ក្រុមអាជីវករផ្សារណាត់ជាង៨០ភាគរយ មិនពេញចិត្តនឹងលោកស្រីម្ចាស់ភាស៊ីផ្សារណាត់ក្រុងដូនកែវ ហ៊ានប្រើសម្ដីអសុរោះលើក្រុមអាជីវករ ព្រោះអាងឪពុកជាប្រធានក្រុមប្រឹក្សាក្រុងដូនកែវបច្ចុប្បន្ន?
តាកែវ៖ ម្ចាស់ភាស៊ីផ្សារណាត់ក្រុងដូនកែវ ឈ្មោះ ស្រីមុំ ត្រូវបានក្រុមអាជីវករដាក់រហស្សនាមថា «កំពូលអ្នកទារភាស៊ីគ្មានពីរលើលោក» បន្ទាប់ពីក្រុមអាជីវករជាង៨០ភាគរយលក់ដូរនៅផ្សារណាត់ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ បានសំម្តែងការមិនពេញចិត្ត សោកស្តាយ និងហួសចិត្ត ចំពោះម្ចាស់ភាស៊ីរូបនេះ ដែលត្រូវជាកូនរបស់លោក ឈុន ស្រ៊ ប្រធានក្រុមប្រឹក្សាក្រុងដូនកែវ ដែលប្រើពាក្យសំដីថា «អ្ងែងម៉េច មិននាំគ្នាឡើងទៅប្តឹងនៅសាលាក្រុង ចាំមើលសាលាក្រុងគេធើ អាមច៍អីអញ!។ ឪអញនៅក្រុង… អ្ងែង កុំចង់ខ្លាំងជាមួយអញ បើអ្ងែងចង់ខ្លាំងជាមួយអញ សូម្បីតែក្រុងក៏ធើអីអញមិនកើតផង! ចង់ទៅប្តឹង ប្តឹងទៅ ធើអាចម៍អីអញកើត…!»។
ក្រុមអាជីវករមួយចំនួនបានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មិនអាចទទួលយកបានទេ នូវពាក្យសំដី ខ្លឹមសារ និងភាសារ ខាងលើនេះ ដែលមានចេតនាប្រមាថ ម៉ាក់ងាយ មើលថោក ដល់ក្រុមអាជីវករដែលកំពុងលក់ដូរក្នុងផ្សារខាងលើមួយនេះ។
អាជីវករលក់គ្រឿងសមុទ្រ(២គ្រែ)ម្នាក់ដែលទើបត្រឡប់មកពីសាលាក្រុងដូនកែវ ឈ្មោះ ធន់ សូនី បានផ្តល់បទសំភាសន៍ជាមួយអ្នកយកព័ត៌មាន Swift News នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែមិថុនានេះថា ភាសាអសុរោះទាំងអស់ នេះ កើតចេញពីពេលដែលលោកស្រីមុំ ម្ចាស់ភាស៊ីផ្សារណាត់នេះ ដើរទារភាស៊ីនៅគ្រែរបស់គាត់ ដោយមិនចាំថ្ងៃខែ គាត់បានទារភាស៊ីឡើងថ្លៃ ពោលធ្លាប់បង់១គ្រែតែ៥រយរៀល គ្រែ២ ១ពាន់រៀល តែគាត់ទារខ្ញុំ២កន្លែងគ្រែនេះ២ពាន់រៀល តែពេលហ្នឹងយើងបានតវ៉ាគ្នាចប់ដោយឲ្យបង់តែ១ពាន់រៀងទេ សម្រាប់២កន្លែងនេះ។
អ្នកស្រីបានបន្តថា គិតមកត្រឹមខែមិថុនានេះ ចាប់ផ្តើមទារភាស៊ីដោយបង់២កន្លែងនេះ២ពាន់រៀលទៀត ពេលហ្នឹងហើយដែលគាត់បានប្រើភាសាមិនសមរម្យថា «អ្ងែងម៉េច មិននាំគ្នាឡើងទៅប្តឹងនៅសាលាក្រុង? ចាំមើលសាលាក្រុង គេធើអាមច៍អីអញ! ឪអញនៅក្រុង!»។ អាជីវកររូបនេះ បានបញ្ជាក់ថា បន្ទាប់មកខ្លួនក៏បានឡើងទៅសាលាក្រុង តែខាងសាលាក្រុងគេមិនដោះស្រាយឲ្យទេ!។
អ្នកស្រី ធន់ សូនី បានបន្ថែមទៀតថា ម្ចាស់ភាស៊ីផ្សារណាត់មុខស្រស់នេះ ទាស់ទែងជាមួយអាជីវករ ហើយអាជីវករប្រហែ ពី៨០ ទៅ៩០ភាគរយ គឺមិនពេញចិត្តនោះទេ ហើយមួយថ្ងៃៗ យកថ្លៃភាស៊ីគ្មានយល់អ្នកណាសោះ សូម្បីតែក្មេង យាយចាស់ជរាលក់ខ្វិត ពី៤ទៅ៥ផ្លែក៏គាត់ទារភាស៊ីដែរ។
«មិនតែប៉ុណ្ណោះគ្រែ២ ដែលខ្ញុំលក់រាល់ថ្ងៃហ្នឹង ថ្ងៃលក់ក៏យកលុយថ្លៃភាស៊ី២ពាន់ មិនលក់ក៏យកលុយដែរ ហើយថ្ងៃមួយខ្ញុំឲ្យក្មេងលក់ប្រលិតលើគ្រែរបស់ខ្ញុំ ក៏យកភាស៊ីពីគ្នាដែរ។ និយាយទៅ កំពូលអ្នកទារភាស៊ីគ្មានពីរលើលោក។ ដូច្នោះខ្ញុំសំណូមពរដល់អាជ្ញាធរក្រុង សូមផ្លាស់ប្តូរមេភាស៊ីផ្សារណាត់សំដីអាក្រក់នេះចេញ ទុកមិនកើតទេ ទុកនាំតែរករឿងឈ្លោះគេឯងគ្មានលុះថ្ងៃ!»។
តំណាងក្រុមអាជីវករមួយរូបទៀតឈ្មោះ កញ្ញា ដែលកំពុងលក់ដូរនៅផ្សារណាត់នេះ ក៏មិនពេញចិត្តនឹងសំដីអសុរោះ ក៏ដូចជាការមើលងាយ ពីសំណាក់លោកស្រីមុំម្ចាស់ភាស៊ីផ្សារណាត់ បានថ្លែងប្រាប់អ្នកយកព័ត៌មានឲ្យ ដឹង ខ្លួនហួសចិត្តយ៉ាងខ្លាំងចំពោះម្ចាស់ភាស៊ីផ្សាររូបនេះ ទាំងសំដីអសុរោះ ចរិតមិនសមរម្យ ហើយគ្រាន់តែរឿងយកសម្រាមទៅចាក់ចោល ក៏គាត់ប្រើភាសាមិនគប្បីដែរ។ «គាត់ (លោកស្រីមុំ) មកប្រាប់ខ្ញុំថា ឲ្យយកសម្រាមនេះចាក់! ហើយខ្ញុំប្រាប់គាត់វិញថា ខ្ញុំយកចាក់បង ប៉ុន្តែខ្ញុំថាចាំតិច ចាំខ្ញុំលក់សិន លក់ហើយខ្ញុំនឹងប្រមូលសម្រាម ហ្នឹងយកទៅចាក់»។ ប៉ុន្តែម្ចាស់ភាស៊ីនេះបែរជានិយាយទាំងសំដីអសរោះថា «ហ៊ឹស! គ្រាន់តែប្រាប់ប៉ុណ្ណោះសោះ តមាត់ឲ្យបប៉ះ កន្តួយ ម៉ាអាអាចម៍លុយ១ពាន់សោះ កន្តូយអាចម៍ លុយ១ពាន់ចុយម្រ៉ាយអី»។
«គាត់ជេរម៉ែខ្ញុំ ហើយខ្ញុំក៏តគាត់វិញថា បងម៉េចបានជាជេរម៉ែខ្ញុំ បងឯងចាស់ ជេរម៉ែខ្ញុំចឹងអត់សមទេ ហើយគប់លុយ១ពាន់ដោយពោល សំដីអាក្រក់ថា «នេះកន្តួយម៉ាអាលុយ១ពាន់ហ្នឹង អាលុយ១ពាន់ហ្នឹង វាអស្ចារ្យអី រួចហើយក៏ជេរម៉ែខ្ញុំ ខ្ញុំថាចឹងខ្ញុំជេរម៉ែបងឯងវិញ!។ បងឯងជាមនុស្សចាស់ ហើយក៏ជេរគ្នាទៅមក រួចហើយម្ចាស់ភាស៊ី នេះក៏ស្ទុះរកមកវៃខ្ញុំ រួចថា អ្ងែងកុំចង់ខ្លាំងជាមួយអញ បើអ្ងែងចង់ខ្លាំងជាមួយអញ… សូម្បីតែក្រុងក៏ធើអីអញមិនកើតផង ចង់ទៅប្តឹង ប្តឹងទៅ ធើអាចម៍អីអញកើត!»។
អាជីវកររូបនេះបន្តទៀតថាម្ចាស់ភាស៊ីផ្សារនេះ មើលងាយ នឹងដើរតែឈ្លោះជាមួយគេឯងគ្រប់គ្នា ឈ្លោះជាមួយក្រុមអាជីវកររាល់ថ្ងៃហ្មង! អស់ពីឈ្លោះជាមួយខ្ញុំ ទៅឈ្លោះជាមួយអ្នកផ្សេង។ «ខ្ញុំលក់នៅទីនេះយូរដែរហើយ ឃើញតែអ្នកទារភាស៊ីមុនៗគេល្អ ជួនកាលក្មេងលក់ស្លឹកអំពិលក៏អ្នកមុនមិនយកថ្លៃភាស៊ីដែរ តែបើអ្នកក្រោយនេះវិញយកមិនរើសមុខ សូម្បីតែក្មេងលក់ក្តិតអំពិល ស្លឹកអំពិល ព្រលិត ត្រកួនក៏យកពីគ្នាដែរ»។
ចុងក្រោយអាជីវករឈ្មោះ កញ្ញា រូបនេះក៏សំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយដោះស្រាយរឿងនេះផង ឬអាចសុំផ្លាស់ប្ដូរមេភាស៊ីផ្សារណាត់ចេញតែម្ដង ព្រោះទុកនៅបន្តទៀតមានតែធ្វើបាបពលរដ្ឋថែមទៀតទេ!។ បើតាមប្រភពមួយទៀត បានឲ្យដឹងដែរថា ម្ចាស់ភាស៊ីផ្សារណាត់រូបនេះ តែងតែដើរនិយាយថា ភាស៊ីផ្សារណាត់នេះ គ្មានអ្នកណាមានសិទ្ធិយកបន្តបានឡើយ ព្រោះលោកស្រីមានខ្សែធំណាស់នៅក្នុងក្រុងដូនកែវ គឺមានឪពុកឈ្មោះ ឈុន ស្រ៊ ជាប្រធានក្រុមប្រឹក្សាក្រុងដូនកែវ ជាអ្នកចាត់ចែងយកភាស៊ីនេះ។
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហោ បុណ្ណវឌ្ឍន៍ ក៏ទទួលស្គាល់ដែរថា ផ្សារណាត់នេះ គឺមិនដែលដេញថ្លៃតាមច្បាប់ត្រឹមត្រូវនោះទេ ពោល គឺមិនដែលបានលុយពីការដេញថ្លៃភាស៊ីផ្សារណាត់ ចូលជាទ្រព្យសម្បត្តិរដ្ឋឡើយ គឺដេញតែបុគ្គលិក និងបុគ្គលិកតែប៉ុណ្ណោះ។ ប៉ុន្តែខាងក្រុងដូនកែវ ជាអ្នកគ្រប់គ្រង់ផ្ទាល់លើភាស៊ីផ្សារនេះ បើមិនដេញថ្លៃ គឺខុសច្បាប់ ហើយអ្នកយកភាស៊ីផ្សារនេះក៏ខុសច្បាប់ដែរ»។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះអ្នកយកព័ត៌មានប្រចាំខេត្តតាកែវរបស់ Swift News បានព្យាយាមទំនាក់ទំនងទៅលោកស្រីមុំ ដែលជាម្ចាស់ភាស៊ីផ្សារណាត់នេះ ដើម្បីបញ្ជាក់ និងបកស្រាយចំពោះការចោទប្រកាន់ខាងលើ តែមិនអាចភ្ជាប់ទំនាក់ទំនងបាន។ សារព័ត៌មាន Swift News នឹងព្យាយាមភ្ជាប់ទំនាក់ទំនងទៅលោកស្រី មុំ ម្ចាស់ភាស៊ីផ្សារណាត់ខាងលើនេះ ហើយនឹងចុះផ្សាយការបំភ្លឺនោះក្នុងអត្ថបទលើកក្រោយ៕ SwiftNews
No comments: