្រវត្តិនៅពេលថត (autofocus sensor) ទោះជាស្ថិតក្នុងលក្ខខណ្ឌពន្លឺតិចយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់អាចមើលវីដេអូខ្នាត16:9 បានផងដែរ ។ ម៉្យាងវិញទៀត Nokia N9 គឺជាSmartphone ដំបូងបង្អស់ដែលមានបច្ចេកវិទ្យា Dolby Digital Plus និង Dolby Headphone ដែលផ្ដល់នូវបទពិសោធន៍ Surround Sound ទោះជាប្រើកាសត្រចៀកស្ដាប់ក៏ដោយ។
Nokia N9 មានផែនទី (OVI Map) និងសេវាណែនាំផ្លូវធ្វើដំណើរជូនអ្នកបើកបរផង និងអ្នកថ្មើរជើងផង។ ដោយហេតុថា វាមាន Drive App សម្រាប់ការបើកបរដាច់ដោយឡែក អ្នកប្រើប្រាស់ពេលចូលទៅក្នុងឡានអាចប្រើប្រាស់ផ្ទាល់តែម្ដងដោយ មិនចាំបាច់ភ្ជាប់អ៊ិនធឺណិតទេ។
Touch រឹងរឹតតែប្រសើរ
ដោយមានដាក់បញ្ចូលនូវបច្ចេកវិទ្យាគ្មានខ្សែថ្មីបំផុតគឺ បច្ចេកវិទ្យា Near Field Communication (NFC) អ្នកប្រើប្រាស់អាចបញ្ជូនរូបភាពវីដេអូ ឬរូបថតពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតបានយ៉ាងងាយ។ គួបផ្សំជាមួយគ្រឿងបន្ថែមប៊្លូធូស (Bluetooth Accessories) ដូចជា Speaker គ្មានខ្សែ Nokia Play 360° ប្រតិបត្តិការក្នុងប្រព័ន្ធ NFC នោះអ្នកប្រើប្រាស់នឹងទទួលបានគុណភាព Surround Sound ដ៏សែនពិរោះរងំ។
ពណ៌ និងអង្គចងចាំ
Nokia N9 មានបីពណ៌គឺខ្មៅ ផ្កាឈូក និងផ្ទៃមេឃ មានសមត្ថភាពផ្ទុកទិន្នន័យបានធំរហូតដល់ទៅ១៦GB និង៦៤GB ត្រៀមនឹងចេញលក់នៅលើទីផ្សារក្នុងឆ្នាំនេះ។
ប្រភពព័ត៌មានចេញពីបុគ្គលិកNokia World បានប្រាប់ឲ្យដឹងថា”Anna Smartphone N9 នេះថ្លៃប្រហែលជាង ៧០០ដុល្លារ…តែអត់ទាន់ច្បាស់នៅឡើយទេ”។
ដកស្រងចេញពី www.news.sabay.com.kh
No comments: